(ប៉ារីស)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានថ្លែងព្រះរាជសុន្ទរកថា ក្នុងឱកាសនៃសន្និសីទអន្តររដ្ឋាភិបាល លើកទី៤ ស្តីពីអង្គរយូណេស្កូ យ៉ាងដូច្នេះថា «ប្រាសាទអង្គរវត្ត និងតំបន់អង្គរទាំងមូល គឺជាទីដែលប្រជាជនកម្ពុជាប្រមូលផ្តុំគ្នា ប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់បំផុតរបស់ជាតិ»

គួរជម្រាបថា សន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីអង្គរយូណេស្កូនេះ ធ្វើឡើងក្នុងឱកាសខួបលើកទី៣០ នៃគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលថា តើមានកន្លែងណាដែលល្អជាងវេទិកាយូណេស្កូដ៏រុងរឿងនេះ ដែលយើងអាចប្រារព្ធខួបលើកទី៣០ នៃគណៈកម្មាធិការសម្របសម្រួលអង្គរអន្តរជាតិបាន?

ប្រាសាទអង្គរ គឺជាទីដែលប្រជាជនកម្ពុជាប្រមូលផ្តុំគ្នា ដើម្បីប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់បំផុតនៃជីវិត និងប្រទេសជាតិរបស់ពួកគេ។ ប្រាសាទអង្គរមិនត្រឹមតែ ជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានកិត្យានុភាពប៉ុណ្ណោះទេ តែគឺជាមរតករបស់ប្រជាជនកម្ពុជាដែលជាអ្នកស្នងស្របច្បាប់ និងជាដួងព្រលឹងនៃប្រទេសកម្ពុជា៕