(ប៉ារីស-បារាំង)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងខួបលើកទី៣០ នៃគណៈកម្មាធិការអន្ដរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក ក្នុងឱកាសនៃសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្ដីពីអង្គរ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានមានព្រះរាជបន្ទូលថា មកដល់ពេលនេះ ប្រទេសជាង៣០ បានចូលរួមចំណែកក្នុងការការពារបេតិកភណ្ឌដ៏មហិមារបស់កម្ពុជា ក្នុងលក្ខខណ្ឌដ៏ល្អប្រសើរបំផុត។

បើតាមព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រ, អស់រយៈពេល៣០ឆ្នាំហើយ មិត្តភក្តិបារាំង និងជប៉ុន បាននិងកំពុងសហការជាមួយអង្គការយូណេស្កូ ផ្តល់នូវគំរូ នៃការអនុវត្តកិច្ចសហប្រតិបត្តិការពហុភាគីដ៏អស្ចារ្យ ប្រកបដោយប្រសិទ្ធភាព ដែលទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានជាតិ-អន្ដរជាតិ។ សម្រាប់កម្ពុជាសូមសាទរ ក្នុងទម្រង់បច្ចុប្បន្នចំពោះការបន្តអាណត្តិរបស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ (CIC) សម្រាប់រយៈពេល១០ឆ្នាំបន្តទៀត។

ព្រះអង្គបានមានព្រះរាជបន្ទូលយ៉ាងដូច្នេះថា «អស់រយៈពេល៣០ឆ្នាំហើយ មិត្តភក្តិបារាំង និងជប៉ុនរបស់យើង បាននិងកំពុងសហការជាមួយអង្គការយូណេស្កូ ផ្តល់នូវគំរូ នៃការអនុវត្តកិច្ចសហប្រតិបត្តិការ ពហុភាគីដ៏អស្ចារ្យ ប្រកបដោយប្រសិទ្ធភាព ដែលទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានជាតិ-អន្ដរជាតិ។ មកទល់នឹងពេលបច្ចុប្បន្ននេះ ប្រទេសជាង៣០ បានចូលរួមចំណែកក្រោមទម្រង់ផ្សេងៗគ្នា ក្នុងការការពារបេតិកភណ្ឌដ៏មហិមារបស់យើង ក្នុងលក្ខខណ្ឌដ៏ល្អប្រសើរបំផុត។ យើងសូមសាទរ ក្នុងទម្រង់បច្ចុប្បន្នចំពោះការបន្តអាណត្តិ របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ (CIC) សម្រាប់រយៈពេល១០ឆ្នាំបន្តទៀត»

ព្រះមហាក្សត្រ ក៏បានមានរាជអង្កាបន្ដថា បន្ទាប់ពីទទួលបានលទ្ធផលជាទីគាប់ប្រសើរ នៃស្នាដៃអភិវឌ្ឍឡើងវិញដែលប្រទេសបារាំង និងជប៉ុន បានចាប់ផ្តើមនៅឆ្នាំ១៩៩៣ ជាពិសេស ក្នុងវិស័យបុរាណវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ស្របតាមគោលបំណងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន គឺផ្ដោតលើការកំណត់គោលនយោបាយមួយពោរពេញដោយមហិច្ឆតា ក្នុងការអភិវឌ្ឍប្រកប ដោយចីរភាពនូវរមណីយដ្ឋានអង្គរ ប្រាសាទព្រះវិហា សំបូរព្រៃគុក នឹងកោះកេរ។ គោលនយោបាយអភិវឌ្ឍប្រកបដោយចីរភាពនេះ ត្រូវតែរួមបញ្ចូលនូវផែនការ ច្បាស់លាស់ និងហ្មត់ចត់នៃការគ្រប់គ្រងអេកូឡូស៊ីប្រកបដោយបរិយាបន្ន ។

ម្យ៉ាងវិញទៀត សម្រាប់កម្ពុជា មានការពេញចិត្តជាខ្លាំងចំពោះវឌ្ឍនភាព នៃគណៈកម្មាធិការ CIC ទៅកាន់ប្រទេសជាតិផ្សេងទៀតកាន់តែច្រើន ដែលរំលេចពីសាមគ្គីភាពអន្តរជាតិដែលយើង
ចង់ឃើញមានការរីកសាយកាន់តែខ្លាំងនៅក្នុងពិភពលោក ដែលការបែកបាក់កើតមានច្រើនញឹកញាប់ជាងការរួបរួមគ្នា។ នេះបើតាមព្រះរាជបន្ទូលរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី។

ដោយឡែក ទាក់ទងនឹងវិសាលភាព នៃការងារអភិរក្ស និងជួសជុលដ៏អស្ចារ្យជាច្រើនឆ្នាំដែលបានអនុវត្តជាមួយប្រទេសបារាំង និងជប៉ុន ព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសម្តែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅ ជាពិសេស ចំពោះសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ សាធា រណរដ្ឋឥណ្ឌា សាធារណរដ្ឋអ៊ីតាលី និងការផ្ដល់មូលនិធិសប្បុរសរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

ព្រះអង្គបន្ដថា គុណភាពដ៏ធំធេងនៃដៃគូទាំងនេះ និងការធ្វើការងារជាមួយធនធានមនុស្ស វ័យក្មេងពោរពេញដោយទេពកោសល្យ បង្កើតឲ្យមានស្មារតីប្រកួតប្រជែងដ៏ល្អឥតខ្ចោះ។ សាមគ្គីភាពអន្តរជាតិ គឺជាតថភាពជាក់ស្ដែងនៅអង្គរ។ សាមគ្គីភាពនេះត្រូវតែការពារ ពង្រីក និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ៕