(ប៉ារីស)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានមានព្រះបន្ទូលថា កាលពី ៣២ឆ្នាំមុន ចាប់តាំងពីពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ឆ្នាំ១៩៩១ ព្រះបិតា ព្រះករុណា ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានអំពាវនាវឱ្យអង្គការយូណេស្កូចូលរួមអភិរក្សប្រាសាទអង្គរ។

ព្រះអង្គមានព្រះបន្ទូលបែបនេះ​ ពេលយាងថ្លែងព្រះរាជសុន្ទរកថា ក្នុងខួបលើកទី៣០ នៃគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ក្នុងឱកាសនៃសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីអង្គរយូណេស្កូ នៅទីក្រុងប៉ារីស ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ព្រះមហាក្សត្រ បានមានព្រះបន្ទូលយ៉ាងដូច្នេះថា «យើងអាចប្រសិទ្ធនាមកិច្ចប្រជុំរបស់យើង "សាមសិបឆ្នាំ ឬវ័យនៃភាពចាស់ទុំយ៉ាងពេញលេញ"។ កាលពី៣២ឆ្នាំមុន ចាប់តាំងពីពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ឆ្នាំ១៩៩១ ព្រះបិតា ព្រះករុណា ព្រះនរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ" ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃខ្ញុំ ទ្រង់បានអំពាវនាវឱ្យអង្គការយូណេស្កូ ចូលរួមអភិរក្សប្រាសាទអង្គរ។ បន្ទាប់ពីឡើងគ្រងរាជ្យជាលើកទី២ នៅឆ្នាំ១៩៩៣ ព្រះបិតារបស់ខ្ញុំមានបំណងចង់ដាក់បញ្ចូលរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌមនុស្សជាតិ»

យោងតាមព្រះបន្ទូលរបស់ព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងឥតងាករេ ដល់អង្គការយូណេស្កូ គណៈកម្មាធិការ CIC និងសាលា បារាំងចុងបូព៌ា រហូតដល់ទ្រង់សោយទិវង្គត។ បន្ទាប់មកកម្ពុជាបានស្នើសុំដាក់បញ្ចូលប្រាសាទព្រះវិហារ សំបូរព្រៃគុក និងកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌមនុស្សជាតិ បន្ទាប់ពីរមណីយដ្ឋានអង្គរ។

ព្រះអង្គមានព្រះបន្ទូល បន្តថា ក្នុងអំឡុងពេល នៃការប្រារព្ធខួបលើកទី៧៥ នៃអង្គការយូណេស្កូ យើងបានរំឭកជូនវេទិកានេះថា «ស្នាដៃសិល្បៈខ្មែរទាំងនេះ គឺជាឫសគល់របស់យើង ហើយការដឹងគុណរបស់យើង គឺពុំមានព្រំដែនឡើយ ចំពោះអង្គការយូណេស្កូដែលធ្វើសកម្មភាពនៅកម្ពុជា ជាមួយសមត្ថភាពរបស់ខ្លួនប្រកបដោយឧត្តមភាព»៕