(កណ្ដាល)៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងក្រោមការសម្របសម្រួលនីតិវិធីពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល

កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយឧត្តមសេនីយ៍ត្រី លី សុជាតិ ជាស្នងការរង បានសហការជាមួយ ក.ប.ប ខេត្តកណ្ដាល ដឹកនាំដោយលោក តូច ចៅកុយ នៅថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២៣ បានស្ទាក់ចាប់បានឡាន១គ្រឿង ដឹកបង្គាចំនួន២២៤កេស ស្មើនឹង ២,១៣០គីឡូក្រាម។

ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានណែនាំមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខិតខំបន្តស្រាវជ្រាវ និងបង្ក្រាបដោយសហការជាមួយមន្រ្តីជំនាញ ក.ប.ប នូវរាល់ទំនិញដែលនាំចូលធ្វើឲ្យប៉ះពាល់ដល់ដល់ សុខភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់ ឲ្យដូចភ្លៀងរលឹម ពោលគឺទប់ស្កាត់ឲ្យខានតែបាននូវរាល់បទល្មើសនានាសំដៅអនុវត្តន៍នូវភារកិច្ចនេះបានល្អដើម្បីសុខភាពប្រជាជនយើង។

លោក តូច ចៅកុយ ប្រធានសាខាក.ប.ប ខេត្តកណ្ដាល បានថ្លែងថា បន្ទាប់ពីបានពិនិត្យ និងធ្វើពិសោធន៍ភ្លាមៗ ជាលទ្ធផលឃើញថា បង្គានេះ ពិតជាមានសារធាតុគីមីហ្វូម៉ាលីនពិតប្រាកដមែន និងមានចាហួយផងដែរ ដែលបង្ករប៉ះពាល់សុខភាពណាស់។ បង្គាទាំងអស់នឹងយកទៅកម្ទេចចោល ហើយម្ចាស់បង្គានឹងរងពិន័យអន្តរកាលទៅតាមច្បាប់ និងធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរផងដែរ។

ជាមួយគ្នានេះ លោក ផាត់ សុជា អះអាងថា លោកគ្រាន់តែស៊ីឈ្នួលពីគេដឹកយកមកទម្លាក់នៅតាមផ្សារនានាដូចជាផ្សារព្រែកទទឹង ផ្សារត្រឡោកបែក និងផ្សារដើមគរជាដើម ហើយ៣ទៅ ៤ជើងក្នុង ១ខែ តែមិនដឹងថាម្ចាស់ឈ្មោះ អ្វីនោះទេ។ បង្គាទាំងនេះដឹកមកពីវៀតណាម ឆ្លងតាមច្រកព្រែកចាក ខេត្តកំពត ហើយដឹកមកដល់ចំណុចភូមិព្រែកទទឹង ឃុំព្រែកទទឹង ស្រុកកណ្ដាលស្ទឹង ផ្លូវលេខ៣ ក៏ត្រូវជំនាញឃាត់តែម្ដង៕