(ភ្នំពេញ)៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានថ្លែងថា បើមន្ត្រីជំនាញកាប់លះមែកឈើដួល​ ឬធ្លាក់សង្កត់មកលើទ្រព្យសម្បត្តិ ឬយានយន្តរបស់ពលរដ្ឋ នោះមន្ទីរជាអ្នកទទួលខុសត្រូវ លើការខូចខាត ប៉ុន្តែបើខ្យល់ព្យុះ ឬគ្រោះធម្មជាតិផ្សេងៗ បណ្តាលឲ្យដើមឈើរលំសង្កត់លើយានយន្តនោះ វាជាប្រធានស័ក មិនមែនជាការទទួលខុសត្រូវរបស់មន្ទីរសាធារណការនោះទេ។

នេះជាការឆ្លើយតបរបស់មន្ត្រីជំនាញទៅនឹងសំណួរប្រជាពលរដ្ឋ ដែលបានលើកឡើង នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងខណ្ឌ៧មករា នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ធ្វើឡើងនៅស្តាតអូឡាំពិក។

លោក សាំ ពិសិដ្ឋ បានលើកឡើងថា ការស្ថាបនា ដាក់លូ ជាការងារជំនាញរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ដាច់ខាតសង្កាត់ត្រូវទាក់ទងមកជំនាញ ដើម្បីជីកដាក់លូ ទើបវាមិនប៉ះពាល់ដល់ដើមឈើនៅតាមដងផ្លូវ។ ការសុំដាក់របាំងពុះចែកទ្រូងផ្លូវ ខាងមន្ទីរនឹងដាក់ជំនាញចុះសិក្សា ដើម្បីដាក់ជូនទៅតាមសំណើ។

លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងថា យោងតាមច្បាប់ ក្រុមប្រឹក្សារាជធានី ត្រូវរៀបចំឲ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមខណ្ឌនានា ក្នុងរាជធានីភ្នំពេញក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំ នីមួយៗ និងក្រុមប្រឹក្សាខណ្ឌ ត្រូវរៀបចំឲ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមសង្កាត់នានាក្នុងខណ្ឌរបស់ខ្លួន ក្នុងអំឡុងខែមិថុនា នៃឆ្នាំនីមួយៗ ដែលជាក់ស្ដែងក្រុមប្រឹក្សាខណ្ឌបាន អនុវត្តរួចហើយក្នុងឆ្នាំ ២០២៣នេះ ស្របតាមច្បាប់កំណត់។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ធ្វើឡើងដើម្បីផ្សព្វផ្សាយពីសមិទ្ធិផលការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ និងផ្ដល់ឱកាសជូនប្រជាពលរដ្ឋបាន លើកឡើងនូវសំណួរ សំណើ និងសំណូមពរ ទាំងផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរដែលជាកង្វល់របស់ប្រជាពលរដ្ឋ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នាពេលនេះបានផ្ដោតលើប្រធានបទ ចំនួន៤ រួមមាន៖

*ទី១៖ ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថភាពសាធារណៈ (ភូមិ សង្កាត់ មានសុវត្ថិភាព)
*ទី២៖ ការងារអភិវឌ្ឍមូលដ្ឋាន (ផ្លូវ ថ្នល់ លូ …)
*ទី៣៖ ការងារបរិស្ថាន (បញ្ហាសំរាម សុខុមាលភាពសង្គម)
*ទី៤៖ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ មានសំណើ និងសំណូមពរ ផ្ទាល់មាត់ចំនួន៣នាក់ និងលាយលក្សអក្សចំនួន១៣ច្បាប់។

ប្រជាពលរដ្ឋលើកដោយផ្ទាល់មាត់ គឺពាក់ព័ន្ធ និងជំនាញសាធារណការ ក្នុងនោះ រួមមាន ការសុំដាក់របាំងពុះចែកទ្រូងផ្លូវនៅសង្កាត់អូឬស្សីទី២ សូមការបំភ្លឺ ពាក់ព័ន្ធ ដើមឈើបាក់ រលំ លើយានយន្ត និងការស្ថាបនាលូជាដើម។ លោកស្រី សូមឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមដាំដើមឈើ ដើម្បីឲ្យរាជធានីភ្នំពេញ មានពណ៌បៃតង សោភណ្ឌភាព និងបរិស្ថានល្អ៕