(សិង្ហបុរី)៖ លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាន​ដឹកនាំគណៈប្រតិភូ និងបេក្ខជនជ័យលាភីទាំង៦រូប នៃកម្មវិធីបញ្ញវន្តឌីជីថល ២០២៣ ទៅទស្សនកិច្ចសិក្សាក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ ដូចជា Google, Amazon Web Services (AWS), StartupX និង Meta ជាដើម នៅប្រទេសសិង្ហបុរី​ និងបានជួបពិភាក្សាការងារជាមួយក្រុមហ៊ុន នីមួយៗដើម្បីជំរុញការធ្វើបរិវត្តិកម្មឌីជីថល ឆ្លើយតបទៅនឹងបរិបទបដិវត្តន៍ឧស្សាហកម្មទី៤។

ដំណើរទស្សនកិច្ចសិក្សានេះ បានចាប់ផ្តើមឡើង ពីថ្ងៃទី១៣-១៦ ខែវិច្ឆិកា ឆ្នាំ២០២៣​ ដោយដំណើរទស្សនៈកិច្ចនេះបានបង្កើនចំណេះដឹងបន្ថែម បំផុសគំនិតច្នៃប្រឌិត សហគ្រិនភាព និងលើកទឹកចិត្តដល់ប្អូនៗជ័យលាភីឱ្យចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល សំដៅកសាងធនធានមនុស្សឌីជីថលនៅថ្ងៃអនាគត។

នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុន Google, AWS, StartupX និង Meta បានចូលរួមអបអរដល់ជ័យលាភីបញ្ញវន្តឌីជីថលទាំង៦រូប និងបានធ្វើបទបង្ហាញអំពីផលិតផល សេវាកម្មនានា និងគន្លឹះសំខាន់ៗនៃភាពជោគជ័យនៃអាជីវកម្មរបស់ខ្លួន ជូនគណៈប្រតិភូក្រសួង និងបេក្ខជនជ័យលាភី។

បន្ថែមពីនេះ ក្រុមហ៊ុនក៏បានធ្វើការផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកចំណេះដឹង ឆ្លើយតបសំណួរយ៉ាងផុសផុល ជូនដល់បេក្ខជនជ័យលាភី និងបានផ្តល់ដំណើរទស្សនកិច្ចរួមគ្នានៅក្នុងការិយាល័យរបស់ក្រុមហ៊ុន ដើម្បីស្វែងយល់អំពីរបៀបរបប និងវប្បធម៌ក្នុងការធ្វើការប្រកបដោយភាពរីករាយ ប្រសិទ្ធភាព និងផលិតភាព។

ក្នុងអំឡុងពេលនោះដែរ គណៈប្រតិភូក្រសួងក៏បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុននីមួយៗ ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការទៅវិញទៅមកលើការលើកកម្ពស់ជំនាញ និងអក្ខរកម្មឌីជីថលនៅកម្ពុជា សំដៅចូលរួមអភិវឌ្ឍមូលធនមនុស្សឌីជីថល ដែលជាអាទិភាពចម្បង ក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ចនិងសង្គមឌីជីថល ជាពិសេសពលរដ្ឋឌីជីថល ដើម្បីជំរុញការធ្វើបរិវត្តិកម្មឌីជីថល ឆ្លើយតបទៅនឹងបរិបទបដិវត្តន៍ឧស្សាហកម្មទី៤ ព្រមទាំងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការរីកចម្រើនយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យាឌីជីថល ទាំងក្នុងប្រទេស តំបន់ និងសកល។

តាមរយៈដំណើរទស្សនៈកិច្ចខាងលើ បានផ្តល់ឱកាសដល់សិស្សានុសិស្សជាជ័យលាភីទាំងអស់ បានរៀនសូត្រ យល់ដឹង និងដកបទពិសោធន៍អំពីបរិយាកាសធ្វើការ ការផ្តល់សេវាកម្ម កម្មវិធីបណ្ដុះបណ្តាល និងបច្ចេកវិទ្យាថ្មីៗរបស់ក្រុមហ៊ុនដែលកំពុងប្រើប្រាស់និងផ្តល់ជូនអតិថិជន និងបានជួបបង្ហាញអំពីចំណាប់អារម្មណ៍ សំណេះសំណាលជាមួយដំណាងក្រុមហ៊ុនដោយផ្ទាល់។ ជ័យលាភូទាំង៦រូបក៏បានធ្វើបទបង្ហាញខ្លីៗអំពីគំនិត និងផលិតផលគំរូរបស់ខ្លួន និងទទួលបានការកោតសរសើរពីតំណាងក្រុមហ៊ុនបច្ចេកវិទ្យានីមួយៗ ក្នុងការគិតឲ្យបានស៊ីជំរៅ និងភាពវ័យឆ្លាតក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការដោះស្រាយបញ្ហា។

សូមជម្រាបជូនផងដែរថា «កម្មវិធីបញ្ញវន្តឌីជីថល(Digital Talent) ២០២៣» គឺជាកម្មវិធីលើកកម្ពស់ការកសាងធនធានមនុស្សឆ្នើមរបស់កម្ពុជាយើង ជាពិសេស ការជំរុញដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យអាចស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនិងដុះខាត់សមត្ថភាព តាមរយៈការចូលរួមប្រកួតប្រជែង និងទទួលបានការហ្វឹកហាត់ពីអ្នកជំនាញ។ ជ័យលាភីនៅក្នុងកម្មវិធីបញ្ញវន្តឌីជីថល (Digital Talent) ទទួលបាន ដូចជា៖
* ជ័យលាភីលេខ ១ ទទួលបានប្រាក់រង្វាន់ចំនួន ១៥លានរៀល ពានរង្វាន់ជ័យលាភី មេដាយជ័យលាភីលេខ ១ និងកុំព្យូទ័រយួរដៃ ១ គ្រឿង។

* ជ័យលាភីលេខ ២ ទទួលបានប្រាក់រង្វាន់ចំនួន ១០លានរៀល មេដាយជ័យលាភីលេខ ២ និងកុំព្យូទ័រយួរដៃ ១ គ្រឿង។

* ជ័យលាភីលេខ ៣ ទទួលបានប្រាក់រង្វាន់ចំនួន ៥លានរៀល មេដាយជ័យលាភីលេខ ៣ និងកុំព្យូទ័រយួរដៃ ១ គ្រឿង។
* បេក្ខជនដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤ ដល់ ៦ ក្នុងម្នាក់ៗទទួលបានប្រាក់លើកទឹកចិត្តចំនួន ៤០ម៉ឺនរៀល និងកុំព្យូទ័រយួរដៃ ១គ្រឿង។

បន្ថែមពីលើរង្វាន់ជាទឹកប្រាក់និងកុំព្យូទ័រយួរដៃ ចំពោះចំណាត់ថ្នាក់លេខ ១ ដល់លេខ ៦ ដែលជាបេក្ខជនជាប់មកដល់វគ្គផ្តាច់ព្រ័ត្រនឹងទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល រួមទាំងដំណើរទស្សនកិច្ចក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗដូចជា Google, Amazon Web Services, Startup X និង Meta ជាដើម នៅប្រទេសសិង្ហបុរី នាពេលនេះ​៕