(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពងចាម នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំបានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី៥ អាណត្តិ៣ ឆ្នាំ២០២៣ នៅបរិវេណមុខវត្តទួលជុំ ស្ថិតក្នុងភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ក្រោមអធិបតីភាពលោក ខ្លូត ផន ប្រធានប្រធានក្រុមប្រឹក្សាខេត្ត និងលោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត តំណាងមន្ទីរអង្គភាពជុំវិញខេត្ត លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

លោក ខ្លូត ផន បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៣នាថ្ងៃនេះ គឺដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតបទៅនឹងសំណើទាំងឡាយរបស់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងសហគមន៍ប្រជាពលរដ្ឋ ប្រមូល ពិភាក្សាអំពីសំណើ និងមតិយោបល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខ ដែលមានការចូលរួមរបស់សមាជិកក្រុមប្រឹក្សា គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សា គណ:អភិបាលក្រុង-ស្រុក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ រួមទាំង
តំណាងសហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដទៃទៀត។

លោក ខ្លូត ផន បានបន្តថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ពិតជាបានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋទទួលបាននូវព័ត៌មាន និងបានស្តាប់នូវ របាយការណ៍បូកសរុបលទ្ធផលការងារ ដែលក្រុមប្រឹក្សា និងគណៈអភិបាលខេត្តសម្រេចបាន ក្នុងឆ្នាំកន្លងទៅ ហើយក៏ជាឱកាសមួយ សម្រាប់ប្រជាពលរដ្ឋលើកឡើងនូវសំណួរ និងសំណូមពរ ដើម្បីក្រុមប្រឹក្សាធ្វើការពិភាក្សា និងឆ្លើយតប។

សូមបញ្ជាក់ថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់បានទទួលសំណូមពរ ពីប្រជាពលរដ្ឋ ចំនួន ១៨ករណី ក្នុងនោះរដ្ឋបាលខេត្តដោះស្រាយបានមួយចំនួន នៅសល់មួយចំនួនទៀតត្រូវបានយកទៅពិភាក្សាដោះស្រាយ នៅពេលក្រោយ តាមប្រភេទរដ្ឋបាលនីមួយៗ៕