(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានតាមស្រាវជ្រាវរហូតឈានដល់ការរំដោះបានជនជាតិចិនម្នាក់ ហើយបង្ក្រាបបានជនជាតិចិនចំនួន២នាក់ទៀត ក្នុងចំណោមបក្ខពួក៣នាក់ ដែលបានចាប់បង្ខាំង និងជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នា ព្រមទាំងដកហូតរថយន្ដ២គ្រឿង ទូរស័ព្ទដៃ និងសម្ភារបម្រើឲ្យការចាប់ជំរិតមួយចំនួនទៀតផងដែរ។

សម្រាប់ជនសង្ស័យ​ នឹងត្រូវបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី ក្រោយបង្ហាញមុខជាសាធារណៈនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ថា ប្រតិបត្តិការបង្ក្រាបករណីចាប់ជំរិតទារប្រាក់នេះ បានធ្វើឡើងក្រោមបទបញ្ជាដឹកនាំពីសំណាក់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ ព្រមទាំងក្រោមការឯកភាពពីតំណាងអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ ម៉ម សាវន បានបន្តថា សម្រាប់ជនជាតិចិនម្នាក់ ដែលសមត្ថកិច្ចជុំនាញតាមស្រាវជ្រាវរំដោះបាននៅក្នុងហេតុការចាប់ជំរិតទារប្រាក់មានឈ្មោះ LI CHANFU ភេទប្រុស អាយុ៤៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EH៨៣៩៦៧៩៨ មានទីលំនៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ សម្រាប់សម្ភារដែលជនរងគ្រោះបាត់បង់រួមមាន៖

*ប្រាក់៦៤០០ដុល្លារ
*ទូរសព្ទ័ដៃ១គ្រឿង។

នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា ករណីនេះកើតឡើងនៅពេលជនរងគ្រោះ បានចេញពីហាងហូបអាហារមួយកន្លែង ស្រាប់តែជនសង្ស័យ បាននាំគ្នាចាប់ដាក់ចូលក្នុងរថយន្ត រួចបើកដឹកជនរងគ្រោះគេចខ្លួន បាត់តែម្តង ស្ថិតនៅចំណុចបុរីញូថោន តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០០៖៣០នាទី។ ជនសង្ស័យជាជនជាតិចិនចំនួន៣នាក់ ជិះរថយន្ត១គ្រឿងម៉ាក TOYOTA PRIUS ពណ៌ទឹកប្រាក់មិនចាំផ្លាកលេខប្រដាប់ដោយអាវុធខ្លីមិនស្គាល់ម៉ាកចំនួន២ដើម។

លោកបានបញ្ជាក់ទៀតថា ក្រោយពីកើតមានករណីខាងលើ កម្លាំងជំនាញរបស់ការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក នៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវតាមរយៈការពិនិត្យកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ និងតាមផ្លូវដែលជនសង្ស័យបានដឹកជនរងគ្រោះគេចខ្លួន និងទីតាំងដែលជនសង្ស័យយកជនរងគ្រោះទៅចងទុករហូតឈានដល់ការកំណត់ បានមុខសញ្ញាប្រព្រឹត្តបទល្មើសនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៦៖៤៥នាទី។ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ស្ថិតនៅចំណុចកែងផ្សាររតនាផ្លាហ្សា តាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យជាជនជាតិចិនមានឈ្មោះ WENG SHENGFENG ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅផ្ទះឃ្លាំងជួលគ្មានលេខ តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។ បក្ខពួកម្នាក់ទៀតឈ្មោះ ZHANG YAN ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអ្នកបើកបររថយន្ត ស្នាក់នៅផ្ទះឃ្លាំងជួលគ្មានលេខ តាមបណ្ដោយផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

សម្រាប់វត្ថុតាងដែលសមត្ថកិច្ចចាប់ដកហូតបានពីជនសង្ស័យទាំង២នាក់ នៅកន្លែងកើតហេតុរួមមាន៖

*រថយន្តម៉ាក TOYOTA HIGHT LANDER ពណ៌ទឹកមាស សេរីឆ្នាំ២០០៤ ដែលមានលេខតួ ៥៤០០៩០២០៥ និងលេខម៉ាស៊ីន ០០០៤៦៨៨ ពាក់ផ្លាកលេខភ្នំពេញ ២AG-៤៣៧៤ ចំនួន១គ្រឿង
*រថយន្តម៉ាក TOYOTA PRIUS ពណ៌ទឹកប្រាក់ សេរីឆ្នាំ២០០៤ ដែលមានលេខតួ ០៥១១០៤ និងលេខម៉ាស៊ីន ០៥៥២៥១ ពាក់ផ្លាកលេខ ភ្នំពេញ ២AF-៧៦៤៦
*ទូរសព្ទ័ដៃម៉ាកអាយហ្វូន ពណ៌ប្រផេះចំនួន១គ្រឿង
*ទូរសព្ទ័ដៃម៉ាកអាយហ្វូន ពណ៌ខ្មៅចំនួន២គ្រឿង
*កាបូបដាក់ខោអាវម៉ាក MCYS& JPM ពណ៌ខ្មៅចំនួន១
*អាវដៃវែងមានចំណាំងផ្លាត ពណ៌ទឹកក្រូចសម្រាប់ធ្វើការងារនៅតាមការដ្ឋានចំនួន២
*ស្បែកជើងប៉ាតាម៉ាក PEDRO ពណ៌ទឹកប្រាក់ចំនួន១គូ
*ស្បែកជើងប៉ាតាម៉ាក NIKE ពណ៌សចំនួន១គូ
*ស្បែកជើងប៉ាតាម៉ាក STARFOS ពណ៌ស្វាយលាយប្រផេះចំនួន១គូ
*ស្បែកជើងប៉ាតាម៉ាក ARTTENGO ពណ៌ទឹកប៊ិចចំនួន១គូ
*ផ្លាកលេខរថយន្តលេខភ្នំពេញ ២BT-២៩៩៥ (លេខពិតភ្នំពេញ ២BT-២៩០៥) ចំនួន២បន្ទះ
*ខ្សែរិតជ័រពណ៌សមួយចំនួន
*ខ្សែពណ៌សចំនួន២ខ្សែ
*ខ្សែអង្រឹងពណ៌បៃតងចំនួន៣ដុំ
*ច្រវ៉ាកដែកចំនួន៤ខ្សែ
*មេសោចំនួន៣
*ស្រោមដៃពណ៌ខ្មៅចំនួន២គូ
*ស្រោមដៃពណ៌ផ្ទៃមេឃលាយខ្មៅចំនួន១គូ
*វិទ្យុទាក់ទងម៉ាក BAOFENG ពណ៌ខ្មៅចំនួន២គ្រឿង
*ឧបករណ៍ផ្តាច់ប្រព័ន្ធកាមេរ៉ាចំនួន១
*ទួណឺវីសដងពណ៌លឿងចំនួន១
*កែវឆ្លុះម៉ាក SAGA ជើងទម្រនិងស្រោមចំនួន១
*ម៉ាសចំនួន៣ដុំ
*សក់ក្លែងក្លាយចំនួន៣
*របាំងមុខជ័រកែច្នៃចំនួន៤
*មួកសុវត្ថិភាព ពណ៌ខ្មៅម៉ាក BOPA
*កញ្ចក់មុខលាបថ្នាំពណ៌សខាងក្នុងចំនួន១
*ស្កុតចំនួន៤ដុំ និងក្រដាសអាលុយមីញ៉ូមចំនួន១ដុំ
*មួកកាតឹបចំនួន១ និងមួកឆាងចំនួន២
*សំឡីចុកត្រចៀកចំនួន១ថង់
*ទឹកថ្នាំដបជ័រចំនួន៦ដប (៦ពណ៌)
*ទូរសព្ទ័ដៃម៉ាកអាយហ្វូន ពណ៌ខ្មៅចំនួន២គ្រឿង
*ច្រវ៉ាក់ដែកប្រវែង ១៤៥ សង់ទីម៉ែត្រ និងសោចំនួន១ (ចាប់យកពីកន្លែងកើតហេតុ)៕