(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ បានប្រកាសអំពាវនាវ ឲ្យប្រជានេសាទទាំងអស់ គប្បីប្រើប្រាស់ឧបករណ៍ណា ដែលច្បាប់អនុញ្ញាត ពិសេសត្រូវចូលរួមទប់ស្កាត់ បទល្មើសនេសាទទ្រង់ទ្រាយធំ និងត្រូវចេះស្រឡាញ់រាប់អានគ្នា ដូចក្រុមគ្រួសារតែមួយ អ្នកណាមានបញ្ហាត្រូវជួយគ្នាទៅវិញទៅមក មានការយោគយល់អធ្យាស្រ័យគ្នា ព្រមទាំងចូលរួមអនុវត្ត គោលនយោបាយ ភូមិឃុំមានសុវត្ថិភាពទាំងអស់គ្នា។
ការអំពាវនាវនេះធ្វើឡើងក្នុងឱកាស ចុះចែកអង្ករជូនដល់ប្រជានេសាទ ចំនួន ២៧០គ្រួសារ ក្នុងសាលាបុណ្យបណ្តែតទឹក ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់។
ក្នុងឱកាសនេះ លោក ម៉ៅ ធនិន បានកោតសរសើរដល់អាជ្ញាធរដែនដី ដែលបានរួមកម្លាំងសាមគ្គី ក្នុងការអភិវឌ្ឍមូលដ្ឋាន និងផ្តល់ផលប្រយោជន៍ជាច្រើន ជូនដល់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយភាពក្រីក្រ។ លោកបានថ្លែងថា «នៅក្នុងសង្គមជាតិយើងនាពេលបច្ចុប្បន្ននេះ មានសុខសន្តិភាព ស្ថិរភាពពេញលេញ គឺដោយមានគោលនយោបាយដឹកនាំប្រទេសដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។
លោកបានដោះស្រាយបញ្ហាមួយចំនួនជូនប្រជានេសាទ ដោយបន្ធូរបន្ថយឲ្យប្រើឧបករណ៍នេសាទ (លប) សម្រាប់នេសាទជាលក្ខណៈគ្រួសារ តែត្រូវគោរពតាមច្បាប់ជលផល។ចំពោះក្មេងទំនើង ដែលបង្ហោះទូកដាច់ខាតមិនឲ្យមាន ក្នុងករណីបើមានត្រូវហៅមកធ្វើកិច្ចសន្យាបញ្ឈប់ ១ដងទៅ២ដង ហើយបើមិនរាងចាលទេ ត្រូវអនុវត្តតាមផ្លូវច្បាប់។
ជាមួយគ្នានេះលោកអភិបាលខេត្ត បានសំណូមពរឲ្យប្រជានេសាទ ត្រូវទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា ហើយលោកនឹងរៀបចំឲ្យមានការិយាល័យចុះឈ្មោះ នៅទីនោះផ្ទាល់។ ក្រៅនេះលោកបានផ្តាំផ្ញើឲ្យដាំផ្កានៅមុខខ្នងផ្ទះបណ្តែតទឹកនីមួយៗ សម្រាប់លម្អទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្ត ឱ្យមានភាពទាក់ទាញ។
លោក ម៉ៅ ធនិន និងលោក អេង គន្ធា ក៏បានចុះចែកអង្ករ ជូនដល់ប្រជានេសាទទាំង ២៧០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២០គីឡូក្រាម ព្រមទាំងបានបន្តចុះទៅពិនិត្យមើល ទីតាំងដែលប្រជាពលរដ្ឋ សំណូមពរឲ្យអាជ្ញាធរ ជួយដោះស្រាយផលប៉ះពាល់ ទៅលើគម្រោងអភិវឌ្ឍន៍ផ្លូវថ្មីរបស់ JICA ស្ថិតនៅកែងខាងកើតផ្សារសាមគ្គីក្រគរ ផងដែរ៕