(សៀមរាប)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ដើម្បីជួយឱ្យសកម្មភាពទេសចរណ៍នៅខេត្តសៀមរាបកាន់តែរស់រវើកនោះ រាជរដ្ឋាភិបាលនឹងខិតខំតភ្ជាប់ជើងហោះហើរត្រង់ជាមួយគោលដៅទេសចរណ៍អន្តរជាតិបន្ថែមទៀត និងកំពុងធ្វើការពង្រីកវិសាលភាពនៃការប្រើប្រាស់បណ្ណព្រំដែនជាមួយប្រទេសសជិតខាង។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងកិច្ចប្រជុំរបស់សម្ដេចធិបតីជាមួយថ្នាក់ដឹកនាំអាស៊ាន ភាគីកម្ពុជាបានចរចាតភ្ជាប់ជើងហោះហើរជាមួយតំបន់ទេសចរណ៍នៃបណ្ដាប្រទេសអាស៊ាន ដូចជា វៀតណាម (ដាណាង) ឡាវ ហ្វីលីពីន (សេប៊ូ) ថៃ (ភូកេត) ដើម្បីបង្កើនការហោះហើរត្រង់មកកាន់កម្ពុជា ហើយនៅឆ្នាំ២០២៤នេះ កម្ពុជាសង្ឃឹមថានឹងសម្រេចនូវកិច្ចការតភ្ជាប់ជើងហោះហើរត្រង់នេះ។

សម្តេចធិបតីបានបន្តថា ក្រសួងទេសចរណ៍ និងរដ្ឋាលេខាធិការដ្ឋានអាកាសចរស៉ីវិល ក៏កំពុងខិតខំជំរុញការតភ្ជាប់ជើងហោះហើរត្រង់ទាំងនេះដែរ។

សម្ដេចធិបតីបានបញ្ជាក់ថា ចំពោះកិច្ចការពង្រីកវិសាលភាពការប្រើប្រាស់បណ្ណព្រំដែន ក្រសួងមហាផ្ទៃកំពុងធ្វើការជាមួយភាគីថៃ ដើម្បីជួយសម្រួលទេសចរនិងប្រជាពលរដ្ឋថៃដែលមកពីខេត្តជាប់ព្រំដែន អាចធ្វើដំណើរមកកាន់ខេត្តសៀមរាបបាន ដោយមិនចាំបាច់ប្រើប្រាស់លិខិតឆ្លងដែន។

ក្រៅពីនេះ ក៏នៅមានការរៀបចំព្រឹត្តិការណ៍ផ្សេងៗនៅក្នុងខេត្តសៀមរាប ដូចជាកីឡារត់ម៉ារ៉ាតុង កិច្ចប្រជុំកំពូលធំៗ ពិធីបុណ្យជាតិទៀតដែរ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាក៏បានលើកទឹកចិត្តដល់រដ្ឋបាលខេត្តយូណាន ប្រទេសចិន សូមចូលរួមរៀបចំព្រឹត្តិការណទេសចរណ៍នានានៅខេត្តសៀមរាប ឬរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ឱ្យបានច្រើនមកកាន់ខេត្តសៀមរាប ព្រោះជាខេត្តសៀមរាបនិងខេត្តយូណានជាខេត្តសម្ពន្ធមេត្រីភាពនឹងគ្នាស្រាប់។

សម្ដេចធិបតីបានបន្ថែមថា ប្រសិនបើមានតែព្រលានយន្តហោះ អត់មានកម្មវិធីជួយឱ្យទេសចរមកទេ ក៏មិនចំណេញដែរ ទេសចរមកច្រើនហើយ តែខ្វះសេវាកម្មគុណភាព ខ្វះហេដ្ឋារចនាសម្ពន្ធគាំទ្រ ក៏ទេសចរគេមិនសប្បាយចិត្តដែរ ដូច្នេះស្នើឱ្យវិស័យឯកជនពង្រឹងសេវាកម្មទេសចរណ៍ឱ្យបានល្អ៕