(ភ្នំពេញ)៖ លោកវរសេនីយ៍ត្រី Takahashi Shinobu ប្រធានក្រុមគ្រូតំណាងក្រសួងការពារជាតិជប៉ុន នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំក្រុមយោធាចារ្យ អញ្ជើញចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីផែនការហ្វឹកហ្វឺន ជូននាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព មុនការបើកវគ្គហ្វឹកហ្វឺនវិស្វកម្ម ប្រើប្រាស់បញ្ជាគ្រឿងចក្រធុនធ្ងន់ សម្រាប់ប្រតិបត្តិការរក្សាសន្តិភាព។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោកវរសេនីយ៍ត្រី Takashi Shinobu និងយោធាចារ្យជប៉ុន ដែលបានអញ្ជើញមកកាន់ទឹកដីព្រះរាជាចក្រកម្ពុជា សម្រាប់វគ្គហ្វឹកហ្វឺវិស្វកម្ម ប្រើប្រាស់បញ្ជាគ្រឿងចក្រធុនធ្ងន់ ក្នុងប្រតិបត្តិការរក្សាសន្តិភាព ក្រោមជំនួយឧបត្ថម្ភពីប្រទេសជប៉ុន។
ទន្ទឹមនឹងនោះ នាយឧត្តមសេនីយ៍ ក៏បាននាំយកពាក្យពេចន៍សួរសុខទុក្ខរបស់ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ទៅកាន់ថ្នាក់ដឹកនាំ និងប្រជាជនជប៉ុនផងដែរ។
នាយឧត្តមសេនីយ៍ បានថ្លែងថា ពេលកម្ពុជាលំបាកជប៉ុន តែងជួយដល់កម្ពុជាលើគ្រប់វិស័យ ជាពិសេស ជាប្រទេសដំបូង ដែលបានផ្តល់វគ្គហ្វឹកហ្វឺនដល់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក្នុងកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ជាង១០ឆ្នាំមកនេះ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានស្នើដល់ភាគីជប៉ុនបន្តផ្តល់វគ្គហ្វឹកហ្វឺនរយៈពេលវែង-ខ្លី និងសម្ភារៈគ្រឿងចក្រកសាងផ្លូវថ្នល់ រួមទាំងការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកផងដែរ។
លោកវរសេនីយ៍ត្រី Takashi Shinobu និងយោធាចារ្យទាំងអស់រីករាយ និងមានមោទនភាពជាខ្លាំង ដែលបានមកចូលរួមវគ្គហ្វឹកហ្វឺននេះ ដោយបានប្តេជ្ញាខំប្រឹងប្រែងបណ្តុះបណ្តាលសិក្ខាកាមកម្ពុជាឱ្យអស់ពីកម្លាំងកាយចិត្ត។
លោកវរសេនីយ៍ត្រី Takashi Shinobu បានលើកឡើងថា នេះជាខួបលើកទី៧០ នៃទំនាក់ទំនង កម្ពុជា-ជប៉ុន ហើយក៏ជាខួបទី៥០ នៃកិច្ចសហប្រតិបត្តិការ អាស៊ាន-ជប៉ុន ផងដែរ។ លោកចាត់ទុកវគ្គហ្វឹកហ្វឺននេះ ជាចំណែកមួយយ៉ាងសំខាន់ក្នុងគម្រោងគម្រប់ខួបកិច្ចសហការ កម្ពុជា-ជប៉ុន ដោយលោកជឿជាក់ថាទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងកាន់តែរឹងមាំ។
ចំពោះវគ្គហ្វឹកហ្វឺន ដែលនឹងចាប់ផ្តើមនាពេលខាងមុខនេះ លោកវរសេនីយ៍ត្រី Takashi Shinobu បានលើកឡើងពី ៣ចំណុច នៃការស្រឡាញ់ចំពោះការងាររបស់ប្រជាជនជប៉ុន ១៖ ស្រឡាញ់ទឹកដី ២៖ ស្រឡាញ់ប្រជាជន ៣៖ ស្រឡាញ់ការងារ។
ក្នុងវគ្គហ្វឹកហ្វឺនរយៈពេល៦សប្តាហ៍ លោកសង្ឃឹមថា យោធាចារ្យជប៉ុនទាំងអស់ នឹងបណ្តុះបណ្តាលដោយការស្រឡាញ់ទឹកកម្ពុជា ប្រជាជនកម្ពុជា បង្កើតក្តីស្រលាញ់រាប់អានចំពោះសិក្ខាកាម និងកាតព្វកិច្ចការងាររបស់ខ្លួន។ ដោយឡែក ចំពោះសំណូមពររបស់នាយឧត្តមសេនីយ៍ អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព លោកវរសេនីយ៍ត្រី Takashi Shinobu នឹងលើកជូនទៅក្រសួងការពារជប៉ុន ដើម្បីសម្របសម្រួលកិច្ចការងារនេះ៕