(សៀមរាប)៖ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំបន្ថែមដល់អាជ្ញាធរខេត្តសៀមរាប ត្រូវខិតខំក្នុងការការពារសន្តិសុខ សណ្ឋាប់ធ្នាប់ នៅតំបន់ជុំវិញអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងក្នុងខេត្តសៀមរាបទាំងមូល ដើម្បី​ធានាសុវត្ថិភាពដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងខេត្ត ខណៈបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំ​ចរចាជំរុញការតភ្ជាប់ជើងហោះហើរបន្ថែមមកកាន់អាកាសយានដ្ឋានអន្តរជាតិថ្មី។

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយា​នដ្ឋានអន្តរជាតិសៀមរាបអង្គរ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា «អាជ្ញាធរមានសមត្ថកិច្ចជួយធ្វើយ៉ាងណាឱ្យសុវត្ថិភាព សន្តិសុខ នៅក្នុងតំបន់ជុំវិញព្រលានថ្មី ក៏ដូចជានៅក្នុងខេត្ត ធ្វើយ៉ាងណាឱ្យមានដំណើរការបានល្អ ធានានូវសន្តិសុខ សុវត្ថិភាព ស្ថេរភាពជូនទេសចររបស់យើងនៅក្នុងខេត្ត​ កិច្ចការនេះសំខាន់ណាស់»​។​

សម្តេចធិបតីថ្លែងបន្តថា បច្ចុប្បន្ននេះ ក្រសួងទេសចរណ៍បាននិងកំពុងធ្វើការងារ​ ដើម្បីបង្កើនការតភ្ជាប់ជើងហោះហើរត្រង់បន្ថែម ពីបណ្តាប្រទេសនានាមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ ហើយជាមួយគ្នានេះ ក្នុងជំនួបរវាងសម្តេច​ធិបតីជាមួយថ្នាក់ដឹកនាំប្រទេសផ្សេងទៀត កាលពីអំឡុងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២៣នេះ សម្តេចបានចរចាគ្នា ក្នុងការតភ្ជាប់តំបន់ទេសចររវាងគ្នាទៅវិញទៅមកនៅក្នុងតំបន់អាស៊ាន ដូចជាពីវៀតណាម ឡាវ ហ្វីលីពិន ថៃ វៀតណាមជាដើម ដើម្បីធ្វើយ៉ាងណាបង្កើនការហោះហើរដោយត្រង់មកកាន់​អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ ហើយសង្ឃឹមថានៅឆ្នាំ២០២៤​ ​នឹងអាចឈានទៅដល់ការជំរុញកំណើនទេសចរឱ្យកាន់តែច្រើនមកកាន់ច្រក​អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ។

យោងតាមរបាយការណ៍របស់​​រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល គិតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ចំនួនអ្នកដំណើរតាមផ្លូវអាកាសនៅអាកាសយានដ្ឋានសៀមរាបអង្គរបានកើនឡើងបន្តបន្ទាប់ ដោយបានកើនឡើងពី២៦០០នាក់ក្នុងមួយថ្ងៃទៅ៤០០០នាក់ក្នុងមួយថ្ងៃ ដែលបង្ហាញពីកំណើនភ្ញៀវយ៉ាងល្អប្រសើរនៅខេត្តសៀមរាប។ ​

បច្ចុប្បន្ននេះ ការហោះហើរជាមធ្យមនៅអាកាសយានដ្ឋានសៀមរាបអង្គរមានចំនួន៤៤ជើង(ទ្វេទិស)ក្នុងមួយថ្ងៃ ដោយភាគច្រើនហោះហើរពីតំបន់អាស៊ាន និងប្រទេសចិន។ ចំណែកការហោះហើរត្រលប់មកវិញគឺមានកំណើនមធ្យម ដោយទទួលបានភ្ញៀវចម្រុះជាតិសាសន៍ ក្នុងនោះមកពីប្រទេសក្នុងតំបន់អាស៊ានច្រើនជាងគេមានរហូតដល់៧២% និងតំបន់អឺរ៉ុប ២៨%។

សូមជម្រាបថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ដែលធ្វើការហោះហើរចេញ-ចូល អាកាសយានដ្ឋានសៀមរាបអង្គរមានចំនួន៩ ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន៨ និងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន១​៕