(សៀមរាប)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ដើម្បីឱ្យខេត្តសៀមរាប អាចមានសមត្ថភាពទទួលអ្នកទេសចរឡើងវិញ គឺរដ្ឋបានដាក់ចេញផែនការជាច្រើនជួយដល់ប្រតិបត្តិករទេសចណ៍ ហើយដើម្បីធ្វើឱ្យវិស័យទេសចរណ៍នៅខេត្ត សៀម រាបកាន់តែរស់រវើកនោះរដ្ឋាភិបាលនឹងគិតគូរការតភ្ជាប់ជើងហោះហើរត្រង់ ទៅកាន់តំបន់ទេសចរណ៍មានសក្តានុពលនៅ ប្រទេសនានា និងការពង្រីកវិសាលភាពនៃការប្រើប្រាស់បណ្ណព្រំដែន។

ការថ្លែងបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋាន អន្តរ ជាតិសៀមរាបអង្គរ (SAI) ដែលមានតម្លៃប្រមាណ ១,១០០លានដុល្លារអាមេរិក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលដៅ ដើម្បីជំរុញវិស័យទេសចរណ៍ ជាពិសេសនៅខេត្តសៀមរាបនេះ កាលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ថ្មីៗនៅពេលសម្តេចជួបវិស័យឯកជន គឺបានដាក់ចេញនូវគោលការណ៍សម្រាប់ខេត្តសៀមរាប គឺឆ្នាំ២០២៤ ជាឆ្នាំទស្សនាខេត្តសៀមរាប ដែលជាគោលនយោបាយដើម្បីជំរុញវិស័យទេសចរណ៍នៅខេត្តសៀមរាប។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា កាលពីខែតុលា ឆ្នាំ២០២៣ សម្តេចបានជួបពិភាក្សាជាមួយលោកប្រធានាធិបតីចិន ស៉ី ជិនពីង និងនាយករដ្ឋមន្ត្រីចិន ដោយមានការឯកភាពយកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរទំនាក់ទំនងប្រជាជនកម្ពុជា-ចិន ជាពិសេសការជំរុញមុនព្រួញទេសចរណ៍ឱ្យមកពីប្រទេសចិន មកកាន់កម្ពុជាឱ្យកាន់តែច្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងគោលនយោបាយដែលយើងបានដាក់ចេញនោះ គឺទី១ រៀបចំយន្តកាលក្នុងការអនុវត្តដែលរៀបចំនូវក្រុមប្រឹក្សាទេសចរណ៍មួយជាបន្ទាន់ដើម្បីដែលជាតួអង្គរៀបចំចេញពីផែនការសកម្មភាព ដឹកនាំអនុវត្តន៍ និងការដាក់ចេញជាវិធានការជួយលើកទឹកចិត្តប្រតិបត្តិករវិស័យឯកជន ក្នុងខេត្តសៀមរាប តាមរយៈយន្តកាលជួយលើពន្ធ លើកទឹកចិត្តផ្សេងៗ ការត្រៀមផ្តល់ហិរញ្ញប្បទាន ដែលមានការប្រាក់សមរម្យមួយចំនួន សម្រាប់ប្រតិបត្តិករក្នុងវិស័យទេសចរណ៍»

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា ដើម្បីជាការរួមចំណែកបន្ថែមទៀតក្នុងការទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្តនOខេត្តសៀមរាប រដ្ឋក៏បានជួយបន្ធូរបន្ថយការចំណាយលើវិស័យថាមពល បើទោះបីតម្លៃអគ្គិសនីនៅតាមបណ្តាប្រទេសនានាមានដំឡើងថ្លៃក៏ដោយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងក្លាយជាកាលានុវត្តភាពប្រកបដោយសក្តានុពលដ៏ខ្លាំងក្លា និងសំខាន់សម្រាប់ វិស័យទេសចរណ៍ខេត្តសៀមរាប។

សូមជម្រាបថា ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល -ផ្នែក ឯក ជន» លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចផ្តល់កម្ចីដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ចំនួន ៥០លានដុល្លារ ជាមួយនឹងអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះផ្សេងទៀត ដើម្បីធានាអនុញ្ញាតឱ្យប្រតិបត្តិករទេសចរណ៍អាចទទួលបាននូវហិរញ្ញប្បទាន និងចំនួនទឹកប្រាក់សមរម្យតាមប្រភេទអាជីវកម្ម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញរំពឹងតាមរយៈការផ្តល់កម្ចីប្រាក់៥០លានដុល្លារនេះ នឹងបង្កើតប្រាក់ដល់ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ខាងមុខនេះ។ សម្តេចថាប្រតិបត្តិករទេសចរណ៍ ជាកម្លាំងចលករទាក់ម៉ូយឱ្យមកលេងកម្សាន្តនៅខេត្តសៀមរាប ប៉ុន្តែ អ្នកទទួលផលពីភ្ញៀវទេសចរ គ្រប់ផ្នែកទាំងអស់ ទាំងសេដ្ឋកិច្ចជាតិ ទាំងអ្នកប្រកបរបរក្រៅប្រព័ន្ធជាដើម៕