(សៀមរាប)៖ ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកថា ការកសាងអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរនេះ គឺជាការបង្ហាញឲ្យឃើញពីការប្រែក្លាយតំបន់អតីតសមរភូមិសង្គ្រាមកាលពីអតីតកាល ទៅជាតំបន់ដែលមានការអភិវឌ្ឍ និងពោរពេញទៅដោយសក្ដានុពលសេដ្ឋកិច្ច។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា តំបន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ នឹងក្លាយជាតំបន់សេដ្ឋកិច្ចឧស្សាហកម្មពហុបំណង ដែលនឹងជួយរុញដល់សេដ្ឋកិច្ចខេត្តសៀមរាប កាន់តែរីកចម្រើនបន្ថែមទៀត ពិសេសបំពេញបន្ថែមនូវសេដ្ឋកិច្ចផ្នែកទេសចរណ៍។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «តំបន់ជីក្រែ តំបន់សូត្រនិគម ពីដើមបើតាមប្រវត្តិជាកន្លែងវាយគ្នារហូតដល់ឆ្នាំ១៩៩៨ នៅទីនេះមានសកម្មភាពរបស់កម្លាំងខ្មែរក្រហម ផ្លូវដែលយើងជិះពីទីរួមខេត្ត មកដល់ទីនេះពោរពេញទៅដោយមីន និងច្បាំងគ្នា និងស្លាប់ អញ្ចឹងប្រែក្លាយតំបន់អតីតសមរភូមិ ទៅជាតំបន់អភិវឌ្ឍន៍ ហើយជាតំបន់សេដ្ឋកិច្ចឧស្សាហកម្ម និងពហុបំណង គឺជាអ្វីដែលនឹងដល់ខេត្តសៀមរាប ដើម្បីបំពេញបន្ថែមនូវសេដ្ឋកិច្ចផ្នែកទេសចរណ៍នៅខេត្តសៀមរាប»

បើតាមប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី, អ្វីៗទាំងអស់នេះជាចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការជ្រើសរើសទីតាំងធ្វើព្រលានយន្ដហោះថ្មីនេះ គឺមានហេតុផលច្រើន ហើយការអភិវឌ្ឍមកដល់ថ្ងៃនេះ ក៏បានផ្ដល់ប្រយោជន៍រួចទៅហើយដល់ប្រជាពលរដ្ឋនៅជុំវិញនេះ និងប្រជាពលរដ្ឋនៅខេត្តសៀមរាបទាំងមូល។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ប្រជាពលរដ្ឋនៅតំបន់នេះ មិនត្រឹមតែទទួលបាននូវហេដ្ឋារចនាសម្ព័ន្ធនោះទេ ពោលក៏បានបង្កើតការងារថែមទៀតផង។ លើសពីនេះ សម្ដេចបានបង្ហាញនូវជំនឿចិត្តថា ទៅថ្ងៃមុខក្រុងសៀមរាបកាន់តែរីក ហើយអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងក្លាយជាអាកាសយានដ្ឋានមួយស្ថិតកណ្តាលក្រុងសៀមរាប ខណៈការសាងសង់បានអាកាសយានដ្ឋានជារឿងល្អមួយ តែត្រូវរកវិធីអភិវឌ្ឍន៍បន្ត ដើម្បីធានាដល់និរន្តភាពដំណើរការ។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ទៀតថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងក្លាយជាកាលានុវត្តភាពប្រកបដោយសក្តានុពលដ៏ខ្លាំងក្លា និងសំខាន់សម្រាប់​វិស័យទេសចរណ៍ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់​របស់កម្ពុជានិយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ និងវិស័យសេដ្ឋកិច្ច​នៅទូទាំងប្រទេសនិយាយជារួម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងដែរថា ឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរទំនាក់ទំនងប្រជាជនកម្ពុជា-ចិន ដូច្នេះនឹងមានការចូលមកទេសចរណ៍ច្រើនពីប្រជាពលរដ្ឋចិន ហើយដើម្បីឲ្យខេត្តសៀមរាប អាចមានសមត្ថភាពទទួលអ្នកទេសចរឡើងវិញ គឺរដ្ឋបានដាក់ចេញផែនការជាច្រើនជួយដល់ប្រតិបត្តិករទេសចរណ៍ផងដែរ៕