(សៀមរាប)៖ ជាថ្មីម្តងទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ទោះបីជាពិភពលោក ជួបនូវវិបត្តិថាមពល ដែលតម្រូវឱ្យប្រទេសជាច្រើនដំឡើងថ្លៃអគ្គិសនីក្តី ក៏កម្ពុជាមិនដំឡើងថ្លៃអគ្គិសនីដែរ បើទោះរដ្ឋត្រូវខាតបង់ប្រាក់រាប់រយលានដុល្លារក្នុង ១ឆ្នាំក្តី។

ការមិនដំឡើងថ្លៃនេះ គឺជាការគិតគូរអំពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ នៅក្នុងគ្រាដែលសេដ្ឋកិច្ចជួបការលំបាក។

បន្ថែមពីនេះ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងពីការជួយរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ចុះតម្លៃអគ្គិសនី ដល់ប្រតិបត្តិករទេសចរណ៍ទូទាំងប្រទេស សម្រាប់រយៈពេល ៣ខែក្នុងរដូវភ្ញៀវទេសចរច្រើ​ន (High Season) ផងដែរ។

សម្តេចបានពន្យល់ ចំពោះការបញ្ចុះតម្លៃអគ្គិសនីនេះថា គឺយកមធ្យមភាគនៃការប្រើប្រាស់អគ្គិសនី រយៈពេល៦ខែ (រហូតដល់ខែ១២ ឆ្នាំ២០២៣)។ ឧទាហរណ៍ថារយៈពេល៦ខែ ជា​មធ្យមប្រតិបត្តិករទេសចរណ៍ ប្រើអគ្គិសនីអស់ ៥០០គីឡូវ៉ាត់ម៉ែត្រម៉ោង ប៉ុន្តែនៅពេលខែមានភ្ញៀវទេសចរច្រើន (High Season) បែរប្រើអគ្គិសនីឡើងដល់ ៨០០គីឡូវ៉ាត់ម៉ែត្រក្នុង១ខែ ដូច្នេះ ៣០០គីឡូវ៉ាត់ម៉ែត្រដែលលើសនេះ ត្រូវបានការបញ្ចុះតម្លៃ ១៥ភាគរយ ដើម្បីជួយដល់ប្រតិបត្តិករ ក្នុងវិស័យទេសចរណ៍ទូទាំងប្រទេស។

ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចមហាបវរធិបតីបានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំបញ្ជាក់អគ្គិសនីកម្ពុជា ទោះបីជាវិបត្តិថាមពល នៅលើពិភពលោក ដែលតម្រូវឱ្យប្រទេសជាច្រើន នៅក្នុងតំបន់ និងលើពិភពលោក ត្រូវដំឡើងថ្លៃអគ្គិសនីដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ តែសម្រាប់កម្ពុជាយើងឆ្នាំនេះ មានលទ្ធភាពក្នុងការថែរក្សាលំនឹងថ្លៃភ្លើង ទោះបីជារដ្ឋត្រូវការខាតបង់មួយចំនួន ក៏ដោយប៉ុន្តែយើងបានខិតខំធ្វើយ៉ាងឱ្យថ្លៃអគ្គិសនីនៅកម្ពុជា បានថែរក្សាពេញមួយឆ្នាំ នេះគឺជាការខិតខំប្រឹងប្រែងរបស់យើង»

សម្តេចបានបន្ថែមទៀតថា «ក្នុងរយៈពេល៣ខែ ក្នុងរដូវកាល High Season នេះ អគ្គិសនីកម្ពុជា បានគិតគូរក្នុងការជួយលើកទឹកចិត្ត តាមរយៈការបញ្ចុះតម្លៃ ១៥ភាគរយ នៃការប្រើប្រាស់អគ្គិស នីដែលលើសពីមធ្យមនៃការប្រើប្រាស់ ជួយដល់ប្រតិបត្តិករទេសចរណ៍ ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ផ្សារទំនើប ភោជនីយដ្ឋានធំៗ មិនមែនតែក្នុងខេត្តសៀមរាបទេ គឺក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល»

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា ការជួយបញ្ចុះថ្លៃអគ្គិសនី សម្រាប់ប្រតិបត្តិករទេសចរណ៍នេះ ទោះបីមិនច្រើនក្តី ប៉ុន្តែជាការជួយរបស់រាជរដ្ឋាភិបាល បន្ថែមពីការលើកទឹកចិត្តផ្នែកពន្ធ។

សូមជម្រាបថា កាលពីឆ្នាំ២០២២ រាជរដ្ឋាភិបាលបានចេញថ្លៃខាត លើអគ្គិសនីជិត ២០០លានដុល្លារអាមេរិក ដោយសារបញ្ហារាតត្បាតជំងឺកូវីដ១៩ និងបញ្ហាសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន បានធ្វើឱ្យវត្ថុធាតុដើម ដើម្បីផលិតថាមពលអគ្គិសនី និងការនាំចូលអគ្គិសនីពីប្រទេសជិតខាង មានការកើនឡើងជាបន្តបន្ទាប់។

នៅឆ្នាំ២០២២ កម្ពុជាផលិតថាមពលអគ្គិសនីបានជិត ៨០ភាគរយ ខណៈថាមពលអគ្គិសនីតែ ២០ភាគរយប៉ុណ្ណោះទិញពីប្រទេសឡាវ វៀតណាម និងថៃ។

បច្ចុប្បន្ននេះ កម្ពុជាមានលទ្ធភាពផលិតថាមពល នៅក្នុងស្រុកបាន ៣៤៦៤ មេហ្កាវ៉ាត់ ដែលផលិតចេញពីថាមពលពន្លឺព្រះអាទិត្យ វារីអគ្គិសនី ជីវម៉ាស ធ្យូងថ្ម និងប្រេង ហើយតម្រូវការប្រើប្រាស់អគ្គិសនីខ្ពស់បំផុតបច្ចុប្បន្ននេះ ត្រឹមតែប្រមាណ ២៤០០មេហ្កាវ៉ាត់ប៉ុណ្ណោះ។ មានន័យថា កម្ពុជាមានសមត្ថភាពផលិតថាមពល បានច្រើនលើសពីតម្រូវការប្រើប្រាស់ ដូច្នេះយើងពុំមានបញ្ហាខ្វះអគ្គិសនីនោះទេ៕