(សៀមរាប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបន្តប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរចិន ដែលជាមិត្តនិងបងប្អូនល្អរបស់កម្ពុជា សូមអញ្ចើញមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើនជាពិសេសមកកាន់ខេត្តសៀមរាបទឹកដីអង្គរ និងអាចធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថ្លែងយ៉ាងដូចនេះនាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) តម្លៃប្រមាណ ១,១០០លានដុល្លារអាមេរិក។ វត្តមានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាសមិទ្ធផលដ៏មហាសាលមួយទៀតនៅលើទឹកដីខេត្តសៀមរាប ដែលជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជាផ្នែកទេសចរណ៍។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ បានក្លាយជាការតភ្ជាប់ផ្លូវអាកាសដ៏សំខាន់រវាងខេត្តសៀមរាប ជាមួយតំបន់ដទៃក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាមានសក្តានុពលទេសចរណ៍ដទៃទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «នៅក្នុងវេទិកាខ្សែក្រវ៉ាត់នឹងផ្លូវលើកទី៣ នៅរដ្ឋធានីប៉េកាំងកាលពីខែមុននេះ ឯកឧត្តមប្រធានាធិបតី ស៊ីជីនពីង និងខ្ញុំបានប្រកាសរួមគ្នាយកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក្នុងន័យនេះខ្ញុំសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរចិន ដែលជាមិត្តនិងបងប្អូនល្អរបស់យើង សូមអញ្ចើញមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើន ពិសេសគឺអាចអញ្ចើញធ្វើដំណើរមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះតែម្តង»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ទៀតថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយមិត្តចិន ក្នុងការចូលរួមធ្វើឱ្យកម្លាំងចលករមួយនេះ បំពេញតួនាទីកាន់តែមាន​ប្រសិទ្ធភាព ហើយរំពឹងថាជាមួយនឹងក្របខណ្ឌត្បូងពេជ្រ រវាង​កម្ពុជា-ចិន ប្រទេសទាំង២នឹងរួមគ្នាសម្រេចបាននូវ​សមិទ្ធផលផ្លែផ្កាថ្មីៗបន្ថែមទៀត ពិសេសលើវិស័យអតិភាពទាំងឡាយដែលនឹងនាំមកនូវផលប្រយោជន៍រួមសម្រាប់ប្រជាជាតិ។

ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលនិងប្រជាជនចិន ដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រ​យ៉ាងសស្រាក់សស្រាំដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា ​ពិសេសការវិនិយោគលើអាកាសយានដ្ឋានថ្មី ដែលនឹងក្លាយជាមរតកមនុស្សជាតិយ៉ាងធំធេងសម្រាប់កម្ពុជា៕