(សៀមរាប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់អាកាសយាន្តអន្តរជាតិសៀមរាប-អង្គរ ពង្រីកផែនការវិនិយោគនៅក្នុងខេត្តសៀមរាបបន្ថែមទៀត ដើម្បីឱ្យខេត្តនេះក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណងនៅកម្ពុជា។

ការលើកឡើងបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសសម្តេចធិបតី អនុញ្ញាតឱ្យ លោក វ៉ាង អ៉ីប៉ (Wang Yubo) អភិបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុង «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ» ។

ក្នុងជំនួបនេះ លោក វ៉ាង អ៊ីប៉ បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនៃការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដ៏អធិកអធមនេះ។ ទន្ទឹមនេះ លោកអភិបាលខេត្ត បានធ្វើការបញ្ជាក់ផងដែរថា ខេត្តយូណានបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍអាកាសយានដ្ឋាននេះទ្បើង ក្នុងក្របខណ្ឌនៃការវិនិយោគគម្រោងអាកាសយានដ្ឋានអន្តរជាតិលើកដំបូងបំផុត ក្រោម «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ» និងជាអាកាសយានដ្ឋានអន្តរជាតិ ដែលត្រូវបានអនុវត្តដោយសហគ្រាសចិននៅក្រៅប្រទេស តាមរបៀប «សាងសង់ អាជីវកម្ម និងផ្ទេរ (BOT Project)» ។ លើសពីនេះ លោក វ៉ាង អ៉ីប៉ ក៏បានសម្តែងនូវការជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ប្រទេសកម្ពុជានឹងកាន់តែរីកចម្រើនរុងរឿង និងជឿនលឿនទៅមុខ ហើយទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និយាយជារួម និងខេត្តយូណាននិយាយដោយទ្បែក នឹងកាន់តែមានភាពជិតស្និទ្ធ រឹងមាំ និងយូរអង្វែងបន្ថែមទៀត ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោកអភិបាលខេត្តយូណាន និងគណៈប្រតិភូ ដែលបានអញ្ជើញមកចូលរួមក្នុង «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ» ដែលកំពុងប្រព្រឹត្តទៅស្របពេលដែលឆ្នាំ២០២៣ នេះ គឺជាខួបលើកទី៦៥ នៃចំណងការទូតកម្ពុជា-ចិន និងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ដូចគ្នានេះ សម្តេចធិបតី ក៏បានបញ្ជាក់ទៀតថា ថ្ងៃនេះ គឺជាថ្ងៃប្រវត្តិសាស្ត្រមួយសម្រាប់ខេត្តសៀមរាប ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាទាំងមូល ដែលសមិទ្ធផលដ៏ធំ និងថ្មីសន្លាង បានលេចត្រដែតឡើងជានិមិត្តរូបនៃការអភិវឌ្ឍក្នុងសម័យទំនើប ទន្ទឹមនឹងតម្រូវការនៃការថែរក្សាការពារបេតិកភ័ណ្ឌវប្បធម៌របស់កម្ពុជា ហើយពិតណាស់សមិទ្ធផលនេះ គឺជាផ្លែផ្កានៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ចិន។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនរដ្ឋទាំង ៣ របស់ខេត្តយូណាន ដែលមានជំនឿទុកចិត្តនៅក្នុងការបោះទុនវិនិយោគនៅកម្ពុជា ជាពិសេស ការវិនិយោគសាងសង់អាកាសយានដ្ឋានខ្នាតអន្តរជាតិនេះ ។

សម្តេចធិបតី ក៏បានគូសរំលេចផងដែរថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី, សម្តេចតែងបានយកចិត្តទុកដាក់លើការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិន និងការគាំទ្រចំពោះគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ដែលបានចូលរួមចំណែកក្នុងការជួយដល់ប្រទេសកំពុងអភិវឌ្ឍ ឱ្យមានការរីកចម្រើន។ ជាក់ស្តែង នៅកម្ពុជាផ្ទាល់ នៅក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការ «ខ្សែក្រវាត់ និងផ្លូវ» គឺគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន បានលេចចេញជារូបរាងឡើង រួមមាន៖ (១) ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ; (២) ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ (៣) គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និង (៤) អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ ជាដើម៕