(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានទទួលជួបសម្តែងការគួរសមជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយ អនុប្រធាននៃបណ្ឌិត្យសភានគរបាលកម្ពុជា សរុបប្រមាណ ២០រូប។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ និងអនុប្រធាននៃបណ្ឌិត្យសភានគរបាលកម្ពុជា។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍនភាពកំណែទម្រង់ របស់ក្រសួងនាពេលកន្លងមក និងសកម្មភាពអាទិភាពរបស់ក្រសួងដែលមានជាអាទិ៍៖ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅតាមបណ្តាបុរីក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តអាទិភាព និងការតភ្ជាប់ប្រព័ន្ធខ្សែកាបអុបទិកក្រោមបាតសមុទ្រ ក្នុងគោលបំណងពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល និងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់ ព្រមទាំងការដាក់ឱ្យប្រើប្រាស់ កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណិត «MPTC Speed Test» ដែលមានមុខងារចម្បងសម្រាប់វាស់ស្ទង់កម្រិតសេវាទូរសព្ទ និងដំណើរការអ៊ីនធឺណិតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

លោរដ្ឋមន្ត្រីជម្រាបជូនបន្ថែម អំពីការបង្កើតអង្គភាពបរិវត្តន៍កម្មឌីជីថល នៅតាមបណ្តាក្រសួង ស្ថាប័នរដ្ឋ ការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ ការបង្កើតថ្នាលនិងកម្មវិធីបច្ចេកវិទ្យានានា ការលើកកម្ពស់វិស័យអប់រំឌីជីថលតាមរយៈការផ្តល់អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ការបង្កើតកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ការរៀបចំប្រព័ន្ធគ្រប់គ្រងសាលារៀន និងការរៀបចំកម្មសិក្សាផ្នែកឌីជីថលជាដើម។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ មានមោទនភាពក្នុងការដឹកនាំរបស់លោករដ្ឋមន្ត្រី លើវិស័យបច្ចេកវិទ្យាឌីជីថល ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។

នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ មានសង្ឃឹមថា វិស័យបច្ចេកវិទ្យាជាវិស័យសំខាន់ ក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងក្រសួង ស្ថាប័ន រដ្ឋ និងបានល្អប្រសើរ ជាពិសេស ក្នុងជួយលើកកម្ពស់វិស័យសន្តិសុខ សណ្តាប់ធ្នាប់ឱ្យកាន់តែមានការរីកចម្រើន។
នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ក៏បានសំណូមពរដល់លោករដ្ឋមន្ត្រី ក្នុងការជួយគាំទ្រលើការផ្តល់សេវាអ៊ីនធឺណិត ជូនបណ្ឌិត្យសភានគរបាលកម្ពុជា និងជួយគាំទ្របណ្តុះបណ្តាលលើជំនាញផ្នែកបទល្មើសបច្ចេកវិទ្យា។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានឯកភាពក្នុងការតភ្ជាប់សេវាអ៊ីនធឺណិត ជូនបណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងចូលរួមសហការក្នុងផ្តល់ជាវាគ្មិន ក្នុងការបណ្តុះបណ្តាលជំនាញចាំបាច់ ព្រមទាំងបន្តកិច្ចសហការក្នុងគោលបំណង ចូលរួមចំណែកការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ។

បណ្ឌិត្យសភានគរបាលកម្ពុជា ជាគ្រឹះស្ថានសិក្សាសាធារណៈតែមួយគត់ ក្នុងការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល និងការអភិវឌ្ឍធនធានមនុស្សលើវិស័យសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈប្រកបដោយកិត្យានុភាព ឧត្ដមភាព និងការជឿទុកចិត្តក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ៕