(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី សេង សុភាព នាយិកាអង្គការ FHI 360 ប្រចាំកម្ពុជា លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញលើកទឹកចិត្ដដល់អង្គការ FHI 360 ពិនិត្យលទ្ធភាពបន្ថែមដើម្បីចូលរួមចំណែក ក្នុងការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល

ជំនួបជាមួយអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) បានធ្វើឡើហនៅទីស្តីការក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោករដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការស្វាគមន៍របស់ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ចំពោះអង្គការសុខភាពគ្រួសារអន្តរជាតិថ្លែងអំណរគុណដល់អង្គការ FHI 360 ដែលបានចូលរួមគាំទ្រក្រសួងសុខាភិបាល ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា។

ជាពិសេសចូលរួមក្នុងការសម្រេចសមិទ្ធផលជាច្រើន នៃគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលកម្ពុជា ការធ្វើឱ្យប្រសើរឡើងនូវពិធីសារពង្រឹងគុណភាពកម្មវិធីសុខភាពថ្នាក់ជាតិ។

លោកស្រីនាយិកាអង្គការ FHI 360 ក៏បានថ្លែងថា អង្គការ FHI 360 ជាអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល និងមិនរកប្រាក់ចំណេញ ដែលមានការិយាល័យកណ្តាលនៅសហរដ្ឋអាមេរិក និងកំពុងអនុវត្តសកម្មភាពនៅប្រទេសចំនួនជាង ៦០។

លោកស្រីបន្តថា អង្គការ FHI 360 មានបេសកកម្មចម្បងក្នុងការធ្វើឱ្យប្រសើរឡើងនូវសមធម៌សុខភាព និងសុខុមាលភាពរបស់មនុស្សជាតិតាមរយៈការប្រើប្រាស់ទិន្នន័យ និងការស្វែងរកដំណោះស្រាយដោយមូលដ្ឋាន។ អង្គការ FHI 360 នៅប្រទេសកម្ពុជា បានចាប់ផ្តើមដំណើរការកាលពីឆ្នាំ១៩៩៨ និងបច្ចុប្បន្នកំពុងអនុវត្តសកម្មភាព និងផ្តល់ជំនួយបច្ចេកទេស លើគម្រោងសកម្មភាពផ្តោតលើវិស័យសុខាភិបាល ចំនួន ៥ រួមមាន៖

១៖ គម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាព (EQHA) ដំណាក់កាលទី១ និងទី២

២៖ គម្រោងសម្រេចឱ្យបាននូវគោលដៅ និងរក្សាការគ្រប់គ្រងការឆ្លងរីករាលដាលមេរោគអេដស៍ (EpiC): មាន
រយៈពេល៥ឆ្នាំ (២០២០ - ២០២៥)

៣៖ គម្រោងការតាមដាន និងស្រាវជ្រាវជំងឺឆ្លង (IDDS): មានរយៈពេល ៦ឆ្នាំ (២០១៨-២០២៤)

៤៖ គម្រោង Alive & Thrive: មានរយៈពេល ៥ឆ្នាំ (២០១៩-២០២៥)

៥៖ គម្រោង EGHS (Enhancing Global Health Security): ៥ឆ្នាំ (២០២០២-០២៥)

គួរបញ្ជាក់ផងដែរថា អង្គការ FHI 360 បាន និងកំពុងសហការជាមួយក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធនៅថ្នាក់ជាតិ និងក្រោមជាតិ ក្នុងការអនុវត្តគម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាព (EQHA): EQHA I មានរយៈពេល ៥ឆ្នាំ (២០១៧-២០២៣) និង EQHA II មានរយៈពេល៥ឆ្នាំ (២០២៣-២០២៧) និងគោរពស្នើសុំការគាំទ្រពីក្រសួងសុខាភិបាល ជាបន្តទៀត ។

ទន្ទឹមនឹងនោះ លោករដ្ឋលេខាធិការសុខាភិបាល ក៏បានលើកទឹកចិត្ត អង្គការ FHI 360 ពិនិត្យលទ្ធភាពបន្ថែមកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ដោយផ្តោតជាសំខាន់លើយុទ្ធសាស្ត្រវិស័យសុខាភិបាល ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល មានដូចជា៖

១៖ បង្កើនសកម្មភាពអប់រំសុខភាពជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់សុខភាពពលរដ្ឋកាន់តែប្រសើរឡើង

២៖ ប្រយុទ្ធនឹងជំងឺឆ្លង

៣៖ ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងជាសកលដែលជាបញ្ហាសុខភាពសាធារណៈ

៤៖ ទប់ស្កាត់ជំងឺមិនឆ្លង ដែលប៉ះពាល់ដល់សុខភាពសាធារណៈក្នុងពេលដែលសង្គមសេដ្ឋកិច្ចមានការរីកចម្រើន

៥៖ ទប់ស្កាត់នឹងបង្ការជំងឺបណ្ដាលមកពីផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ

៦៖ ធ្វើឱ្យប្រសើរឡើងនូវការពិនិត្យ និងព្យាបាលជំងឺ នៅតាមសហគមន៍

៧៖ ការធ្វើនិយ័តកម្មករសេវាសាធារណៈ និងសេវាឯកជន ដើមី្បលើកកម្ពស់សេវាថែទាំសុខភាព

៨៖ អភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសជំនាញសុខាភិបាល

៩៖ អភិវឌ្ឍន៍សុខភាពឌីជីថល(Digital Health)

ព្រមទាំងអាទិភាពសុខាភិបាលទាំងបីគឺ
*ពង្រឹងសមត្ថភាពមណ្ឌលសុខភាព តាមរយៈការផ្គត់ផ្គង់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ឱសថចាំបាច់ ហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល ធ្វើយ៉ាងណាឱ្យការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋបាន២៤ម៉ោងក្នុង១ថ្ងៃ។

*ពង្រឹងសមត្ថភាពមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ និងខេត្ត តាមរយៈការពង្រឹងសមត្ថភាព ក្នុងការសង្ក្រោះបន្ទាន់ បន្ទប់វះកាត់ មន្ទីរពិសោធន៍ និងប្រព័ន្ធបញ្ជូនជាដើម។

*ពង្រឹងស្ថាប័ននិងធនធានមនុស្សសុខាភិបាលតាមរយៈការពង្រឹងភាពជាអ្នកដឹកនាំស្ថាប័នគ្រប់លំដាប់ថ្នាក់ ជាក់ស្តែងដូចជា ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ជូនថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ រហូតដល់ប្រធានមណ្ឌលសុខភាពជារៀងរាល់សប្តាហ៍ជាដើម៕