(ភ្នំពេញ)៖ កម្ពុជា និងអារ៉ាប៊ីសាអូឌី តាមរយៈក្រសួងមហាផ្ទៃ នៃប្រទេសទាំងពីរ នឹងឈានទៅពិភាក្សាលើសេចក្ដីព្រាងនៃអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់។ នេះបើតាមខ្លឹមសារជំនួប រវាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងឱកាសចូលជួបសម្ដែងការគួរសម ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានជម្រាបអំពីដំណើរការ នៃការធ្វើសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដែលពេលនេះកំពុងស្ថិតនៅក្នុងដំណើរការនៃការកែសម្រួល និងរំពឹងថាសម្រេចបាននាពេលឆាប់ៗ។
ជាមួយគ្នានេះ លោក Mohammed Ismaeil A. Dahlwy ក៏បានជម្រាបលោកអភិសន្តិបណ្ឌិត អំពីសំណើឱ្យមានមន្រ្តីទំនាក់ទំនង ដើម្បីផ្លាស់ប្តូរព័ត៌មាន និងសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរពាក់ព័ន្ធនឹងពលរដ្ឋកម្ពុជា និងពលរដ្ឋអារ៉ាប៊ីសាអូឌីត។
ជាការឆ្លើយតប អភិសន្តិបណ្ឌិត ស សុខា បានស្វាគមន៍ និងចាត់ទុកវត្តមានរបស់ឯកឧត្តមឯកអគ្គរាជូតនាពេលនេះ ថាជាការបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់របស់ លោកក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងអារ៉ាប៊ីសាអូឌីត និងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជាមួយក្រសួងមហាផ្ទៃផ្ទាល់។
លោកអភិសន្តិបណ្ឌិត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមក ហើយមានសេចក្ដីសង្ឃឹមជឿជាក់ថា តាមរយៈបេសកកម្មរបស់ឯកអគ្គរាជទូត កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈរ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត៕