(ភ្នំពេញ)៖ ផ្សារមូលបត្រកម្ពុជា (ផមក) បានចេញសេចក្ដីជូនដំណឹងពីការដាក់សម្ពោធជាផ្លូវការ ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ ដើម្បីឱ្យវិនិយោគិនប្រើប្រាស់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ ជាប្រព័ន្ធអនុញ្ញាតឱ្យវិនិយោគិន ទទួលបានគណនីភ្លាមៗ រៀងរាល់ម៉ោងធ្វើការ ដើម្បីបើកគណនីជួញដូរតាមអនឡាញបាន វិនិយោគិនត្រូវដោនឡូតកម្មវិធី ទូរស័ព្ទផ្សារហ៊ុន និងតម្រូវឲ្យវិនិយោគិនចុចពាក្យ បើកគណនីជួញដូរ បន្ទាប់មកត្រូវជ្រើសរើសក្រុមហ៊ុនមូលបត្រ ដែលខ្លួនពេញចិត្តហើយបំពេញព័ត៌មានមួយចំនួន ស្តេនអត្តសញ្ញាញប័ណ្ណ និងស្កេនមុខ។

បន្ទាប់ពីក្រុមហ៊ុនមូលបត្រ បានពិនិត្យមើលព័ត៌មានរបស់អ្នកស្នើសុំរួចរាល់ នោះលេខអត្តសញ្ញាញវិនិយោគិន និងលេខគណនីជួញដូរនឹងត្រូវបង្កើតឡើងភ្លាមៗ។ ដូចនេះវិនិយោគិន កាន់តែមានភាពងាយស្រួល ឆាប់រហ័ស ចំណេញពេលវេលា និងការចំណាយផ្សេងៗ ដើម្បីទទួលបានគណនីជួញដូរ។ បន្ទាប់ពីបានគណនីជួញដូរ វិនិយោគិនអាចដាក់ប្រាក់ចូលគណនី និងជួញដូរបានភ្លាមៗផងដែរ។

ការបើកគណនីជួញដូរមូលបត្រតាមអនឡាញ ជាផ្នែកមួយនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមនៃកម្ពុជា។

ផ្សារមូលបត្រកម្ពុជា សង្ឃឹមថាក្នុងឆ្នាំ២០២៤ខាងមុខនេះ នឹងមានការបើកគណនីកើនឡើងប្រមាណ៣ម៉ឺន ទៅ៥ម៉ឺនគណនី (ឬស្មើនឹងជិត១០០%នៃចំនួនគណនីបច្ចុប្បន្ន) បន្ទាប់ពីដាក់ដំណើរការប្រព័ន្ធនេះ៕