(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រសួងសុខាភិបាល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានធ្វើសន្និសីទផ្សព្វផ្សាយសមិទ្ធផលរបស់ «គម្រោងពង្រឹងសុខភាពមាតា និងទារក នៅតំបន់ឦសាននៃប្រទេសកម្ពុជា ក្រោមវត្ដមានលោកវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រី Moonjung CHOI នាយិកាប្រចាំប្រទេស នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។
សន្និសីទនេះក៏មានការអញ្ជើញចូលរួមពីតំណាងអភិបាល នៃគណអភិបាលខេត្ដ មន្ទីរសុខាភិបាល ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (NMCHC) មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព (NCHP) និងមន្ត្រីពាក់ព័ន្ធគម្រោងសរុបចំនួន ១០០នាក់ ដើម្បីធ្វើការចែករំលែកនូវសមិទ្ធផលរបស់គម្រោងដែលបានអនុវត្ដក្នុងរយៈពេល ៥ឆ្នាំ។
គម្រោងពង្រឹងសុខភាពមាតា និងទារកនៅតំបន់ឦសាននៃប្រទេសកម្ពុជា ត្រូវបានអនុវត្តក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក្នុងរយៈពេល ៥ឆ្នាំ (២០១៩ ដល់ ២០២៣) បានសម្រេចនូវសមិទ្ធផលជាច្រើនរួមមាន ការសាងសង់អគារថែទាំសុខភាពមាតា និងទារក ចំនួន ៥កន្លែង បុគ្គលិកសុខាភិបាលទទួលបានវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពផ្នែកគាំពារមាតា និងទារក ក្រុមទ្រទ្រង់សុខភាពភូមិបានទទួលការបណ្តុះបណ្តាលវគ្គមូលដ្ឋានគ្រឹះ ឬវគ្គរំលឹកនៃការថែទាំសុខភាពមាតានិងទារក សកម្មភាពចុះមូលដ្ឋានពិនិត្យសុខភាពជូនស្រ្ដីមានផ្ទៃពោះ និងក្មេងក្រោម ៥ឆ្នាំ លើកកំពស់ការយល់ដឹងអំពីការថែទាំសុខភាព តាមរយៈការផ្សព្វផ្សាយសារអប់រំសុខភាព ពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺ តាមរយៈការផ្តល់ជារថយន្តសង្រ្គោះបន្ទាន់ ទូកសង្គ្រោះបន្ទាន់ និងផ្ដល់សំម្ភារៈបរិក្ខារវេជ្ជសាស្ត្រ។
លោកវេជ្ជបណ្ឌិត ស៊ុង វិនតៈ បានថ្លែងថា ក្នុងនាមលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល សូមសម្តែងនូវការកោតសរសើរដល់អង្គការ ហ្គូដ ណែប័រកម្ពុជា ដែលបានសហការជាមួយមន្ទីរសុខាភិបាលទាំងពីរអនុវត្តន៍គម្រោង និងទទួលលទ្ធផលជោគជ័យតាមការរំពឹងទុក ទោះក្នុងកាលៈទេសៈនៃការរីករាលដាល នៃជំងឺកូវីដ-១៩ ក៏ដោយ។
លោករដ្ឋលេខាធិការក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋកូរ៉េ តាមរយៈ KOICA ដែលបានផ្តល់ការគាំទ្រដល់វិស័យសុខាភិបាលជាច្រើន មិនត្រឹមតែគម្រោងគិរីនេះមួយទេ។
ទន្ទឹមនឹងនោះលោកក៏បានគូសរំលេចនូវអាទិភាពវិស័យសុខាភិបាលទាំង៩ និងអាទិភាពចំបងចំនួន៣ នៃ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ បុរេសកម្មប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
លោករដ្ឋលេខាធិការក៏បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តទាំងពីរ មន្ត្រីសុខាភិបាលទាំងអស់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាជនទាំងអស់នៅក្នុងខេត្តទាំងពីរ ដែលបានគាំទ្រ សហការ អនុវត្តន៍ និងចូលរួមយ៉ាងសកម្មធ្វើឱ្យសុខភាពមាតា ទារក និងកុមារនៅក្នុងខេត្តទាំងពីរឱ្យកាន់តែប្រសើរឡើង។
លោកស្រី Moonjung CHOI នាយកប្រចាំប្រទេសនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានថ្លែងថា គម្រោងនេះស្របតាមចក្ខុវិស័យរបស់កម្ពុជា ក្នុងការផ្តល់សេវាកាន់តែប្រសើរដល់មនុស្សគ្រប់គ្នាជាពិសេសនៅតាមបណ្តាខេត្តដាច់ស្រយ៉ាល។ KOICA បានខិតខំជួយដល់វិស័យសុខាភិបាលកម្ពុជាដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ហើយនឹងបន្តពង្រីកការគាំទ្រក្នុងវិស័យសុខាភិបាលសម្រាប់កម្ពុជាជាបន្ថែមទៀត៕