(ភ្នំពេញ)៖ ក្នុងពិធីបិទមហាសន្និបាតរបស់សមាគមមិត្តនគរបាលកម្ពុជា លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះការបំពេញតួនាទី ភារកិច្ចអស់រយៈពេលអាណត្តិទី៤ កន្លងទៅរបស់សមាគមមិត្តនគរបាលកម្ពុជា។

ទន្ទឹមនេះ ដើម្បីបំពេញតួនាទីភារកិច្ច ឲ្យកាន់តែមានប្រសិទ្ធផលថែមទៀត លោកអភិសន្តិបណ្ឌិត បានថ្លែងលើកទឹកចិត្តដល់គណៈកម្មាធិការកណ្តាលអាណត្តិថ្មី ត្រូវរៀបចំឲ្យមានកម្មវិធីប្រជុំជាកំណត់មួយ ដើម្បីពិនិត្យលើការងារដឹកនាំ និងដោះស្រាយបញ្ហាដែលកើតមានឡើង ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ចំពោះអង្គការចាត់តាំងតាមអង្គភាពនីមួយៗចំណុះក្រសួងមហាវិញ គួរពិនិត្យរៀបចំរចនាសម្ព័ន្ធឡើងវិញ ជាពិសេស តាមអគ្គនាយកដ្ឋានដែលទើបបង្កើតថ្មី។

ដើម្បីលើកកម្ពស់កិត្តិយសមន្ត្រីនគរបាលជាតិ អភិសន្តិបណ្ឌិត ស សុខា បានជំរុញដល់គណៈកម្មាធិការអាណត្តិថ្មី ឲ្យពិចារណាបង្កើតក្រុមការងារ ឬអនុគណៈកម្មាធិការរៀបចំពិធីបុណ្យសព នៅតាមគណៈកម្មាធិការមូលដ្ឋាននីមួយៗ សម្រាប់ចាត់ចែងពិធីបុណ្យ ឲ្យបានសមរម្យ។ ដូចគ្នាដែរ ថវិកាសម្រាប់ឧបត្ថម្ភដល់នគរបាលជាតិជាសមាជិករបស់សមាគមវិញ គប្បីពន្លឿនក្នុងផ្ដល់ជូនក្រុមគ្រួសារសព យ៉ាងយូរក្នុងរយៈពេល១២ថ្ងៃ នៃថ្ងៃធ្វើការ ដោយកុំអូសបន្លាយពេលយូរ។

ដោយឡែកចំពោះការផ្សព្វផ្សាយសកម្មភាពវិញ គណៈកម្មការនិពន្ធទស្សនាវដ្ដីមិត្តនគរបាល សូមបន្តបង្កើនការយកចិត្តទុកដាក់សម្រិតសម្រាំងទាំងរូបភាព និងខ្លឹមសារអត្ថបទ ឲ្យបានកាន់តែល្អទ្វេរដង ក៏ដូចជាពង្រីកការចុះផ្សាយសកម្មភាព ដែលបានចុះផ្ដល់ថវិការឧបត្ថម្ភ និងការជួយរៀបចំពិធីបុណ្យសពផងដែរ។

រីឯការគ្រប់គ្រងសមាជិក ដើម្បីឱ្យស្របតាមគោលនយោបាយឌីជីថល និងភាពងាយស្រួល សមាគមមិត្តនគរបាលជាតិកម្ពុជា គួរសហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ ដើម្បីឈានទៅធ្វើទំនើបកម្មគ្រប់គ្រងឯកសារ របស់សមាជិក សមាជិកាតាមប្រព័ន្ធឌីជីថល ដោយមិនអាចនៅបន្តប្រតិបត្តិការតាមបែបប្រពៃណីទៀតឡើយ។

ក្នុងពិធីបិទមហាសន្និបាតនេះដែរ លោកអភិសន្តិបណ្ឌិត ស សុខា ក៏ផ្ញើសារអំពាវនាវដល់បណ្ដាសប្បុរសជនគ្រប់មជ្ឈដ្ឋាន បន្តឧបត្ថម្ភគាំទ្រ សមាគមមិត្តនគរបាលជាតិកម្ពុជា ដើម្បីឲ្យសមាគមនេះកាន់តែរឹងមាំ និងរីកចម្រើនថែមទៀតនាពេលបច្ចុប្បន្ន និងអនាគត។

គួរកត់សម្គាល់ថា មហាសន្និបាត បានបោះឆ្នោតជូន នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ធ្វើជាប្រធាន និង បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជូន លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានកិត្តិយស៕