(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ បានលើកឡើងពីទីតាំងបើកល្បែង អនឡាញដុះស្លែដ៏ធំមួយកន្លែង គឺការភ្នាល់ និងចាក់បាល់គ្រប់ប្រភេទ តាមប្រព័ន្ធ Internet ដោយជ្រកក្រោមស្លាកយីហោ(៨៩Net)២៤ម៉ោង។ ទីតាំងហ្គេមមួយនេះ បាននិងកំពុងដំណើរការដោយប្រមូលផលយ៉ាងរលូនទាំងយប់ ទាំងថ្ងៃខណៈដែលសមត្ថកិច្ចមូលដ្ឋាន បែរជាឆ្លើយថាមិនបានដឹងរឿងនេះទៅវិញ ហាក់មានការឃុបឃិតជាមួយម្ចាស់ទីតាំង ក៏ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន។
ទីតាំងបើកល្បែងភ្នាល់ និងចាក់បាល់គ្រប់ប្រភេទតាមប្រព័ន្ធ Internet ជ្រកក្រោមស្លាកយីហោ៨៩Netនេះ មានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ៥ ទល់មុខប៉ុស្ដិ៍នគរបាលទួលសង្កែ ខណ្ឌឫស្សីកែវ។ ទីតាំងនេះត្រូវបានប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះ លួចបង្ហើប និងរិះគន់ចំៗថា នគរបាលប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ មិនខ្ចីយកភ្នែកមើលទេរឿងល្បែងស៊ីសងនេះ ក៏ព្រោះតែទទួលបានសំណែនរៀងរាល់ខែ ពីម្ចាស់ទីតាំងបើកល្បែងទាំងនេះតែម្ដង ទើបគ្មានវិធានការបង្ក្រាប ។ ប្រជាពលរដ្ឋ បានបង្ហើបទៀតថា «បញ្ហាភូមិ-សង្កាត់មានសុវត្ថិភាពជាកត្តាសំខាន់ ជាមួយគ្នានោះ ក្នុងចំណោមគោលនយោបាយទាំង៩ចំណុច គឺបទល្មើសល្បែងស៊ីសងហ្គេមអនឡាញជាកត្តាគ្រោះថ្នាក់មួយ ដែលយើងចាប់អារម្មណ៍ជាងគេ និងអាចធ្វើឱ្យមនុស្សឈ្លក់វង្វេងភ្លេចការងារ ភ្លេចបាយភ្លេចទឹក ភ្លេចការសិក្សារ និងកែប្រែពីការចាញ់ល្បែងទៅជាបទល្មើស លួច ឆក់ ប្លន់ជាដើម»។
ពាក់ព័ន្ធការរិះគន់នេះដែរលោក ហ៊ុយ ហៀន នាយនគរបាលប៉ុស្ដិ៍ទួលសង្កែ និងលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ បានប្រាប់ភ្នាក់ងារ Fresh News ថា លោកនឹងរៀបចំចុះត្រួតពិនិត្យមើលលើបញ្ហានេះប្រសិនបើមានមែននោះ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋបានស្នើសុំឲ្យសមត្ថកិច្ចមូលដ្ឋាន មានការស្រាវជ្រាវចុះត្រួតពិនិត្យចំពោះទីតាំង ដែលបានលបលួចបើកល្បែងភ្នាល់ យ៉ាងអនាធិប្បតេយ្យគ្រប់ប្រភេទនេះផង ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើស និងធានាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕