(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ ជាថ្មីម្តងទៀត បានចេញប្រកាសបញ្ជាក់ថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការរៀបចំសណ្ដាប់ធ្នាប់ បណ្ដាញខ្សែកាបអាកាស តាមដងមហាវិថីធំៗ ចំនួន៦ ដោយធ្វើការកាត់ទម្លាក់ជាជំហានៗ ដាក់ចូលក្នុងបំពង់ក្រោមដីវិញ ដើម្បីពង្រឹងសុវត្ថិភាពជូនប្រជាពលរដ្ឋ លើកកម្ពស់សោភ័ណភាពរាជធានី ក៏ដូជាការរក្សាសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ សំដៅកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ។
តាមសេចក្ដីប្រកាសបានឱ្យដឹងថា រដ្ឋបាលរាជធានីបានស្នើឱ្យអង្គភាពរដ្ឋ ស្ថាប័ន ក្រុមហ៊ុនឯកជននានា ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមសហការ និងផ្ដល់ភាពងាយស្រួលដល់ក្រុមការងារ ដែលមានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អគ្គិសនីកម្ពុជា ក្រុមហ៊ុន CFOCN ក្រុមហ៊ុន PPCTV និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីឱ្យដំណើរនេះ ប្រព្រឹត្តទៅបានជោគជ័យ ជៀសវាងមាន បញ្ហាផ្សេងៗ។
សេចក្ដីប្រកាសបានបញ្ជាក់ថា មហាវិថីធំៗដែលត្រូវអនុវត្តការងារខាងលើ រួមមាន៖ មហវិថីព្រះនរោត្តម, មហាវិថីសហព័ន្ធរុស្ស៊ី, មហាវិថីព្រះមុនីវង្ស, មហាវិថីម៉ៅសេទុង, មហាវិថីកម្ពុជាក្រោម, និងមហាវិថីព្រះសីហនុ៕