(ភ្នំពេញ)៖ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានលើកឡើងថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរ ពាណិជ្ជករ ធុរជន វិនិយោគិនជាតិ និងអន្តរជាតិ បាននឹងកំពុងរីករាយ ទទួលនូវមនុញ្ញផល នៃការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដោយផ្តោតទៅលើវិស័យ កសិកម្ម, ឧស្សាហកម្ម, វិស័យសំណង់ និងទេសចរណ៍។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ហ៊ុន សុរិទ្ធី អញ្ជើញចូលរួមក្នុងពិធីសម្ពោធជាផ្លូវការ សាខាក្នុងស្រុក ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ស្ថិតនៅតាមបណ្តោយផ្លូវសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ហ៊ុន សុរិទ្ធី បានលើកឡើងថា ការសម្ពោធជាផ្លូវការសាខាក្នុងស្រុក ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ស្ថិតក្នុងខណ្ឌមានជ័យ នាពេលនេះ គឺពិតជាបានឆ្លុះបញ្ចាំង ឲ្យឃើញពីការសម្រេចចិត្តដ៏ត្រឹម ត្រូវរបស់ក្រុមហ៊ុនតូយ៉ូតា។

លោកថា នេះជាជោគជ័យថ្មីមួយទៀត នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចាកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងការខិតខំទាក់ទាញនូវការវិនិយោគទាំងក្នុង និងក្រៅប្រទេស ជាពិសេស គឺការខិតខំបង្កើនជំនឿ ជឿជាក់ជូនដល់ពាណិជ្ជករ វិនិយោគ និងធុរជន ដើម្បីបណ្តាក់ទុនធ្វើអាជីវកម្មនៅកម្ពុជា សំដៅរួមចំណែក ជំរុញឲ្យមានកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍រាជធានីភ្នំពេញ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោក ហ៊ុន សុរិទ្ឋី បន្តថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរ ពាណិជ្ជករ ធុរជន វិនិយោគិនជាតិ និងអន្តរជាតិ បាននឹងកំពុងរីករាយ ទទួលនូវមនុញ្ញផល នៃការអនុវត្តគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយផ្តោតទៅលើវិស័យ កសិកម្ម, ឧស្សាហកម្ម, វិស័យសំណង់ និងទេសចរណ៍ ដែលជារបៀបវារៈនៃការអភិវឌ្ឍន៍ និងជំរុញឲ្យមានកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំក្នុងរង្វង់ ៧% អស់រយះពេលជាងពីរទសវត្សរ៍ និងឈានទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ និងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

ជាមួយគ្នានេះ លោកសូមជំរុញ និងលើកទឹកចិត្ត ចំពោះការ បណ្តាក់ទុនវិនិយោគធ្វើអាជីវកម្ម សេវាកម្មស្របច្បាប់គ្រប់ប្រភេទ ជាពិសេសការពង្រឹងពង្រីកសហគ្រិនភាព កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម ការបើកទូលាយបរិយាកាសវិនិយោគឲ្យកាន់តែមានភាពល្អប្រសើរ ប្រកបដោយភាពទាក់ទាញ និងផ្ដល់ទំនុកចិត្តខ្ពស់ជូនដល់ធុរជន និងសហគ្រិនទាំងអស់ ស្របតាមក្របខ័ណ្ឌពាណិជ្ជកម្ម សកល សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងពង្រីកសក្តានុពលថ្មីៗ ប្រកបដោយគុណវុឌ្ឍខ្ពស់។ ការអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យបានជោគជ័យ ទាល់តែយើងមានសុខសន្តិភាព និងស្ថេរភាព នយោបាយ លោកសូមអោយរួមគ្នារក្សាអោយបាននៅសុខសន្តិភាពនៅកម្ពុជា ដើម្បីកម្ពុជាមានឱកាសអភិវឌ្ឍន៍ប្រទេសអោយរីកចំរើនថែមទៀត។

លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានលើកឡើងថា ផ្អែកលើកត្តាសន្តិភាព ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចាកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងការខិតខំទាក់ទាញនូវការវិនិយោគទាំងក្នុង និងក្រៅប្រទេស នេះហើយ ទើបក្រុមហ៊ុនរបស់លោកតែងបានបន្តពង្រីកសាខារបស់ខ្លួន ទៅតំបន់មានសក្តានុពលសេដ្ឋកិច្ច ដូចជានៅពេលថ្មីៗ ក្រុមហ៊ុនបានពង្រីកសាខា នៅខេត្តកំពង់ចាម និងបន្តបើកសាខាថ្មី នៅខណ្ឌមានជ័យ នាពេលនេះ លើផ្ទៃដីជាង ១ហិកតា ដែលមានទាំងសេវាកម្មជួសជុលរថយន្ត បង់រំលួសរថយន្ត ទិញ-លក់រថយន្ត តូយ៉ូតាថ្មី និងមួយទឹកៗផងដែរ៕