(ភ្នំពេញ)៖ អត្តសញ្ញាណក្រុមជនដៃដល់ ចំនួន៤នាក់ ដែលបាញ់បោះសេរីយ៉ាងអនាធិបតេយ្យនៅផ្ទះលំហែលើភ្នំគិរីរម្យ (ចំការតែ) ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រូវបានសមត្ថកិច្ចបង្ហាញ បន្ទាប់ពីពួកគេចូលសារភាពកំហុស នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

របាយការណ៍របស់សមត្ថកិច្ចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងពីអត្តសញ្ញាណក្រុមខ្មាន់កាំភ្លើង ដូចខាងក្រោម៖

*ទី១៖ ឈ្មោះ ប៊ិន ភរម្យ ភេទប្រុស អាយុ៤០ឆ្នាំ កាន់អាវុធខ្លី ម៉ាក PACOLT
*ទី២៖ ឈ្មោះ សុឹម សុវណ្ណរិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ ម្ចាស់អាវុធខ្លី ម៉ាក BERETTA
*ទី៣៖ ឈ្មោះ ប៊ិន ភាលុច ភេទប្រុស អាយុ៣៧ឆ្នាំ កាន់អាវុធខ្លី ម៉ាក CANIKSS
*ទី៤៖ ឈ្មោះ ឈិត លីហៀង ភេទប្រុស អាយុ៣៣ឆ្នាំ គ្មានអាវុធ។

យោងតាមការបំភ្លឺពីបុគ្គលទាំង៤នាក់ បានឲ្យដឹងថា នៅថៃ្ងទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ពួកគេទៅចូលរួមកម្មវិធីខួបកំណើតរបស់ឈ្មោះ កង តារាវិឆៃ (ម្ចាស់ទីតាំង)។ ពេលជួបជុំគ្នាក្នុងកម្មវិធី ខួបកំណើត ចន្លោះវេលាម៉ោង០៤៖២៥នាទីល្ងាច ម្ចាស់ខួបឈ្មោះ កង តារាវិឆៃ បានសុំខ្ចីអាវុធខ្លីម៉ាក CANIKSS ពីឈ្មោះ ប៊ិន ភាលុច យកទៅបាញ់សាកនៅផ្នែកចំហៀងខាងស្ដាំនៃផ្ទះលំហែ បាញ់អស់ប្រហែល១០គ្រាប់ រួចក៏ដេីរត្រឡប់មកវិញ អង្គុយផឹកស្រាបៀរបន្ដ។ ក្រៅពី ឈ្មោះ កង តារាវិឆៃ ជាអ្នកបាញ់គឺពុំមានអ្នកណាបាញ់ទៀតទេ មានតែភ្ញៀវចំណោមអ្នកមកចូលរួមបានដុតផាវលេងតែប៉ុណ្ណោះ។

នៅវេលាម៉ោង០៧៖១០នាទីយប់ ឈ្មោះ ឈិត លីហៀង បានមកដល់ហេីយអង្គុយហូបស្រាបៀរ ជាមួយគេរហូតដល់ម៉ោង០៩៖០២នាទី ទេីបអ្នកទាំង៤នាក់ បានដេីរមេីលគេដុតផាវកាំជ្រួច ពេលនោះបាននាំគ្នាសាកអាវុធខ្លីរបស់ខ្លួនម្នាក់៣-៤គ្រាប់ បន្ទាប់មកឈ្មោះ ឈិត លីហៀង សុំឈ្មោះ ប៊ិន ភាលុច បាញ់សាកលេង ចំនួន២គ្រាប់។

ទាក់ទិនករណីនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា មន្ដ្រីនគរបាលដៃដល់ ចំនួន៤នាក់ ដែលបាញ់បោះសេរីនៅផ្ទះលំហែលើខ្នងភ្នំគិរីរម្យ នឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានកោះនរា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើតាមអ្វីដែលទេសរដ្ឋមន្ដ្រី ឆៃ ស៉ីណារិទ្ធ បានរាយការណ៍ជូនសម្ដេច ហេតុការណ៍បាញ់បោះសេរីនៅភ្នំគិរីរម្យ គឺជាមន្ដ្រីនគរបាលចំនួន៤រូប ហើយនឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង។

សូមរំលឹកថា ស្នូរគ្រាប់កាំភ្លើងជាច្រើនគ្រាប់បានបន្លឺឡើងយ៉ាងកងរំពងនៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលឮចេញពីក្នុងពិធីខួបកំណើតមួយស្ថិតនៅចំណុចផ្ទះលំហែ ភូមិថ្មី (ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (លើខ្នងភ្នំគិរីរម្យ) ដែលសមត្ថកិច្ចអះអាងថា ជាកម្មសិទ្ធិរបស់ឈ្មោះ កង តារាវិឆៃ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ។

ក្រោយមានការបាញ់បោះសេរី ដែលតែងតែកើតមានឡើងនៅបរិវេណផ្ទះខាងលើ នៅពេលមានការជួបជុំម្តងៗនោះ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចចំរុះបានចុះទៅពិនិត្យនៅកន្លែងកើតហេតុ ដោយរកឃើញសំបកគ្រាប់កាំភ្លើងវែង ខ្លីជាង២០០គ្រាប់៕

</p