(សៀមរាប)៖ រង្វាន់លើកទឹកចិត្តជាច្រើន មានដូចជាកង់ កាបូបស្ពាយ សៀវភៅ ប៊ិច និងខោអាវកីឡា ត្រូវបានអាជ្ញាធរជាតិអប្សរា យកទៅចែកជូនសិស្សពូកែ ចំនួន៦៣នាក់ មកពី២១សាលាបឋមសិក្សានានា ទូទៅតំបន់អង្គរ ដែលទទួលបានចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ក្នុងកម្មវិធីអប់រំបេតិភណ្ឌនៃឧទ្យានអង្គរ។ កម្មវិធីនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ក្នុងសាលាបឋម សិក្សាប្រាសាទគោកចក-ខូបេយូម៉ិ រៀបចំដោយអាជ្ញាធរជាតិអប្សរាដែលដឹកនាំដោយលោក ស៊ា សុខុន គ្រូបង្រៀនផ្នែកអប់រំបេតិកភណ្ឌ នៃឧទ្យានអង្គរ ក្រោមគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គរ (ACHA) និងមានការចូលរួមពីលោកនាយកសាលា និងលោកគ្រូ អ្នកគ្រូជាច្រើននាក់ មកពីសាលាទាំង២១កន្លែង រួមទាំងក្រុមការងារអាជ្ញាធរជាតិអប្សរា ជាច្រើននាក់ទៀត។
ក្នុងឱកាសនេះ លោក ស៊ា សុខុន បានឱ្យដឹងថា ឆ្នាំនេះជាឆ្នាំទី២ហើយ នៃការប្រកួតប្រជែងយកជយលាភី ក្នុងកម្មវិធីអប់រំបេតិភណ្ឌ នៃឧទ្យានអង្គរ ដែលរៀបចំដោយអាជ្ញាធរជាតិអប្សរា សហការជាមួយប្រទេសញ៉ូវហ្សេឡែន ដែលមានសិស្សានុសិស្សចូលរួមចំនួន ៧៨៤នាក់ និងទទួលបានរង្វាន់លើកទឹកចិត្ត៦៣នាក់ ក្នុងនោះមាន២១នាក់ បានជាប់ចំណាត់ថ្នាក់លេខ១។
លោកបានបន្តថា សិស្សទាំងអស់នេះ គឺមកពីសាលាផ្សេងៗគ្នា មានសាលាបឋមសិក្សាចំនួន១៥, អនុវិទ្យាល័យចំនួន៤, វិទ្យាល័យ ចំនួន២ ដែលសុទ្ធសឹងតែនៅក្នុងតំបន់អង្គរ។ បន្ថែមពីនេះ ក្រុមការងារក៏បានបញ្ជ្រាបចំណេះដឹងនៃការអប់រំបេតិភណ្ឌនៃឧទ្យានអង្គរ ដល់សាលាគរុកោសល្យខេត្តសៀមរាបផងដែរ ព្រោះគរុសិស្សទាំងអស់ នឹងក្លាយជាអ្នកសាបព្រួសចំណេះដឹងដ៏សំខាន់ទៅកាន់ក្មេងៗ នាពេលដ៏ខ្លីខាងមុខ។
លោក សុខុន បានបន្ថែមទៀតថា អំណោយថ្ងៃនេះ រួមមានជយលាភីលេខ១ ទទួលបានកង់១គ្រឿង ខោអាវកីឡា១កំប្លេ កាបូបស្ពាយ១ សៀវភៅ២ក្បាល ប៊ិច២ដើម, ជយលាភីលេខ២ និងលេខ៣ ទទួលបានកាបូបស្ពាយ១ ខោអាវកីឡា១កំប្លេ សៀវភៅ២ក្បាល ប៊ិច២ដើម ហើយអំណោយទាំងនេះ ក៏ជាការលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលបានចូលរួមយ៉ាងសកម្ម ក្នុងកម្មវិធីអប់រំបេតិកភណ្ឌ ក៏ដូចជា លើកទឹកចិត្តឱ្យក្មេងៗទាំងអស់ ចូលរួមស្វែងយល់ពីអ្វីដែលជាបេតិកភណ្ឌ និងសារសំខាន់នៃការការពារថែរក្សាបេតិកភណ្ឌអង្គរ ហើយលើកទឹកចិត្តឱ្យមានការប្រកួតប្រជែងសមត្ថភាពលើការយល់ដឹងផ្នែកបេតិកភណ្ឌខ្មែរ។
កុមារី ខុំ ស្រីមាស អាយុ១០ឆ្នាំ មកពីសាលាបឋមសិក្សាគោកតាចាន់ និងកុមារី ធៀង ប្រជាល័ក្ខ អាយុ១៣ ជាសិស្សថ្នាក់ទី៦ មកពី សាលាបឋមសិក្សាជ័យ ជាម្ចាស់ជ័យលាភីលេខ១ បានសម្តែងនូវអារម្មណ៍យ៉ាងរីករាយ ក្រោយពីបានទទួលបានកង់ថ្មី ក៏ដូចជាសម្ភារ សិក្សា និងខោអាវកីឡាពីការប្រកួត។ កុមារីទាំងពីរខាងលើ បានរៀបរាប់ថា «ដំបូងពួកខ្ញុំមិនបានដឹងទេថា អ្វីជាបេតិកភណ្ឌតែបាន លោកគ្រូជួយបង្រៀនពួកខ្ញុំ ទាក់ទងនឹងបេតិកភណ្ឌ ហើយក៏ធ្វើកិច្ចការដែលកាត់ដាក់ឱ្យ, ពួកខ្ញុំមិននឹកស្មានថា បានទទួលបាន លេខ១»។
ពួកគេមានការសប្បាយចិត្តយ៉ាងខ្លាំងពេលបានដឹងខ្លះៗថា អ្វីជាបេតិកភណ្ឌ ហើយបានរង្វាន់លើកទឹកចិត្តទៀត ហើយបានសន្យានឹងរួម ចំណែកជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការថែរក្សា ការពារបេតិកភណ្ឌរបស់ខ្មែរ ហើយចង់ឱ្យមានកម្មវិធីបែបនេះនៅគ្រប់សាលា ដើម្បីផ្តល់ឱកាសដល់កុមារ បានស្វែងយល់ក៏ដូចជាចូលរួមក្នុងការថែរក្សាមរតកបេតិកភណ្ឌរបស់ខ្លួន ឲ្យបានគង់វង្ស៕