(ហ្សាការតា)៖ តបតាមការអញ្ជើញរបស់លោក Prabowo Subianto  រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ២០២៣ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៧ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី១០ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។

ហើយនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៧ ដែលបានប្រព្រឹត្តទៅក្រោមប្រធានបទ «សន្តិភាព វិបុលភាព និងសន្តិសុខ»។

កិច្ចប្រជុំបានអនុម័តឯកសារសំខាន់ៗមួយចំនួន រួមទាំង កម្មវិធីការងាររបស់រដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ២០២៣-២០២៦ ឯកសារទស្សនទានស្តីពីការអនុវត្តចក្ខុវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកពីទស្សនវិស័យខាងការពារជាតិ ក៏ដូចជា៖ សេចក្តីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានដើម្បីសន្តិភាព វិបុលភាព និងសន្តិសុខ ជាដើម។

នៅរសៀលថ្ងៃដដែលលោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានកោតសរសើរពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក ដែលចូលរួមចំណែកយ៉ាងវិជ្ជមាន ដល់ការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក។

នាឱកាសនោះដែរ បណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា ឆ្នាំនេះជាឱកាសប្រកបដោយអត្ថន័យសម្រាប់ទំនាក់ទំនងរវាងអាស៊ាន និងជប៉ុន ស្របពេលដែលភាគីទាំងពីរ ប្រារព្វខួបអនុស្សាវរីយ៍ ៥០ ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន។

ក្នុងន័យនេះ លោកបណ្ឌិត កៅ គឹមហួន ទន្ទឹងចាំមើលកិច្ចសហប្រតិបត្តិផ្នែកការពារជាតិកាន់តែជិតស្និទ្ធរវាងអាស៊ាន និងជប៉ុន តាមរយៈក្របខណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក៕