(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានកោះនរា នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានលើកឡើងថា ការអភិវឌ្ឍនៅតំបន់កោះនរា គឺដើម្បីបែងចែកនូវផលសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋទូទៅទាំងអស់ មិនមែនសម្រាប់តែអ្នកឧកញ៉ា ពុង ឃាវសែ ឬក្រុមមនុស្សមួយក្ដាប់តូចនោះទេ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការអភិវឌ្ឍដែលមានន័យបំផុត គឺការអភិវឌ្ឍដែលបានផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋទូទៅទាំងអស់ ហើយកោះនរានេះទៀតសោត ប្រៀបដូចជាការជប់ដីដែលត្រូវបានលុបបាត់ ហើយធ្វើឲ្យរីកឡើងវិញកាន់ខ្ពស់សម្រាប់ប្រជាពលរដ្ឋគ្រប់រូប។

បើតាមប្រសាសន៍របស់សម្ដេចធិបតី នាយករដ្ឋមន្ដ្រី តំបន់កោះនរា នឹងត្រូវអភិវឌ្ឍន៍ជាបន្ដបន្ទាប់ មិនចាញ់តំបន់កោះពេជ្រនោះទេ ពោលនឹងបង្កើតទៅជាតំបន់សេដ្ឋកិច្ច ឧស្សាហកម្ម ទៅតាមអ្វីដែលបានគ្រោងទុក។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ការប្រែក្លាយទីនេះ (កោះនរា) ទៅជាតំបន់សេដ្ឋកិច្ច ឧស្សាហកម្ម ដែលមានគ្រោងដូចជា ផ្សារ កន្លែងធ្វើការ សួនកម្សាន្ដ សម្រាប់ប្រជាពលរដ្ឋ។ អ្វីដែលលិបពីក្នុងទឹកស្ដារឲ្យឡើងពីលើទឹក ហើយរីកចម្រើនបន្ដទៀត។ ការអភិវឌ្ឍដែលមានន័យបំផុត គឺការអភិវឌ្ឍដែលផ្ដល់ផលប្រយោជន៍ ទៅដល់ប្រជាពលរដ្ឋទូទៅ មិនមែនផ្ដល់តែសម្រាប់ OCIC ទេ មិនមែនអ្នកឧកញ៉ា ពុង ឃាវសែ ធ្វើផ្ទះហើយហាមគេចូលទេ ប៉ុន្ដែផ្ដល់ផលឲ្យប្រជាពលរដ្ឋទូទៅ នេះហើយជាការអភិវឌ្ឍពិតប្រាកដ គឺការចែកផលលាភទៅដល់ប្រជាពលរដ្ឋ»។

សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍន៍កោះនរា គឺជាការស្រង់ស្ថានភាពកោះ ដែលពីមុនត្រូវបានបាកចូលទន្លេ ហើយការអភិវឌ្ឍន៍នេះ បានក្លាយទៅជាកន្លែងមានសក្តានុពលផ្នែកសេដ្ឋកិច្ចខ្ពស់តំបន់កោះនរា ខណៈកាលមុនចិញ្ចឹមប្រជាជនមិនច្រើនប្រកបរបរកសិកម្ម តែឥលូវនឹងប្រែក្លាយទៅជាតំបន់ពហុសកម្មភាពសេដ្ឋកិច្ច ដែលនឹងមានការអភិវឌ្ឍផ្សេងៗ។

ក្នុងន័យនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសង្ឃឹមថា ក្រុមហ៊ុនអ្នកឧកញ៉ា ពុង ឃាវសែ នឹងបន្តយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍តំបន់កោះនរាទៅតាមផែនការគ្រោងទុក។

បើតាមការបញ្ជាក់របស់អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ការចំណាយរបស់ក្រុមហ៊ុនសម្រាប់គម្រោងកោះនរា ចាប់ពីដំបូងរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានចំណាយជាង ៣០០លានដុល្លាររួចមកហើយ និងត្រូវចំណាយខ្ទង់រយលានដុល្លារបន្ថែមទៀត ដើម្បីឲ្យគម្រោងទីក្រុងរណបកោះនរានេះ អាចបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ នៅក្នុងឆ្នាំ២០២៥ខាងមុខ មិនរាប់បញ្ចូលការសាងសង់អគារ។

ដើម្បីរៀបចំទីក្រុងរណបកោះនរា ឲ្យក្លាយជា Smart City, ក្រុមហ៊ុន OCIC បានធ្វើការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធដូចខាងក្រោម៖
* ស្ពានកោះនរា និងស្ពាននាគភ្លោះកោះនរា ដែលសម្ភោធជាផ្លូវការនៅថ្ងៃនេះ
* សាងសង់បេតុងច្រាំងទន្លេ ប្រវែងសរុប៨,២០០ម៉ែត្រ
* ប្រព័ន្ធលូបង្ហូរក្រោមដី២ប្រភេទ គឺលូទឹកភ្លៀង និងលូទឹកកខ្វក់ ដែលជាប្រព័ន្ធលូទំនើប ហើយងាយស្រួលគ្រប់គ្រង និងមិនប៉ះពាល់ដល់បរិស្ថាន និងទន្ល
* ប្រព័ន្ធទឹកស្អាត៖ ប្រព័ន្ធបំពង់ក្រោមដី សម្រាប់អគ្គីសនី និងខ្សែកាបអុបទិក
* អំពូលភ្លើងបំភ្លឺផ្លូវប្រភេទសូឡា ចំនួន៥០០បង្គោល
* ប្រព័ន្ធ Camera សុវត្ថិភាព សម្រាប់គ្រប់គ្រងសណ្តាប់ធ្នាប់ និងសន្តិសុខ
* ស្ថានីយបូមទឹក ការអភិវឌ្ឍន៍ទីក្រុងរណបកោះនរា តម្រូវឲ្យមានការប្តូរទីតាំងស្ថានីយ បូមទឹកនិរោធ របស់រដ្ឋាករទឹកស្វ័យតភ្នំពេញ។ ក្រុមហ៊ុន OCIC បានឯកភាពសាងសង់ ស្ថានីយបូមទឹកឆៅថ្មី ដោយបង្កើនទំហំពី ២៦ម៉ឺនm/ថ្ងៃ ទៅដល់ ៣៩ម៉ឺន m/ថ្ងៃ ដើម្បីឲ្យ ស្របតាមផែនការរបស់រដ្ឋាករទឹកស្វ័យតភ្នំពេញ ទៅថ្ងៃខាងមុខ៕