(ភ្នំពេញ)៖ ថ្លែងនាពេលអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានកោះនរា និងស្ពាននាគភ្លោះកោះនរា ភ្ជាប់ពីគម្រោងកោះនរា ទៅកាន់ផ្លូវជាតិលេខ១» នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ប្រទេសដែលសម្តេចធ្លាប់នៅ និងធ្លាប់រៀននៅអឺរ៉ុបមួយចំនួន បញ្ហាសន្តិសុខបើប្រៀបធៀបជាមួយរាជធានីភ្នំពេញ រាជធានីភ្នំពេញល្អជាង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ឥលូវនេះនិយាយត្រង់ខ្ញុំមិនបង្អាប់ប្រទេសណានោះទេ ប្រទេសដែលខ្ញុំធ្លាប់នៅ ធ្លាប់រៀននៅអឺរ៉ុបមួយចំនួន បញ្ហាសន្តិសុខប្រៀបធៀបជាមួយរាជធានីភ្នំពេញ ប្រហែលជារាជធានីភ្នំពេញល្អជាង តែខ្ញុំមិននិយាយប្រទេសណាទេរឿងរបស់គេ ប៉ុន្តែសួរថាល្អគ្រប់ឫនៅ នៅទេព្រោះនៅមានបញ្ហា ចឹងយើងត្រូវបន្តធ្វើទៅទៀត ហើយខ្ញុំសូមសរសើរណាស់ចំពោះកម្លាំងសមត្ថកិច្ចរបស់យើង»

ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបន្តណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តយកចិត្រទុកដាក់អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ បង្ក្រាបចោរឆក់ ចោរលួច និងក្មេងទំនើង ដើម្បីធានាការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងត្រូវចូលរួមសហការណ៍ឱ្យបានល្អជាមួយក្រសួងស្ថាប័នជំនាញ ជាពិសេសក្រសួងទេសចរណ៍ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់វិស័យទេសចរណ៍ ដោយគិតចាប់ពីការផ្តល់សេវាធ្វើដំណើរ ការស្នាក់នៅ ម្ហូបអាហារ និងការបដិសណ្ឋាកិច្ចជូនភ្ញៀចទេសចរឱ្យបានល្អប្រសើរ ស្របតាមពាក្យស្លោក «ទីក្រុងស្អាត សេវាស្អាត និងបដិសណ្ឋាកិច្ចល្អ»

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអរគុណដល់កងកម្លាំងសមត្ថកិច្ច ស្នងការនគរបាលរាជធានីភ្នំពេញ ស្នងការគនរបាលតាមបណ្តាខេត្ត អគ្គស្នងការនគរបាលជាតិ និងកងម្លាំងអាវុធហត្ថនៅតាមបណ្តារាជធានីខេត្តទាំងអស់ ដែលបានចូលរួមសហការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព បានល្អប្រសើរ ហើយបើទោះបីជាមានបញ្ហាអសន្តិសុខតិចតួច ប៉ុន្តែស្ថានភាពនៃការគ្រប់គ្រងបានមានភាគច្រើន។

សម្តេចធិបតី ក៏បានរំលឹកដែរថា នៅឆ្នាំជាង១៩៩០ មានចោរប្លន់ជាបណ្តាញតែម្តង ហើយញឹកញាប់ណាស់ ក្រុមរ៉ាស្មាច់ និងក្រុមផ្សេងៗចេញមកទាំងអាការ ទាំងឡានៗ បន្តិចទៅនេះបន្តិចទៅនោះ ប៉ុន្តែបញ្ហាសន្តិសុខនៅពេលនេះគឺមានភាពល្អប្រសើរណាស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងដែរថា ថ្មីៗមានការបង្ក្រាបករណីបាញ់បោះនៅគិរីរម្យ ហើយបានស្រាវជ្រាវឃើញជាអកុសលនៅក្នុងជួរកម្លាំងសមត្ថកិច្ច ហើយបានចាត់វិធានការតឹងរឹង ដោយបណ្តេញចេញពីក្របខណ្ឌ ៤នាក់ ដើម្បីធ្វើជាគំរូត្រូវអនុវត្ត ហើយក៏ឃើញមានការចាប់នៅតាមផ្ទះសំណាក់មួយចំនួនដែលបានបន្លំប្រើប្រាស់គ្រឿងញៀន បានអនុវត្តបានច្រើន និងសុំឱ្យយន្តការនេះបន្តដូចភ្លៀងរលឹម ធ្វើយ៉ាងបោសសំអាតបន្តិចម្តងៗ ដើម្បីប្រឆាំងអំពើទាំងអស់នេះ៕