(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចង់ឱ្យមានការសិក្សារៀបចំផ្លូវសម្រាប់រថយន្តក្រុងសាធារណៈ ដើម្បីសម្រួលការធ្វើចរាចរណ៍រថយន្តក្រុងសាធារណៈ និងដើម្បីបញ្ចៀសការកក់ស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។

ការលើកឡើងបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការ នូវ ស្ពានកោះនរា។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹង និងបង្កើនសមត្ថភាពផ្តល់សេវាដឹកជញ្ជូនតាមផ្លូវគោក របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង ក្នុងនោះត្រូវសិក្សាពង្រាយទីតាំងខ្សែរត់បន្ថែម ឆ្លងកាត់តំបន់កោះនរា និងទីក្រុងរណបកោះពេជ្រ ព្រមទាំងតំបន់អភិវឌ្ឍន៍ថ្មី ដើម្បីបង្កើនការទាក់ទាញអ្នកនិយមការប្រើប្រាស់មធ្យោបាយរួម និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «ត្រូវហើយអីឡូវសាលារាជធានីភ្នំពេញ ទើបបានរថយន្តក្រុងបន្ថែមប៉ុន្មានរយគ្រឿងទៀត កំពុងខ្លចអត់ផ្លូវរត់ផង អីឡូវសូមធ្វើម៉េចសម្រួលទៅតាមនេះ ហើយទៅថ្ងៃក្រោយ ដោយសារតែផ្លូវយើងមានតូច អញ្ចឹងកន្លែងទីក្រុងថ្មីនេះគួរតែរៀបចំកន្លែងណាមួយធ្វើជាគន្លងសម្រាប់ផ្លូវរថយន្តក្រុងសាធារណៈ​ (Bus lane route) ធ្វើបន្តិចៗម្តង»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងសិក្សាបន្ថែមលើការកសាងផ្លូវអាកាស ប្រព័ន្ធដឹកជញ្ជូនសាធារណៈ និងប្រព័ន្ធផ្លូវក្រោមដីក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលការធ្វើចរាចរណ៍ ព្រមទាំងការពង្រីកទីក្រុងជាដើម។

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យមានការសិក្សារៀបចំភូមិសាស្ត្ររាជធានីភ្នំពេញ ដោយរៀបចំជាតំបន់បៃតង តំបន់អាជីវកម្ម និងតំបន់កម្សាន្តសប្បាយដាច់ៗពីគ្នា៕