(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ដើម្បីប្រយោជន៍សេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យពលរដ្ឋជួលដី ឬផ្ទះឱ្យជនបទេស រយៈពេលវែង ចន្លោះពី១៥ ទៅ៥០ឆ្នាំជាដើម ប៉ុន្តែមិនអនុញ្ញាតឱ្យជនបរទេសក្លាយជាម្ចាស់កម្មសិទ្ធិនោះឡើយ។

ការបញ្ជាក់បែបនេះ បានធ្វើឡើងបន្ទាប់ពីមានការលើកឡើងថា រាជរដ្ឋាភិបាលចង់កែច្បាប់ដើម្បីផ្តល់សិទ្ធិលក់ដីទៅឱ្យជនបរទេស។ សម្តេចបានបញ្ជាក់ថា កន្លងទៅមានការស្នើសុំមែន ប៉ុន្តែរាជរដ្ឋាភិបាលមិនបានអនុវត្តឡើយ ហើយក៏មិនគិតធ្វើតាមមធ្យោបាយនេះដើម្បីស្រោចស្រង់អចលនទ្រពនោះទេ។

សម្តេចបានបញ្ជាក់ដូច្នេះថា «មិនមែនរដ្ឋាភិបាលធ្វើបែបនេះ ដើម្បីលក់ដីឱ្យជនបរទេសនោះទេ គឺលក្ខណៈជួល រយៈពេលវែង ហើយសិទ្ធិនៅជារបស់យើង ហើយយើងក៏អនុវត្តតាមរដ្ឋធម្មនុញ្ញរបស់យើង ដែលមិនអនុញ្ញាតឱ្យជនបរទេសទាំងជារូបវន្តបុគ្គល ទាំងនីតិបុគ្គល អាចក្លាយជាម្ចាស់កម្មសិទ្ធិលើដីធ្លីនៅក្នុងប្រទេសកម្ពុជានោះទេ»

សម្តេចបានបន្ថែមថា ការដាក់ចេញគោលនយោបាយនេះ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ច ហើយក៏នឹងមានលក្ខខណ្ឌលម្អិតថែមទៀត ដែលដីធ្លីមានចម្ងាយប៉ុន្មានពីព្រំដែនទើបអនុញ្ញាតឱ្យជួលជាដើម។

សម្តេចបន្ថែមថា រាជរដ្ឋាភិបាលនឹងធ្វើយ៉ាងណាជួយដល់វិស័យសេដ្ឋកិច្ច ហើយឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការជួលដីឱ្យជនបរទេសនេះ។ «យើងយកឈ្នះឈ្នះ កុំឱ្យត្រីរ៉ស់ក៏រួចទន្សាយក៏រួច»