(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងគាំទ្រដល់ការអភិវឌ្ឍគម្រោងទីក្រុងរណបកោះនរា និងចាត់ទុកគម្រោងនេះ ជាការអភិវឌ្ឍពិសេស ដែលស្តារឡើងវិញពីការបាក់ដី ដោយចរន្តទឹកហូរ ប្រែក្លាយជាតំបន់ពហុសកម្មភាពសេដ្ឋកិច្ច។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា បើតាមការមើលផែនទី កាលពីឆ្នាំ១៩២៩ ដែលគូសដោយបារាំង កាលពីពេលនោះកោះនរា នៅទំហំធំ ហើយនៅចំមុខទឹកនៃទន្លេចតុមុខ ប៉ុន្តែដោយចរន្តទឹកហូរពីមួយឆ្នាំទៅមួយឆ្នាំ បានធ្វើឱ្យកោះនរាត្រូវបាក់ចូលក្នុងទឹកបន្តិចម្តងៗ មកដល់ឆ្នាំ២០០៥ គឺបាក់អស់តែម្តង។

សម្តេចធិបតីបានថ្លែងទៀតថា ការអភិវឌ្ឍកោះនរា គឺជាការបែងចែកផលលាភទៅប្រជាពលរដ្ឋ មិនមែនសម្រាប់តែឧកញ៉ា ពុង ឃាវសែ ដែលជាអគ្គនាយកក្រុមហ៊ុន OCIC ឬមនុស្សមួយក្តាប់តូចនោះទេ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានកោះនរា នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា «ពិតណាស់ ការកសាងនៅកោះនរានេះ មានលក្ខណៈពិសេស ជាកាស្តារឡើងវិញ នូវអ្វីដែលបានបាត់។ បើតាមខ្ញុំមើលផែនទី កាលពីឆ្នាំ១៩២៩ ដែលបារាំងគូស ពេលនោះកោះនរានៅទំហំធំ ហើយនៅចំមុខទឹកនៃទន្លេចតុមុខតែម្តង ប៉ុន្តែរាប់សិបឆ្នាំមកនេះ គឺបានរួញបន្តិចម្តងៗ ដោយចរន្តទឹក ហើយក្រោយឆ្នាំ១៩៧៩ ក៏មានប្រជាពលរដ្ឋមួយចំនួន រស់នៅទីនេះហើយប្រកបរបរធ្វើចំការ នេសាទ ប៉ុន្តែដោយសារចរន្តទឹកពីមួយឆ្នាំទៅមួយឆ្នាំបាក់រហូត មកដល់ឆ្នាំ២០០៥ គឺអស់តែម្តង។ បានន័យថាអ្វីដែលយើងកំពុងអង្គុយនេះ គឺស្តារឡើងវិញទេ»

សម្តេចធិបតីបន្ថែមទៀតថា «កន្លែងនេះពិសេស កន្លែងផ្សេងៗទៀតមានដីហើយ យើងគ្រាន់តែប្រែប្រួលអភិវឌ្ឍន៍ តែកន្លែងនេះជាកន្លែងដែលស្រង់ទាំងមូលតែម្តង [...] អ្នកខ្លះគេថាចាក់ដីលុបទន្លេ ទីនេះគឺស្រង់ឡើងវិញនូវអ្វីដែលបាក់ពីមុន ហើយធ្វើឱ្យរស់រវើកជាងមុន។ កន្លែងនេះមានទំហំជាង១០០ហិកតា កាលពីមុនចិញ្ចឹមប្រជាជនមិនច្រើនទេ ប្រកបរបរកសិកម្ម ប្រជានេសាទ តែឥឡូវប្រែក្លាយទៅជាតំបន់ពហុសកម្មភាពសេដ្ឋកិច្ច»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ដល់អាជ្ញាធររាជធានីភ្នំពេញ ដែលបានចូលរួមបង្កលក្ខណៈងាយស្រួល សម្រាប់កិច្ចអភិវឌ្ឍន៍កោះនរា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែទៀតថា ហេដ្ឋារចនាសម្ព័ន្ធ មានសារៈសំខាន់ណាស់សម្រាប់ជាតិ ដែលជាសរសៃឈាមរបស់ជាតិ។ រាជរដ្ឋាភិបាលតែងតែផ្តល់អាទិភាព ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ហើយផ្លូវជាអាទិភាពគន្លឹះមួយ ក្នុងគោលនយោបាយរាជរដ្ឋាភិបាល។

បើតាមការបញ្ជាក់របស់អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ការចំណាយរបស់ក្រុមហ៊ុនសម្រាប់គម្រោងកោះនរា ចាប់ពីដំបូងរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានចំណាយជាង ៣០០លានដុល្លាររួចមកហើយ និងត្រូវចំណាយខ្ទង់រយលានដុល្លារបន្ថែមទៀត ដើម្បីឲ្យគម្រោងទីក្រុងរណបកោះនរានេះ អាចបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ នៅក្នុងឆ្នាំ២០២៥ខាងមុខ មិនរាប់បញ្ចូលការសាងសង់អគារ។

ដើម្បីរៀបចំទីក្រុងរណបកោះនរា ឲ្យក្លាយជា Smart City, ក្រុមហ៊ុន OCIC បានធ្វើការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធដូចខាងក្រោម៖

* ស្ពានកោះនរា និងស្ពាននាគភ្លោះកោះនរា ដែលសម្ភោធជាផ្លូវការនៅថ្ងៃនេះ
* សាងសង់បេតុងច្រាំងទន្លេ ប្រវែងសរុប៨,២០០ម៉ែត្រ
* ប្រព័ន្ធលូបង្ហូរក្រោមដី២ប្រភេទ គឺលូទឹកភ្លៀង និងលូទឹកកខ្វក់ ដែលជាប្រព័ន្ធលូទំនើប ហើយងាយស្រួលគ្រប់គ្រង និងមិនប៉ះពាល់ដល់បរិស្ថាន និងទន្ល
* ប្រព័ន្ធទឹកស្អាត៖ ប្រព័ន្ធបំពង់ក្រោមដី សម្រាប់អគ្គីសនី និងខ្សែកាបអុបទិក
* អំពូលភ្លើងបំភ្លឺផ្លូវប្រភេទសូឡា ចំនួន៥០០បង្គោល
* ប្រព័ន្ធ Camera សុវត្ថិភាព សម្រាប់គ្រប់គ្រងសណ្តាប់ធ្នាប់ និងសន្តិសុខ
* ស្ថានីយបូមទឹក ការអភិវឌ្ឍន៍ទីក្រុងរណបកោះនរា តម្រូវឲ្យមានការប្តូរទីតាំងស្ថានីយ បូមទឹកនិរោធ របស់រដ្ឋាករទឹកស្វ័យតភ្នំពេញ។ ក្រុមហ៊ុន OCIC បានឯកភាពសាងសង់ ស្ថានីយបូមទឹកឆៅថ្មី ដោយបង្កើនទំហំពី ២៦ម៉ឺនm/ថ្ងៃ ទៅដល់ ៣៩ម៉ឺន m/ថ្ងៃ ដើម្បីឲ្យ ស្របតាមផែនការរបស់រដ្ឋាករទឹកស្វ័យតភ្នំពេញ ទៅថ្ងៃខាងមុខ។

ក្រុមហ៊ុន OCIC ក៏បានសាងសង់ «ឧទ្យាននរា» ដែលមានប្រវែង ៤,២០០ម៉ែត្រ ស្របតាមទន្លេ មេគង្គក្រោម ដែលជាសួនច្បារដ៏ស្រស់ស្អាត និងវែងជាងគេក្នុងស្រុកនាពេលបច្ចុប្បន្ន និងមានប្រជាពលរដ្ឋប្រមាណជា ៥,០០០ទៅ ១០,០០០នាក់ មកកម្សាន្តជារៀងរាល់ថ្ងៃ។

អ្នកឧកញ៉ា ពុង ឃាវសែ បានឲ្យដឹងថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ អំពីយុទ្ធសាស្ត្រ «យកស្លឹកត្នោត ខ្ចប់ស្ករត្នោត» និង «យកក្រុង ចិញ្ចឹមក្រុង សាលារាជធានីភ្នំពេញ បានប្រើប្រាស់ថវិកាដែលបានមកពីការអភិវឌ្ឍកោះនរានេះ មកធ្វើការអភិវឌ្ឍន៍គម្រោងនានា នៅរាជធានីភ្នំពេញ មានដូចជា៖

* សាងសង់ស្ពានអាកាស សម្ដេច គង់ សំអុល ចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្សី និងផ្លូវ២០០៤
* សាងសង់ស្ពានអាកាស ព្រះមុនីវង្ស ស្ថិតនៅចំណុចផ្លូវប្រសព្វមហាវិថីសម្តេចតេជោ និងផ្លូវ២៧
* សាងសង់ស្ពានអាកាស ឫស្សីកែវ ស្របតាមបណ្ដោយផ្លូវជាតិលេខ៥
* សាងសង់ស្ពានអាកាស បេតុងខ្សែកាបឫស្សីកែវ ប្រវែង៨០០ម៉ែត្រ៕