(ភ្នំពេញ)៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានស្នើទៅដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ យកចិត្តទុកដាក់សម្រួលឥណទាន ដើម្បីសម្រាលការលំបាករបស់អ្នកខ្ចី។

ការស្នើបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានកោះនរា ដែលជាស្ពានប្រអប់បេតុង ខ្សែកាបឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះពេជ្រ និងតំបន់អភិវឌ្ឍន៍កោះនរា នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ឥលូវរាជរដ្ឋាភិបាល, ធនាគារជាតិ បានអនុញ្ញាតបន្ធូរលក្ខខណ្ឌមួយចំនួន ជូនវិស័យធនាគារ ក៏ដូចជាក្រុមហ៊ុនមួយចំនួន ចឹងសូមធ្វើយ៉ាងម្ដេចប្រតិបត្ដិករ នៅក្នុងវិស័យនេះ ដែលបានការសម្រាលហើយ សូមធ្វើយ៉ាងណាជួយសម្រាលទៅដល់អតិថិជនផង ទៅតាមលទ្ធភាពធ្វើបាន នៅក្នុងលក្ខណៈប្រុងប្រយ័ត្ន»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការធ្វើយ៉ាងនេះដើម្បីជួយគ្នា ព្រោះថា អ្នកចុងក្រោយ គឺជាអតិថិជន បើសិនជាអតិថិជនមានបញ្ហា ធនាគារ ឬក៏ក្រុមហ៊ុនដែលផ្ដល់កម្ចីក៏ជួបបញ្ហា ហើយរដ្ឋាភិបាលក៏មានបញ្ហាផងដែរ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អ្វីដែលរាជរដ្ឋាភិបាល បានផ្ដល់គោលការណ៍ សង្ឃឹមថា ប្រតិបត្ដិករទាំងនៅក្នុងវិស័យធនាគារ, អចលនទ្រព្យ ក៏ដូចជាវិស័យផ្សេងៗ ដែលអាចបានផល សូមធ្វើការគិតគូរវិធានការយ៉ាងណា ដើម្បីជួយសម្រាលបន្ដ ទៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ដែលត្រូវការកម្ចី។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា យើងត្រូវជួយគ្នានៅក្នុងការលំបាក ហើយពិតណាស់ ត្រូវមានការប្រុងប្រយ័ត្ន ព្រោះមិនចង់ឲ្យដួលរំលំ ដោយជួយសម្រួលយ៉ាងណា ក្នុងលក្ខខណ្ឌមួយសមស្រប ដោយមិនធូរពេក និងមិនលំបាកពេក។

សូមរំលឹកថា ក្នុងវេទិកា «រាជរដ្ឋាភិបាល -ផ្នែកឯកជន» លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញនូវវិធានការមួយចំនួន ដើម្បីរួមចំណែកជួយ ដល់វិស័យអចលនទ្រព្យ ដែលបានរងផលប៉ះពាល់ ពីវិបត្តិនានាផ្ទួនៗគ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្ត ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធ្វើការរៀបចំឥណទានឡើងវិញ ជូនដល់អ្នកដែលខ្ចី ដើម្បីទិញដីធ្លី និងលំនៅឋាន ទៅតាមលទ្ធភាពជាក់ស្តែង របស់គ្រឹះស្ថាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត៕