(ភ្នំពេញ)៖ អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យដឹងថា គម្រោងទីក្រុងរណប «កោះនរា» អាចនឹងបញ្ចប់ការសាងសង់ នៅក្នុងឆ្នាំ២០២៥ខាងមុខនេះ ខណៈការចំណាយរបស់ក្រុមហ៊ុនសម្រាប់គម្រោងកោះនរា ចាប់ពីដំបូង រហូតមកដល់ពេលនេះអស់ជាង ៣០០លានដុល្លារហើយ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលអ្នកឧកញ៉ា ពុង ឃាវសែ អញ្ជើញចូលរួមក្នុងពិធីសម្ពោធប្រើប្រាស់ជាផ្លូវការ «ស្ពានកោះនរា និងស្ពាននាគភ្លោះកោះនរា ភ្ជាប់ពីគម្រោងកោះនរា ទៅកាន់ផ្លូវជាតិលេខ១» ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

អ្នកឧកញ៉ា ពុង ឃាវសែ បានបញ្ជាក់យ៉ាងដូច្នេះថា «ការចំណាយរបស់ក្រុមហ៊ុនសម្រាប់គម្រោងកោះនរា ចាប់ពីដំបូងរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានចំណាយជាង ៣០០លានដុល្លាររួចមកហើយ និងត្រូវចំណាយខ្ទង់រយលានដុល្លារបន្ថែមទៀត ដើម្បីឲ្យគម្រោងទីក្រុងរណបកោះនរានេះ អាចបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ នៅក្នុងឆ្នាំ២០២៥ខាងមុខ មិនរាប់បញ្ចូលការសាងសង់អគារ»

ទន្ទឹមគ្នានេះ អ្នកឧកញ៉ា ពុង ឃាវសែ បានលើកឡើងថា ការចាប់ផ្តើមសាងសង់ទីក្រុងរណបកោះនរា និងស្ពានទាំង២នេះ គឺស្របពេលគ្នានៃការរីករាលដាលនៃជំងឺ (COVID-19) ដែលជាពេលមានផល ប៉ះពាល់យ៉ាងខ្លាំង ដល់គ្រប់វិស័យទូទាំងពិភពលោក ក្នុងនោះក៏មានវិស័យសាងសង់ផងដែរ។ តែដោយមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ជាពិសេស ក្រោមការដឹកនាំដ៏ច្បាស់លាស់ប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ លើវិធានការគ្រប់គ្រង ទប់ស្កាត់នៃជំងឺ COVID-19 ដ៏ល្អបំផុត និងយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋទូទៅ និងកម្មករបានទាន់ពេលវេលា បានធ្វើឲ្យការ សាងសង់នានា លើគម្រោងអភិវឌ្ឍទីក្រុងរណបកោះនរា អាចប្រព្រឹត្តទៅតាម ផែនការ និងជាពិសេស ការសាងសង់ស្ពានកោះនរា និងស្ពាននាគភ្លោះកោះនរានេះ អាចសម្រេចបានមុន ផែនការដែលបានគ្រោងទុកថែមទៀត។

អ្នកឧកញ៉ា ពុង ឃាវសែ បានឲ្យដឹងថា ដើម្បីរៀបចំទីក្រុងរណបកោះនរា ឲ្យក្លាយជា Smart City, ក្រុមហ៊ុន OCIC បានធ្វើការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធដូចខាងក្រោម ៖

* ស្ពានកោះនរា និងស្ពាននាគភ្លោះកោះនរា ដែលសម្ភោធជាផ្លូវការនៅថ្ងៃនេះ
* សាងសង់បេតុងច្រាំងទន្លេ ប្រវែងសរុប៨,២០០ម៉ែត្រ
* ប្រព័ន្ធលូបង្ហូរក្រោមដី២ប្រភេទ គឺលូទឹកភ្លៀង និងលូទឹកកខ្វក់ ដែលជាប្រព័ន្ធលូទំនើប ហើយងាយស្រួលគ្រប់គ្រង និងមិនប៉ះពាល់ដល់បរិស្ថាន និងទន្ល
* ប្រព័ន្ធទឹកស្អាត៖ ប្រព័ន្ធបំពង់ក្រោមដី សម្រាប់អគ្គីសនី និងខ្សែកាបអុបទិក
* អំពូលភ្លើងបំភ្លឺផ្លូវប្រភេទសូឡា ចំនួន៥០០បង្គោល
* ប្រព័ន្ធ Camera សុវត្ថិភាព សម្រាប់គ្រប់គ្រងសណ្តាប់ធ្នាប់ និងសន្តិសុខ
* ស្ថានីយបូមទឹក ការអភិវឌ្ឍន៍ទីក្រុងរណបកោះនរា តម្រូវឲ្យមានការប្តូរទីតាំងស្ថានីយ បូមទឹកនិរោធ របស់រដ្ឋាករទឹកស្វ័យតភ្នំពេញ។ ក្រុមហ៊ុន OCIC បានឯកភាពសាងសង់ ស្ថានីយបូមទឹកឆៅថ្មី ដោយបង្កើនទំហំពី ២៦ម៉ឺនm/ថ្ងៃ ទៅដល់ ៣៩ម៉ឺន m/ថ្ងៃ ដើម្បីឲ្យ ស្របតាមផែនការរបស់រដ្ឋាករទឹកស្វ័យតភ្នំពេញ ទៅថ្ងៃខាងមុខ។

ក្រុមហ៊ុន OCIC ក៏បានសាងសង់ «ឧទ្យាននរា» ដែលមានប្រវែង៤,២០០ម៉ែត្រ ស្របតាមទន្លេ មេគង្គក្រោម ដែលជាសួនច្បារដ៏ស្រស់ស្អាត និងវែងជាងគេ ក្នុងស្រុកនាពេលបច្ចុប្បន្ន និងមាន ប្រជាពលរដ្ឋប្រមាណជា៥,០០០ទៅ១០,០០០នាក់ មកកម្សាន្តជារៀងរាល់ថ្ងៃ។

បន្ថែមពីនោះទៀត អ្នកឧកញ៉ា ពុង ឃាវសែ បានឲ្យដឹងថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ អំពីយុទ្ធសាស្ត្រ «យកស្លឹកត្នោត ខ្ចប់ស្ករត្នោត» និង «យកក្រុង ចិញ្ចឹមក្រុង សាលារាជធានីភ្នំពេញ បានប្រើប្រាស់ថវិកាដែលបានមកពីការអភិវឌ្ឍកោះនរានេះ មកធ្វើការអភិវឌ្ឍន៍គម្រោងនានា នៅរាជធានីភ្នំពេញ មានដូចជា៖

* សាងសង់ស្ពានអាកាស សម្ដេច គង់ សំអុល ចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្សី និងផ្លូវ២០០៤
* សាងសង់ស្ពានអាកាស ព្រះមុនីវង្ស ស្ថិតនៅចំណុចផ្លូវប្រសព្វមហាវិថីសម្តេចតេជោ និងផ្លូវ២៧
* សាងសង់ស្ពានអាកាស ឫស្សីកែវ ស្របតាមបណ្ដោយផ្លូវជាតិលេខ៥
* សាងសង់ស្ពានអាកាស បេតុងខ្សែកាបឫស្សីកែវ ប្រវែង៨០០ម៉ែត្រ។

អ្នកឧកញ៉ា ពុង ឃាវសែ ក៏បានឲ្យដឹងផងដែរថា ក្នុងអំឡុងពេលដ៏មមាញឹកខ្លាំងនេះទីក្រុងរណបកោះនរា បានបង្កើនកន្លែងការងារដល់ប្រជាពលរដ្ឋយ៉ាងច្រើនដូចជា៖

* បុគ្គលិក វិស្វករ សន្តិសុខ ជាង៥០០នាក់ កំពុងបំពេញការងារ, ដែលមានការចំណាយ លើប្រាក់បៀរវត្ស ជាង៣០ម៉ឺនដុល្លារក្នុងមួយខែ និងមានតម្រូវការបន្ថែមទៀត
* កម្លាំងកម្មករ និងជាងប្រមាណ១,២០០នាក់ កំពុងបំពេញការងារសព្វថ្ងៃ និងការចំណាយ លើប្រាក់បៀរវត្ស ប្រហែល៥០ម៉ឺនដុល្លារ ក្នុងមួយខែ៕