(ភ្នំពេញ)៖ កុលាលភាជន៍ខ្មែរបុរាណ (ចាន ឆ្នាំង) ដែលត្រូវបានយកមកថែរក្សាទុក និងកំពុងសិក្សាស្រាវជ្រាវលម្អិត នៅក្នុងអង្គភាពកុលាលភាជន៍អង្គរ នៃអាជ្ញាធរជាតិអប្សរា ចាប់ផ្តើមមាន ការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ក្រុមអ្នកស្រាវជ្រាវ និងអ្នកស្រឡាញ់បេតិកភណ្ឌវប្បធម៌ កាន់តែច្រើនឡើងៗ ដោយមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ស្ទើរតែគ្រប់ក្រុមស្រាវជ្រាវនិងក្រុមអ្នកសិក្សាអំពី បេតិកភណ្ឌពិភពលោក ដែលបានមកដល់អង្គរច្រើន តែមិនមើលរំលងអង្គភាព ដ៏សំខាន់នេះឡើយ។
ជាក់ស្តែងនៅថ្ងៃទី១៧ ខែសីហា ក្រុមយុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោក ដែលបានបំពេញបេសកកម្មលើការងារសិក្សា ស្វែងយល់បេតិកភណ្ឌអង្គររយៈ១២ថ្ងៃ ក៏បានចំណាយពេលមួយល្ងាច ដើម្បីចូលមកសិក្សា នៅក្នុងអង្គភាពកុលាលភាជន៍អង្គរនេះដែរ។ ក្រុមនេះបានសិក្សារៀនសូត្រអំពី របៀបចុះបញ្ជីសារពើភ័ណ្ឌបំណែកកុលាលភាជន៍ របៀបជួសជុលបំណែកកុលាលភាជន៍ និងបានស្តាប់បទបង្ហាញអំពីសាវតារ នៃការចាប់ផ្តើមបង្កើតអង្គភាពនេះឡើង។
កញ្ញា Boram SHIN ជនជាតិកូរ៉េ និងជាអ្នកដឹកនាំក្រុមយុវជនស្ម័គ្រចិត្ត បេតិកភណ្ឌពិភពលោកនេះ បានបង្ហាញនូវអារម្មណ៍របស់នាងថា កញ្ញាពិតជារំភើបដែលបានឃើញ បំណែកកុលាលភាជន៍នាសម័យកាល ដ៏យូរលង់របស់កម្ពុជា ហើយកញ្ញាពេញចិត្តនឹងការងារនេះ ដោយសារកញ្ញាក៏ធ្លាប់ធ្វើការងារនេះដែរ នៅក្នុងប្រទេសកូរ៉េ។
ចំណែក លោក James Bryan Davis ជនជាតិអាមេរិក ក៏បានបង្ហាញក្តីរំភើបដែលបាន មករៀនសូត្រពីរបៀបចុះ បញ្ជីសារពើភណ្ឌ និងរបៀបជួសជុលបំណែកកុលាលភាជន៍នេះ ដោយ លោករៀបរាប់ថា នៅអាមេរិក ក៏មានបំណែកកុលាលភាជន៍ដែរ តែគេច្រើនបញ្ជីនៅកន្លែងស្រាវជ្រាវផ្ទាល់តែម្តង ឬនៅតាមមហាវិទ្យាល័យណាមួយ ហើយអ្វីដែលប្លែកគ្នាខ្លាំងបំផុតនោះគឺ បំណែកភាជន៍នៅអាមេរិកច្រើន តែមានក្បាច់លម្អច្រើនជាងនៅខ្មែរ ដោយសារតែស្ថិតនៅក្នុងសម័យកាលក្រោយៗដែលកាន់ទំនើបហើយ ជាពិសេស បច្ចេកទេស និងសម្ភារៈវិភាគមានលក្ខណៈទំនើបខ្លាំង។
កញ្ញា ញ៉ែម សុពីន និស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដែលបានមកចូលរួមតាមរយៈ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបរាប់ថា កញ្ញាពិតជារីករាយមែនទែន ដែលអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឲ្យក្រុមរបស់ខ្លួន បានចូលមកឃើញនូវបំណែកភាជន៍ខ្មែរ ដែលមានអាយុកាលរាប់ពាន់ឆ្នាំ មកហើយនោះ។
កញ្ញាបន្ដថា «ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំពិតជាមានមោទនភាពមែនទែន ព្រោះពីមុនមក ខ្ញុំមិនដែលបានឃើញរបស់ទាំងអស់នេះទេ តែពេលនេះខ្ញុំបានឃើញនិងដឹងថាវាពិតជា របស់មានតម្លៃមែនទែន ខ្ញុំពិតជាសូមអរគុណ ចំពោះអាជ្ញាធរជាតិអប្សរា ដែលបានអនុញ្ញាតឲ្យយើងខ្ញុំបានចូលមកឃើញ បានស្គាល់ បានប៉ះ បានរៀនសូត្រអំពីរបៀប ថែរក្សានូវរបស់ដ៏មានតម្លៃនេះ»។
ប្រធាននៃអង្គភាពកុលាលភាជន៍អង្គរ គឺលោកបណ្ឌិត អ៊ា ដារិទ្ធ បានរៀបរាប់អំពីសាវតារនៃការបង្កើតអង្គភាពនេះថា ការសិក្សាអំពីកុលាលភាជន៍ខ្មែរ គឺបានចាប់ផ្តើមជាយូរឆ្នាំដែរហើយ តែការបង្កើតអង្គភាពកុលាលភាជន៍អង្គរនេះឡើង គឺចាប់ពីពេលដែលលោកបានធ្វើបទបង្ហាញនៅចំពោះមុខគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ក្នុងឆ្នាំ២០១៥ ដោយមានការគាំទ្រ ពីសំណាក់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងលោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទើបអង្គភាពនេះត្រូវបានបង្កើតឡើង ចាប់ពីឆ្នាំ២០១៥មក ដើម្បីប្រមូលថែរក្សា និងសិក្សាលម្អិតអំពីបំណែកកុលាលភាជន៍ដែលក្រុមអ្នកស្រាវជ្រាវបានរកឃើញ។
លោកបណ្ឌិតបន្ថែមថា ចាប់តាំងពីបង្កើតមក អង្គភាពនេះ ទទួលបានការចូលមកសិក្សាស្រាវជ្រាវ ទាំងអ្នកស្រាវជ្រាវថ្នាក់ជាតិ និងអន្តរជាតិជាបន្តបន្ទាប់ ហើយស្ថាប័នសិក្សាអំពីកុលាលភាជន៍នៅអាមេរិក ក្រុមសិក្ខាកាម មកពីបារាំង និងក្រុមនិស្សិតខ្មែរមួយចំនួនទៀត ក៏ធ្លាប់មកចូលមកសិក្សាអំពីការងាររបស់អង្គភាពនេះដែរ ដោយជាគម្រោងអនាគត ប្រធានអង្គភាពរូបនេះ មានបំណងចង់សហការ ជាមួយដៃគូអន្តរជាតិផ្សេងៗទៀតក្នុងតំបន់អង្គរ ដើម្បីប្រមូលបំណែកកុលាលភាជន៍ ដែលក្រុមអ្នកស្រាវជ្រាវបានប្រទះឃើញក្នុងអំឡុងពេលធ្វើកំណាយកន្លងមក ហើយរក្សាទុកក្នុងទីផ្សេងៗរៀងៗខ្លួន មកតម្កល់ទុកក្នុងអង្គភាពនេះតែមួយ ដើម្បីងាយស្រួលដល់អ្នកទស្សនា ក៏ដូចជាអ្នកស្រាវជ្រាវផ្សេងៗដែរ។
លោកបណ្ឌិតបន្ថែមថា នៅពេលដែលកិច្ចសហការនេះបានជោគជ័យ លោកសង្ឃឹមថា អង្គភាពនេះនឹងទទួលបាននូវបំណែក វត្ថុបុរាណដ៏សន្ធឹកសន្ធាប់ ដែលរឹងរឹតតែធ្វើឲ្យអ្នកស្រាវជ្រាវ គ្រប់គ្នាកាន់តែងាយស្រួល និងចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀត៕