(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូប្រពន្ធ័ផ្សព្វផ្សាយ CMG ប្រទេសចិន ដឹកនាំដោយ អ្នកនាង Xu Xiaoxia អនុប្រធានផ្នែកភាសាខ្មែរ នៃមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព៏ត៌មាន។

កិច្ចពិភាក្សាបានផ្តោតជាសំខាន់កិច្ចសហប្រតិបត្តិការរវាង វិទ្យុមិត្តភាពចិន-កម្ពុជា ជាមួយក្រសួងព័ត៌មានកម្ពុជា ដែលមានកន្លងមក ហើយបន្តទៅមុខបន្ថែមទៀត។

អ្នកនាង Xu Xiaoxia បានជម្រាបជូនថា CMG គឺជាប្រពន្ធ័ផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន ដែលមានទ្រង់ទ្រាយធំជាងគេ និងបានផលិតកម្មវិធីច្រើនជាងគេលើពិភពលោក តាមរយៈប្រពន្ធ័ផ្សាយ CGTN និង CCTV។ សម្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន គឺជាសាខាផ្សព្វផ្សាយព័ត៌មាន និងកម្មវិធីនានា មកកាន់ប្រទេសកម្ពុជា តាមរយៈ CGTN ហើយដំណើរទំហំនៃការផ្សាយរបស់ CGTN មានចំនួន ៦៨ភាសា ដើម្បីផ្សាយទៅកាន់ពិភពលោក។

រដ្ឋមន្រ្តី នេត្រ ភក្ត្រា ក្នុងនាមក្រសួងព័ត៌មានកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ពិសេស CGTN ដែលបានធ្វើកិច្ចសហប្រតិបត្តិការជាមួយ វិទ្យុជាតិកម្ពុជា និងក្រសួងព័ត៌មាន ដែលកិច្ចការងារនេះគឺមានសារៈសំខាន់ក្នុងការបង្កើតនូវខ្លឹមសារសម្រាប់ផ្សព្វផ្សាយដល់ប្រជាជនកម្ពុជា។

ពិសេសជាងនេះ ការផ្សាយជាភាសាចិនតាមរយៈ វិទ្យុមិត្តភាពកម្ពុជា-ចិន បានផ្តល់ឱកាសច្រើនដល់ប្រជាជនកម្ពុជា ដែលរៀនភាសាចិនអាចស្តាប់ព័ត៌មមានជាភាសាចិនបាន។ ទន្ទឹមនេះអ្នកវិនិយោគិន និងអ្នកទេសចរ ចិន ដែលបានមករកសុី និងដើរលេងកំសាន្ត គឺអាចទទួលបានព័ត៌មានសំខាន់ៗពីការផ្សាយរបស់វិទ្យមិត្តភាពកម្ពុជា-ចិន។

លោករដ្ឋមន្រ្តី បានគួសបញ្ជាក់ពីការយកចិត្តទុកដាក់ក្នុងផ្សព្វផ្សាយព័ត៌មាន ដែលមានសារៈសំខាន់ ដោយត្រូវធើ្វយ៉ាងណាឲ្យការផ្សាយជាភាសាចិន ផ្តោតលើព័ត៌មាននៅក្នុងប្រទេសកម្ពុជា ដើម្បីអោយបងប្អូនជនជាតិស្តាប់បាន យល់គ្នាទៅវិញទៅមកពីប្រពៃណី ទំនៀមទំលាប់ និងការស់នៅប្រចាំថ្ងៃ។ ជាមួយគ្នានេះ វិទ្យុមិត្តភាពកម្ពុជា-ចិន បានផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី ទំនៀបទំលាប់ និងវិស័យទេសចរណ៍ និងភាសាខ្មែរទៅដល់ប្រជាជនចិន បានដឹងបានឃើញច្បាស់ពីប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី បានស្នើដល់ភាគីចិនជួយលើផ្នែកបច្ចេកទេស និងឧបករណ៍ដើម្បីសម្រួលដល់ការផ្សព្វផ្សាយ ក៏ដូចជាស្នើខាងចិន ឲ្យផ្សព្វផ្សាយពីបរិបទនៃការរស់នៅរបស់កម្ពុជា, ប្រពៃណី វប្បធម៌ សម្បត្តិធម្មជាតិនៃកម្ពុជា បានច្រើន ទៅប្រជាជនចិន បានដឹងស៊ីជម្រៅបន្ថែមទៀត។

លោកនាង Xu Xiaoxia បានថ្លែងអំណរគុណដល់កម្ពុជា ពិសេសក្រសួងព័ត៌មាន ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អកន្លងមក និងផែនការដែលត្រូវរួមគ្នាធ្វើទៅមុខទៀត ដោយក្នុងនោះ ខាងវិទ្យុមិត្តភាពកម្ពុជា-ចិន បានលើកឡើងពីកម្មវិធីដែលនឹងត្រូវផ្សាយទៅចិន នូវវប្បធម៌ចិន-ខ្មែរ, ព័ត៌មាន និងព្រឹត្តិការណ៍ផ្សេងៗនៅកម្ពុជាទៅដល់ប្រជាជនចិន។ ដូច្នេះខាងភាគីចិន ចង់អោយមានការផ្លាស់ប្តូរនូវធនធានមនុស្សរវាងខ្មែរ-ចិន ចំនួន២នាក់ ដើម្បីសម្រួលក្នុងការផ្សាយព័ត៌មានបានកាន់តែបន្ថែមទៀត។

វិទ្យុមិត្តភាពកម្ពុជា-ចិន CCFR ត្រូវបានបង្កើតឡើងក្រុមកិច្ចសហប្រតិបត្តិ ការរវាងវិទ្យុជាតិកម្ពុជាជាមួយនឹងវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) ដោយមាន ការគាំទ្រពីក្រសួងព័ត៌មានកម្ពុជា ក្នុងគោលបំណងផ្លាស់ប្ដូរ សិល្បៈ វប្បធម៌ និងព័ត៌មានរវាងប្រទេសទាំងពីរ ក៏ដូចជាដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិការគ្រប់គ្រប់ ជ្រុងជ្រោយ និងរឹតចំណងមេត្រីភាពឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ព្រមទាំងជំរុញការយល់ ដឹងពីគ្នានិងផ្សារភ្ជាប់ដួងចិត្តទៅ វិញទៅមករវាង ប្រជាជនប្រទេសទាំងពីរចិននិងកម្ពុជា៕