(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ៣កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣​នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើ​ប្រាស់ជាផ្លូវការ​នូវ​ស្ពានកោះនរា។

ស្ពានកោះនរា ជាស្ពានប្រអប់បេតុងខ្សែកាបឆ្លង​កាត់​​ទន្លេបាសាក់ភ្ជាប់រវាងតំបន់អភិវឌ្ឍន៍​កោះ​ពេជ្រ និងតំបន់​អភិវឌ្ឍន៍​កោះនរា។ ស្ពានកោះនរា បានបើកការដ្ឋានសាងសង់កាល ពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ​មន្ត្រី​កម្ពុជា។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានកោះនរា៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីសោមនស្សរីករាយ ដែលបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានកោះនរា និងស្ពាននាគភ្លោះកោះនរា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានចេញទៅបោះឆ្នោតយ៉ាងច្រើនកុះករកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់អាជ្ញាធរក្នុងរាជធានីភ្នំពេញ ដែលបានចូលរួមបង្កលក្ខណៈផ្សេងសម្រាប់កិច្ចអភិវឌ្ឍន៍កោះនរា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធមានសារៈសំខាន់ណាស់សម្រាប់ជាតិ។ ហេដ្ឋារចនាសម្ព័ន្ធ គឺជាសរសៃឈាមរបស់ជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ពីមុនភ្ជាប់គ្នាតែតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ឥឡូវមានផ្លូវមួយទៀត គឺផ្លូវឌីជីថល។ ផ្លូវឌីជីថលនេះ ភ្ជាប់ទំនាក់ទំនងគ្នាបានលឿន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងគាំទ្រការអភិវឌ្ឍន៍កោះនរា ដោយសម្តេចចាត់ទុកការអភិវឌ្ឍន៍នេះ ជាការអភិវឌ្ឍន៍ដ៏ពិសេស។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការអភិវឌ្ឍន៍កោះនរា គឺជាការស្រង់ស្ថានភាពកោះ ដែលពីមុនត្រូវបានបាកចូលទន្លេ ហើយការអភិវឌ្ឍន៍នេះ បានក្លាយទៅជាកន្លែងមានសក្តានុពលផ្នែកសេដ្ឋកិច្ចខ្ពស់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍន៍កោះនរា គឺជាការបែងចែកផលលាភទៅប្រជាពលរដ្ឋ មិនមែនសម្រាប់តែឧកញ៉ា ពុង ឃាវសែ ឬមនុស្សមួយក្តាប់តូចនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍន៍កោះនរា នឹងពង្រីកផលសេដ្ឋកិច្ចដល់ច្បារអំពៅ និងចំការមនផងដែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលខាងកោះនរា នឹងមានសង់អគារមួយខ្ពស់ជាងគេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយអភិវឌ្ឍន៍របស់កម្ពុជា គឺពលរដ្ឋគ្រប់រូបទទួលបានផលលាភ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសង្ឃឹមថា ក្រុមហ៊ុនអ្នកឧកញ៉ា ពុង ឃាវសែ នឹងបន្តយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍តំបន់កោះនរាទៅតាមផែនការគ្រោងទុក។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើទៅដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុយកចិត្តទុកដាក់សម្រួលឥណទាន ដើម្បីសម្រាលការលំបាករបស់អ្នកខ្ចី។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ចេញគោលការណ៍ឱ្យជនបរទេសជួលផ្ទះរក្សាពេលយូរ មិនមែនជាការលក់ផ្ទះ លក់ដីឱ្យជនបរទេសនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ចេញគោលនយោបាយឱ្យជនបរទេសជួលផ្ទះ ជួលដីរយៈពេលយូរ នៅតែបន្តអនុវត្តន៍តាមរដ្ឋធម្មនុញ្ញ ហើយមិនឱ្យជនបរទេសទាំងរូបវន្តបុគ្គល និងនីតិបុគ្គល អាចកាន់កាប់ដីធ្លីខ្មែរបាននោះឡើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ចេញគោលនយោបាយជួលផ្ទះ ជួលដីឱ្យជនបរទេសរយៈពេលយូរ (១៥ឆ្នាំ ទៅ៥០ឆ្នាំ) ដើម្បីប្រយោជន៍សេដ្ឋកិច្ច។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់រាល់សកម្មភាពចលាចលក្នុងសង្គម ជាពិសេសពេលបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋបាលរាជធានីភ្នំពេញ គិតគូរសម្រួលលំហូរចរាចរណ៍ ក្រោយដាក់ឱ្យប្រើប្រាស់ស្ពានកោះនរា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋបាលរាជធានីភ្នំពេញ ពង្រឹងការផ្តល់សេវាដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ ដោយពង្រាយខ្សែរត់រថយន្តក្រុងបន្ថែមមកកាន់កោះនរា និងតំបន់អភិវឌ្ឍន៍ដទៃទៀត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យមានការសិក្សារៀបចំផ្លូវសម្រាប់រថយន្តក្រុងសាធារណៈ ដើម្បីសម្រួលការធ្វើចរាចរណ៍រថយន្តក្រុងសាធារណៈ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញបំណងសិក្សាផ្លូវអាកាស និងផ្លូវក្រោមដីក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលការធ្វើចរាចរណ៍។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យមានការសិក្សារៀបចំភូមិសាស្ត្ររាជធានីភ្នំពេញ ដោយរៀបចំជាតំបន់បៃតង តំបន់អាជីវកម្ម និងតំបន់កម្សាន្តសប្បាយដាច់ៗពីគ្នា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់ពង្រឹងនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីពង្រឹងសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់ចោរឆក់ប្លន់ និងសុវត្ថិភាពសម្រាប់អ្នកទេសចរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា អ្នកបាញ់បោះនៅគិរីរម្យ៤នាក់ ត្រូវបានបណ្តេញចេញពីក្របខណ្ឌ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្តិសុខប្រទេសនៅតំបន់អឺរ៉ុបមួយចំនួន ដែលសម្តេចធ្លាប់រស់នៅ ចាញ់រាជធានីភ្នំពេញ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឥឡូវនេះមានជល់មាន់តាមអាកាស មានចាក់ទឹកភ្លៀងតាមអនឡាញ។ រាជរដ្ឋាភិបាល នឹងប្រឹងប្រែងទប់ស្កាត់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅយុវជនកុំចង់សាកជីវិតបងតូចបងធំ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសំណេះសំណាលនៅវេលាម៉ោង ៤៖០៥នាទី រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕