(ឥណ្ឌូនេស៉ី)៖ តបតាមការអញ្ជើញរបស់លោក ប្រាបូវូ ស៊ូប៊ីនតូ (Prabowo Subianto) រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដោយនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានឧត្តមមន្ត្រីការពារជាតិអាស៊ាន (ADSOM) នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន លើកទី១៧ (17th ADMM) នៅទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី។

ថ្លែងបើកកិច្ចប្រជុំ លោក ប្រាបូវូ ស៊ូប៊ីនតូ រដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី បានសម្តែងការអបអរសាទរ និងថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ ទទួលបានជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ កាលពីឆ្នាំ២០២២កន្លងមក ហើយតាមរយៈកិច្ចប្រជុំនៅកម្ពុជា ប្រទេសឥណ្ឌូនេស៊ី បានប្តេជ្ញាចិត្តបន្តនូវលទ្ធផល ដែលកម្ពុជាសម្រេចបាន។

លោក ប្រាបូវូ ស៊ូប៊ីនតូ ក៏បានសម្តែងការស្វាគម៍ រដ្ឋមន្រ្តីការពារជាតិ ដែលទើបបានតែងតាំងថ្មី មកពីព្រះរាជាណាចក្រកម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន និងប្រទេសថៃ។ លោកបញ្ជាក់ថា សន្តិភាព ស្ថេរភាព និងសន្តិសុខ គឺជាមូលគ្រិះដ៏សំខាន់ ក្នុងការបង្កើននូវសេដ្ឋកិច្ច។ ប្រសិនបើសន្តិសុខមិនរឹងមាំទេរ គឺមិនអាចធ្វើបានឡើយក្នុងទាក់ទាញវិនិយោគទុន និងការសម្រេចបាននូវ ស្ថេរភាពនៅក្នុងសង្គមរបស់យើង និងប្រជាជនរបស់យើង ដូចនេះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន គឺសំដៅដោះស្រាយបញ្ហាសន្តិសុខ។

លោករដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី បានបញ្ជាក់បន្ថែមថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៧ ឆ្នាំ២០២៣ បន្តស្វែងរកនូវការបង្កើន និងពង្រឹង និមាបនកម្ម សន្តិសុខ ក៏ដូចជាការជំរុញឲ្យមានបរិយាប័ននៅលើពិភពលោក។ លោកបានអំពាវនាវដល់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៧ ធ្វើការពិក្សាគ្នា ដើម្បីស្វែងរកនូវយន្តការផ្សេងៗ ក្នុងការដោះស្រាវបញ្ហាផ្សេងៗ ដូចជាបញ្ហានៅក្នុងតំបន់។

ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៧ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ជាមួយនឹងការរួមចំណែកប្រកបដោយថាមវន្តរបស់រដ្ឋមន្ត្រីពីអតីត និងបច្ចុប្បន្ន ក៏ដូចជារដ្ឋមន្ត្រី ដែលមានវត្តមាននៅថ្ងៃនេះ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បានជំរុញបុព្វហេតុនៃសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ដោយផ្អែកលើគោលការណ៍នៃមជ្ឈភាព និងឯកភាពអាស៊ាន ព្រមទាំងការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។ ដោយនេះ គឺជាការរួមចំណែកដ៏ធំក្រៃលែងក្នុងការកសាងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានដ៏រឹងមាំ និងធន់។

កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន លើកទី១៧ ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី បានប្រព្រឹត្តិទៅក្រោមមូលបទ «សន្តិភាព វិបុលភាព និងសន្តិសុខ» ដោយផ្តោតលើកិច្ចពិភាក្សា ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ ការពង្រឹងជំនឿទុកចិត្ត និងការលើកកម្ពស់សមត្ថភាពនិងភាពធន់ របស់តំបន់ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ។ រដ្ឋមន្រ្តីការពារជាតិអាស៊ាន បានធ្វើការពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នា លើបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម។

សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន លើកទី១៧ នៅប្រទេសឥណ្ឌូនេស៊ី ក៏មានការអញ្ជើញចូលរួមពី រដ្ឋមន្ត្រីការពារជាតិ ប្រទេសទីម័រខាងកើត ដែលបានចូលរួមប្រជុំក្នុងនាមជាអ្នកសង្កេតការណ៍៕