(កំពង់ស្ពឺ)៖ ដោយសារតែខ្វះលុយចូលចែចូវកូនក្រមុំគេ បែរជាចិត្តដាច់ចាក់សម្លាប់មិត្តភ័ក្រឯង យកម៉ូតូ តែវាសនាមិនល្អត្រូវបានកម្លាំងនគរបាលក្រុងឧដុង្គម៉ែជ័យ ឃាត់ខ្លួនបានភ្លាមៗ។ ជនដៃដល់បានល្បួងមិត្តភ័ក្រទិញស្រារបៀរ ហូបជាមួយគ្នា រួចទាញកាំបិតចុងស្រួចវែងចាក់សម្លាប់ ប្លន់យកម៉ូតូមិត្តភក្តិ ដើម្បីដណ្តឹងប្រពន្ធនៅឯខេត្តតាកែវ។

ការឃាត់ខ្លួនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៧៖៤០យប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចខាងជើងរោងម៉ាស៊ីនកិនស្រូវអប្សរារ៉ាយ ភូមិស្រះកៃវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

នគរបាលក្រុងឧដុង្គម៉ែជ័យ បានឱ្យដឹងថា មានករណីប្លន់យកម៉ូតូមួយបានកើតឡើង ដោយសារតែជនដៃដល់បានធ្វើសកម្មភាពយកកូនកាំបិតចុងស្រួចទៅអារ-ក និងចាក់សម្លាប់ជនរងគ្រោះដើម្បីប្លន់យកម៉ូតូ ខណៈដែលកំពុងផឹកស៊ីជាមួយគ្នា ហើយជនរងគ្រោះ និងជនសង្ស័យជាមនុស្សស្គាល់គ្នា កាលពីរសៀលថ្ងៃខែដដែល។

សមត្ថកិច្ចបានបន្តទៀតថា ជនរងគ្រោះមានឈ្មោះ ណយ ចាន់ណៃ អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិរំលេច សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ រីឯជនដៃដល់មានឈ្មោះ ពេជ្រ រ៉ាវី អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅក្នុងភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។

ករណីនេះ កម្លាំងនគរបាលជំនាញ បានចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ បានឃាត់ខ្លួនជនដៃដល់ ជាកម្មកររោងចក្រ ធ្វើការងារជាមួយជនរងគ្រោះដែរ។ ក្រោយមកនគរបាលបានដកហូតវត្ថុតាង បន្សល់ទុកនៅកន្លែងកើតហេតុ កូនកាំបិត០១ដើម ស្បែកជើង០១គូ និងស្រាបៀរ០៦កំប៉ុង។

តាមចម្លើយសារភាពរបស់ជនសង្ស័យឆ្លើយថា ខ្លួនពិតជាបានធ្វើសកម្មភាពចាក់ និងអារ-ក សម្លាប់ជនរងគ្រោះយកប្លន់ម៉ូតូ ប្រាកដមែន ដោយសារខ្លួនខ្វះលុយយកទៅស្តីដណ្តឹងប្រពន្ធ នៅក្នុងខេត្តតាកែវ ទើបសម្រេចចិត្តធ្វើបែបនេះទៅ៕