(កំពង់ស្ពឺ)៖ មានគ្រោះថ្នាក់ចរាចរណ៍រថយន្ត និងម៉ូតូបញ្រ្ចាសទិសគ្នា បានកើតឡើងនៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រ២៦-២៧ ត្រង់ចំណុចភូមិអណ្ដូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

លោក ចែម ភឺនរីមវុទ្ធី អភិបាលស្រុកបសេដ្ឋ ដែលមានវត្តមាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នាយប់ថ្ងៃនោះ មានរថយន្តដឹកកម្មកររោងចក្រ១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A-9396 មានដឹកកម្មករ ចំនួន៤៥នាក់ (រស់នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ) បើកបរមកពីទិសខាងជើងទៅទិសខាងត្បូង មកដល់ចំណុចខាងលើបានវ៉ារថយន្តមួយគ្រឿងទៀត ក៏ជ្រល់ទៅបុកម៉ូតូមួយគ្រឿងម៉ាក YAMAHA-MT ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1JH-9772 បើកបរដោយ ឈ្មោះ ពៅ មន្នី អាយុ៣៦ឆ្នាំ នៅភូមិជៃតាកួន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ស្លាប់នៅកន្លែងកើតហេតុ) ដែលបើកបរមកពីទិសខាងត្បូងទៅទិខាងជើង សពបានប្រគល់ជូនសាច់ញាតិ។

លោកអភិបាលស្រុកបន្តថា ករណីខាងលើបណ្ដាលឲ្យស្លាប់អ្នកបើកបរម៉ូតូ និងរបួសកម្មករចំនួន១៣នាក់ ក្នុងនោះរងរបួសស្រាលចំនួន១២ និងរបួសបាក់ដៃខាងឆ្វេង១នាក់ តែភ្លាមៗត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ៕