(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះដែលផ្តួចផ្តើមដោយលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានរៀបចំនិមន្តព្រះសង្ឃ នមស្ការព្រះរតនត្រ័យ ចម្រើនព្រះបរិត្ត និងសម្ដែងព្រះធម៌ទេសនា ក្នុងពិធីបុណ្យកឋិនទានរស្មីសាមគ្គីដើម្បីដង្ហែវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស។

ក្នុងពិធីនេះដែរ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ តាមមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការក្រុង ស្រុក និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយផងដែរ។

កឋិនទានរស្មីសាមគ្គីដើម្បីដង្ហែវេរប្រគេន ប្រគេន នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ២០២៣ ដល់ព្រះសង្ឃចំនួន២វត្ត គឺវត្តផល្លារាម (វត្តទួលមនោរម្យ) ស្ថិតនៅសង្កាត់ក្រគរ ក្រុងក្រចេះ និងវត្តបទុមរាជា(វត្តដីដុះ) ស្ថិតនៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ប្រមូលបានបច្ច័យបាន ៦៣,៦៧៤,០០០រៀលនិង២៦២៥ដុល្លារ។

តាមប្រពៃណី និងទំនៀមទម្លាប់ បុណ្យកឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញព្រះវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ ១រោចខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ។

ពិធីហែអង្គកឋិនទៅកាន់ទីអារាមនីមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្មសប្បាយរីករាយយ៉ាងក្រៃលែង ហើយអ្នកផ្ដើមបុណ្យតែងរៀបចំបរិក្ខាកឋិនមានត្រៃចីវរ ស្បង់ និងទេយ្យទានផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម និងឆ័ត្រជាដើម រួចគេនាំគ្នាហែទៅទីអារាមដែលបានកំណត់ទុក។

វិស័យសាសនា បានដើរតួរយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយអប់រំ មនុស្សឲ្យដើរតាមគន្លងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាស្នាដៃរបស់ដូនតាខ្មែរបានបន្សល់ទុក ឱ្យកូនចៅជំនាន់ក្រោយគោរពនិងប្រតិបត្តិតាម ហើយបច្ចុប្បន្ន ឃើញថា បងប្អូនប្រជាពលរដ្ឋ ដែលជាពុទ្ធសាសនិក បានគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន និងមានឱកាសបាន ធ្វើបុណ្យរួមគ្នា ទៅតាមទីតាំងនិងតំបន់នីមួយៗ ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ៕