(រតនគិរី)៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីផ្សព្វផ្សាយសេចក្តីសម្រេចគោលការណ៍ណែនាំនានា និងរបាយការណ៍វឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ស៊ូ សិរី អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្តតំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

ពិធីខាងលើនេះ មានការអញ្ជើញចូលរួមពីលោក រស់ ពិសិដ្ឋ ប្រធានសាលាដំបូង លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ព្រមទាំងលោកឧត្តមសេនីយ៍ វរសេនីយ៍កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ លោកអភិបាល អភិបាលរងក្រុង ស្រុក អធិការ អធិការរងស្រុក ក្រុង លោកមេឃុំ នាយប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ទូទាំងខេត្តរតនគិរី។

របាយការណ៍ដែលអានដោយលោក ស៊ូ សិរី រួចមក, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ និងលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន អនុលោមតាមស្មារតី នៃកិច្ចប្រជុំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ប្រកបដោយឆន្ទះមុតស្រួច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ធានាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ សន្តិសុខ និងការអភិវឌ្ឍន៍សង្គម ព្រមទាំងឈានទៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀននៅកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សូមដាក់ចេញគោលការណ៍ណែនាំ សម្រាប់ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដូចខាងក្រោម៖

*ទី១៖ ជំរុញការងារផ្សព្វផ្សាយអប់រំ
*ទី២៖ ធ្វើផែនការសកម្មភាពបន្តសម្រាប់ដឹកនាំអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន
*ទី៣៖ ជំរុញការដឹកនាំអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៨។

ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានថ្លែងសាទរ និងកោតសរសើរគណៈកម្មាធិកាត្រួតពិនិត្យគ្រឿងញៀនខេត្តរតនគិរី និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរួមគ្នាប្រកបដោយការទទួលខុសត្រូវ សម្រេចបាននូវលទ្ធផលបានល្អប្រសើរ លើការងារត្រួតពិនិត្យគ្រឿងញៀននាំមកនូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ដើម្បីឲ្យការងារចាត់តាំងការអនុវត្តការងារខាងលើទទួលបានប្រសិទ្ធភាពល្អ, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានស្នើឲ្យគណៈបញ្ជាការឯកភាពខេត្ត ត្រូវម្ចាស់ការដឹកនាំអនុវត្តការងារខាងលើទៅតាមជំនាញ និងវិស័យរបស់ខ្លួនក្នុងដែនសមត្ថកិច្ចផងដែរ៕