(តាកែវ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្ដីបំភ្លឺ ស្ដីពីការចាប់ឃាត់ទំនិញ ដែលបានកំពុងរក្សាទុកនៅសាខាគយ និងរដ្ឋាករខេត្តតាកែវ។ នេះបើតាមសេចក្ដីបំភ្លឺ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

សេចក្ដីបំភ្លឺ បានឲ្យដឹងថា នាពេលថ្មីៗកន្លងមកនេះ មានការតវ៉ាពីសំណាក់អាជីវករដឹកទំនិញរត់គេចពន្ធ នៅខាងមុខសាខាគយ និងរដ្ឋាករខេត្តតាកែវ អំពីការចាប់ឃាត់ទំនិញ ដែលបានគេចវេះកាតព្វកិច្ចពន្ធ និងអាករ និងបានផ្សព្វផ្សាយ ដោយសារព័ត៌មានក្នុងស្រុកមួយចំនួន ដោយបានសម្ភាស និងដកស្រង់យកនូវការលើកឡើងរបស់អាជីវករដឹកទំនិញរត់គេចពន្ធ ដែលបាននិយាយបំផ្លើស និងបំភ្លៃការពិត ក្នុងពេលដែលសាមីខ្លួនទាំងនោះ កំពុងដឹកទំនិញគេចពន្ធបំពានច្បាប់ និងបទប្បញ្ញត្តិគតិយុត្តិពាក់ព័ន្ធនានា ជាធរមាន។

ក្នុងន័យនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជន បានជ្រាបថា ទំនិញដែលត្រូវបានចុះពិនិត្យអនុលោមភាព (តាមរយៈការអនុវត្តយន្តការកណ្តាលទី) រួចបាន ចាប់ឃាត់និងរក្សាទុកនៅសាខាគយ និងរដ្ឋាករខេត្តតាកែវ គីជាទំនិញលួចនាំចូលតាមច្រករបៀងនានាតាម (រថយន្តសាំយ៉ុង) និងព្រំដែនជាប់ប្រទេសវៀតណាម យកមកប្រមូលផ្ដុំដាក់ចូល ក្នុងរថយន្តដឹកអ្នកដំណើរ រថយន្តដឹកទំនិញផ្សេងទៀត ដែលពុំមានបង្កាន់ដៃពន្ធនិងអាករនាំចូល និងឯកសារពាក់ព័ន្ធឡើយ។

បន្ថែមលើនេះ ទំនិញទាំងនោះមានមួយចំនួនជាទំនិញជាប់កម្រិតកំណត់ ដែលតម្រូវឲ្យមានលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពីក្រសួង-ស្ថាប័នពាក់ព័ន្ធ មុននឹងអាចធ្វើការនាំចូល (តាមអនុក្រឹត្យលេខ ១៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០) និងទំនិញមួយចំនួនទៀតត្រូវបានដុតបំផ្លាញចោល (សាច់និងគ្រឿងសមុទ្របង្កកខូចគុណភាព)។

ដោយឡែក ការគណនាប្រាក់ពន្ធនិងអាករនាំចូល ត្រូវអនុវត្តតាមតម្លៃទិញ-លក់ពិត និងអាត្រាពន្ធតាមយថាប្រភេទទំនិញ ដែលមានចែងក្នុងតារាងពន្ធគយកម្ពុជាជាធរមាន ហើយពុំមានមន្ត្រីគយ និងរដ្ឋាករណាម្នាក់មានសិទ្ធិ សម្រេចលើការដំឡើង ឬការបន្ធូរបន្ថយប្រាក់ពន្ធនិងអាក ដូចការលើកឡើងនិងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានត្រឹមត្រូវ របស់អាជីវករនិងបណ្ដាសារព័ត៌មានទាំងនោះឡើយ៕

ខាងក្រោមនេះ ជាសេចក្ដីបំភ្លឺ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលមានខ្លឹមសារទាំងស្រុង៖