(ភ្នំពេញ)៖ សមាគមជនជាតិជប៉ុននៅកម្ពុជា បានរៀបចំពិធីបុណ្យរបាំប្រពៃណីជប៉ុន បុន អូដូរី (Bon Odori)កាលពីចុងសប្ដាហ៍កន្លងទៅ នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងកម្ពុជា-ជប៉ុន ។

ពិធីបុណ្យរបាំប្រពៃណីជប៉ុននេះ ធ្វើឡើងក្រោមវត្តមានលោក សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំប្រទេសកម្ពុជា ហើយក៏មានការចូលរួមពីប្រជាជនកម្ពុជា និងប្រជាជនជប៉ុនយ៉ាងច្រើនប្រមាណជាង ២,០០០នាក់ផងដែរ ។

លោក KOICHI Takuma ប្រធានសមាគមជនជាតិជប៉ុននៅកម្ពុជា បានបញ្ជាក់ថា បន្ទាប់ពីបានផ្អាកអស់រយៈពេល ៣ឆ្នាំ ដោយសារវិបត្តិកូវីដ-១៩ នេះគឺជាលើកដំបូង ដែលសមាគមរៀបចំពិធីបុណ្យនេះឡើងវិញ ។ ពិធីបុណ្យនេះ បានរៀបចំនៅកម្ពុជាដំបូង កាលពី ២០ឆ្នាំមុន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជា ។

លោក UENO Atsushi មានប្រសាសន៍ថា សម្រាប់ពិធីបុណ្យ Bon Odori លើកទី១៦ នេះ គឺជាព្រឹត្តិការណ៍មួយ ដែលប្រារព្ធឡើង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងកម្ពុជាជប៉ុន។ លោកថា បុណ្យនេះ គឺជាបុណ្យប្រពៃណី ដែលប្រជាជនជប៉ុនគ្រប់រូបស្គាល់ និងតែងរៀបចំក្នុងតំបន់នានាទូទាំងប្រទេសជប៉ុន ក្នុងកំឡុងពេល Obon នៃគិម្ហរដូវ។

រីឯនៅកម្ពុជាវិញ ក៏មានវប្បធម៌ប្រពៃណី ដែលប្រជាជនគ្រប់ៗរូបតែងតែរាំជារង្វង់ ដែលគេហៅថារាំវង់។ ពិធីបុណ្យ Bon Odori របស់សមាគមជនជាតិជប៉ុននេះ គឺជាឱកាសដ៏ល្អអស្ចារ្យមួយក្នុងការផ្លាស់ប្ដូរវប្បធម៌ទៅវិញទៅមក សម្រាប់ប្រជាជនជប៉ុន និងប្រជាជនកម្ពុជា ដែលអាចមើលឃើញអំពីលក្ខណៈស្រដៀងគ្នារនៃវប្បធម៌ប្រពៃណីនៃប្រទេសទាំងពីរ តាមរយៈការរាំនេះផងដែរ ។

ជាមួយគ្នានោះ លោក សោម រតនា បានលើកឡើងថា «ឆ្នាំនេះ យើងមានកិត្តិយសរៀបចំបុណ្យ បុន អូដូរី ឡើងវិញ បន្ទាប់ពីខកខានប៉ុន្មានឆ្នាំ ដោយសារជំងឺរាតត្បាតជំងឺកូវីដ-១៩។ ក្រោយពីជោគជ័យលើការទប់ស្កាត់ និងសម្រេចបានការចាក់វ៉ាក់សាំងទូទាំងផ្ទៃប្រទេសពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា វិធានការការពារនានាពីសំណាក់ក្រសួងសុខាភិបាលដែលបងប្អូនប្រជាពលរដ្ឋបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ទើបយើងអាចចៀសផុតពីជំងឺរាតត្បាត និងប្រារព្ធការជួបជុំឡើងវិញបានដូចពេលនេះ»

អនុរដ្ឋលេខាធិការក្រសួងអប់រំដដែលបន្ដថា ពិធីបុណ្យនេះ គឺជាព្រឹត្តិការណ៍មួយ ដែលប្រារព្ធរៀបចំឡើង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងកម្ពុជាជប៉ុន ហើយក៏ជាឱកាសដ៏ពិសេសមួយ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ដ៏ល្អផូរផង់រវាងកម្ពុជា-ជប៉ុន និងជាផ្នែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងចំណងមិត្តភាពប្រទេសទាំងពីរផងដែរ ៕