(ភ្នំពេញ)៖ អនុសាសន៍បន្ថែមចំនួន៧ចំណុច ត្រូវបានដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីបិទមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ នៅព្រឹកថ្ងៃតី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដើម្បីសម្រេចបានសមិទ្ធផលជោគជ័យថ្មីៗបន្ថែមទៀត ក្នុងដំណាក់កាលថ្មីនេះ។

អនុសាសន៍ដែលសម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញ ដើម្បីឲ្យរណសិរ្សគ្រប់ថ្នាក់គប្បីយកចិត្តទុកដាក់អនុវត្ត ប្រែក្លាយសេចក្តីសម្រេចចិត្ត នៃអង្គមហាសន្និបាតនាថ្ងៃនេះ ឲ្យក្លាយជាសកម្មភាពជាក់ស្ដែង រួមមាន៖

*ទី១៖ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សុខដុមនៃសង្គម និងការពារដាច់ខាត នូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។

*ទី២៖ រណសិរ្សគ្រប់ថ្នាក់ ត្រូវពង្រឹង និងពង្រីករចនាសម្ព័ន្ធចាត់តាំងរណសិរ្ស បង្កើនសមត្ថភាពគ្រប់គ្រង និងដឹកនាំការងារ ស្វែងរកប្រភពគាំទ្រឲ្យបានកាន់តែច្រើនឡើង ដើម្បីធានានិរន្តរភាព និងវឌ្ឍនភាព នៃបេសកកម្ម រចនាសម្ព័ន្ធ និងបុព្វហេតុរបស់រណសិរ្ស។

*ទី៣៖ រណសិរ្សគ្រប់ថ្នាក់ត្រូវបន្តអប់រំ បំផុសចលនា បញ្ជ្រាបការយល់ដឹងអំពីគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ឲ្យបានជ្រួតជ្រាបទូលំទូលាយក្នុងសង្គម និងការប្រមូលផ្ដុំកម្លាំងមហាជន ពីគ្រប់ស្រទាប់ គ្រប់មជ្ឈដ្ឋាន ដើម្បីចូលរួមគាំទ្រ និងអនុវត្តគោលការណ៍ និងគោលនយោបាយទាំងនោះ សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានចក្ខុវិស័យ នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេសជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។

*ទី៤៖ ចូលរួមក្នុងការតស៊ូប្តូរផ្តាច់ ក្នុងការទប់ស្កាត់នូវរាល់ឧបាយកល និងសកម្មភាពបំបែកបំបាក់សាមគ្គីជាតិ របស់ក្រុមប្រឆាំង មជ្ឈដ្ឋានអមិត្តទាំងក្នុង និងក្រៅប្រទេស ដែលប៉ុនប៉ងអូសទាញមហាជន ប្រជាជន ឲ្យប្រឆាំងចំពោះបុព្វហេតុកសាង និងអភិវឌ្ឍន៍ជាតិមាតុភូមិជាទីស្នេហានៃយើង។

*ទី៥៖ ពង្រឹង និងថែរក្សាឲ្យបានរឹងមាំ នូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ទាំងទស្សនៈ គោលជំហរ និង នយោបាយសតិអារម្មណ៍ តាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី»។

*ទី៦៖ ចូលរួមអនុវត្តមាគ៌ាគោលនយោបាយការទូត សន្តិភាព ឯករាជ្យ មិត្តភាព និងសហប្រតិបត្តិការ ស្មើភាពជាមួយបណ្តាប្រទេសនានានៅលើពិភពលោក ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យ ស្មើសិទ្ធិ និងមានផលប្រយោជន៍ទាំងសងខាង ស្របតាមបាវចនារបស់រាជរដ្ឋាភិបាលកម្ពុជា នៃការ «កែទម្រង់ខាងក្នុង កសាងមិត្តខាងក្រៅ ដោយឈរលើមូលដ្ឋានឯករាជ្យ»

*ទី៧៖ ត្រូវយកស្មារតី នៃអង្គមហាសន្និបាតរណសិរ្សលើកទី៦ ទៅផ្សព្វផ្សាយបន្តឲ្យបានទូលំទូលាយបន្ថែម ទៀតដល់គ្រប់មជ្ឈដ្ឋានសង្គម។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិការណសិរ្សគ្រប់ថ្នាក់ ពិសេសសម្ដេចពញាចក្រី ហេង សំរិន ជាប្រធាន ដែលបានដឹកនាំអង្គការរណសិរ្សឲ្យមានដំណើរការវិវឌ្ឍ និងភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ មាតុភូមិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន៕