(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុនបានចុះហត្ថលេខាផ្ដល់ជំនួយឥតសំណងសាងសង់ស្ពានបេតុងថ្មីមួយ មានប្រវែង២៥ម៉ែត្រ ជូនប្រជាពលរដ្ឋនៅស្ថិតនៅឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដោយប្រើប្រាស់ថវិកាចំនួន១៦៨,២៧៦ដុល្លារអាមេរិក។

ការផ្ដល់ជំនួយនេះធ្វើឡើងតាមរយៈការចុះហត្ថលេខារវាងលោក តានិណៃ អ៊ុំឈិតុម៉ុ ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ជាមួយភាគីកម្ពុជាដែលមានលោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង លោក សួង ហ៊ី អភិបាលស្រុកសៀមបូក និងលោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា រាជធានីភ្នំពេញ។

នេះជាជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ដើម្បីសាងសង់ស្ពានបេតុងថ្មី១កន្លែងខាងលើ ប្រវែង២៥ម៉ែត្រ និងទទឹង៦ម៉ែត្រ ដោយប្រើប្រាស់ថវិកាចំនួន១៦៨,២៧៦ដុល្លារអាមេរិក។

គម្រោងសាងសង់ស្ពានបេតុងថ្មីនេះ គឺដើម្បីជំនួសឱ្យស្ពានឈើចាស់ដែលបានពុកផុយ រងការខូចខាត និងគ្មានសុវត្ថិភាព ដោយសារចំនួនរថយន្តធុនធ្ងន់ឆ្លងកាត់ច្រើន បណ្ដាលឱ្យមានការបាក់ស្រុត ជាហេតុបង្កឱ្យមានការលំបាកជាច្រើនដល់ប្រជាជនក្នុងមូលដ្ឋានក្នុងការធ្វើដំណើរឆ្លងកាត់ទៅសាលារៀន កន្លែងធ្វើការ មន្ទីរពេទ្យ ជាពិសេសការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋទូទៅ។

ស្ពានបេតុងថ្មីនេះនឹងផ្ដល់សារៈសំខាន់យ៉ាងខ្លាំងសម្រាប់សកម្មភាពសេដ្ឋកិច្ច ព្រោះស្ពាននេះជាបណ្ដាញតភ្ជាប់ផ្លូវនៃតំបន់សេដ្ឋកិច្ចទី១ដែលខេត្តស្ទឹងត្រែងបានកំណត់ ក្នុងនោះក៏បានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ២,៨០០នាក់ ក្នុងភូមិចំនួន៤ ស្ថិតនៅជុំវិញភូមិសាស្ដ្រខាងលើ តាមរយៈការបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព ដើម្បីទទួលបានសេវាសាធារណៈល្អប្រសើរ ទាន់ពេលវេលា សកម្មភាពដឹកជញ្ជូនកសិផល និងសកម្មភាពសេដ្ឋកិច្ចនានា ដើម្បីបង្កើនប្រាក់ចំណូល ដែលជាការរំពឹងថានឹងជួយកែលម្អ និងលើកកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់ប្រទេសជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ៕