(ភ្នំពេញ)៖ អគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជាថ្មី លោក Santo Darmosumarto ដែលទើបមកកាន់ដំណែងជាអគ្គរដ្ឋទូតឥណ្ឌូនេស៊ីនៅកម្ពុជា នៅចុងឆ្នាំ២០២៣នេះ បានលើកឡើងថា ស្ថានទូតឥណ្ឌូនេស៊ី នឹងខិតខំរួមគ្នា ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាង កម្ពុជា និងឥណ្ឌូនេស៊ី ឱ្យកាន់តែប្រសើរឡើង ដែលជាការធ្វើឱ្យប្រទេសឥណ្ឌូនេស៊ីកាន់តែជិតស្និទ្ធជាមួយប្រជាជនកម្ពុជា ខណៈក្នុងឆ្នាំ២០២៣នេះ ភ្ញៀវទេសចររបស់ឥណ្ឌូនេស៊ី ដែលមកដើរកម្សាន្តនៅប្រទេសកម្ពុជា ស្ថិតក្នុងលេខរៀងទី៧ ក្នុងចំណោមភ្ញៀវបរទេសដែលមកទស្សនានៅកម្ពុជាច្រើនជាងគេ។
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន លោក Santo Darmosumarto បានឱ្យដឹងថា ក្រៅឥណ្ឌូនេស៊ីបានផ្សព្វផ្សាយពីតំបន់ទេសចរណ៍ជាច្រើនរបស់ឥណ្ឌូនេស៊ីឱ្យប្រជាជនកម្ពុជាបានស្គាល់ ឥណ្ឌូនេស៊ីក៏បានផ្សព្វផ្សាយពីកម្ពុជាទៅកាន់ប្រជាជនឥណ្ឌូនេស៊ីផងដែរ តាមរយៈបណ្តាញសង្គម ដោយបង្ហាញពីប្រទេសកម្ពុជា ជាប្រទេសដែលមានសុខសន្តិភាព ប្រជាជនមានភាពរួសរាយរាក់ទាក់ ដែលធ្វើឱ្យប្រជាជនឥណ្ឌូនេស៊ី ចង់មកដើរកម្សាន្ត, ស្វែងយល់ពីបរិយាកាសវិនិយោគ និងការបំពេញនៅការងារនៅកម្ពុជាជាដើម។
លោកបន្តថា «ជាច្រើនឆ្នាំមកហើយ ដែលស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានរៀបចំកម្មវិធីជាច្រើនដើម្បីបង្ហាញអំពីប្រទេសនេស៊ី។ ជាក់ស្តែងនៅឆ្នាំនេះ ស្ថានទូតឥណ្ឌូនេស៊ីបានរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍នៅទីក្រុងភ្នំពេញ។
យើងក៏គ្រោងរៀបចំកម្មវិធីនេះ នៅឆ្នាំក្រោយផងដែរ នៅក្នុងខែកញ្ញា ដែលទាក់ទងនឹងការផ្សព្វផ្សាយពីប្រទេសឥណ្ឌូនេស៊ី និងសកម្មភាពផ្សេងៗទាក់ទងនឹងការសហការគ្នាលើ វិស័យអប់រំ យុវជន និងវិស័យជំនួញ។ហើយជាមួយគ្នានេះដែរ ឥណ្ឌូនេស៊ីក៏នឹងផ្សព្វផ្សាយពីប្រទេសកម្ពុជាទៅកាន់ប្រទេសឥណ្ឌូនេស៊ីផងដែរ។ ដូច្នេះហើយ គឺយើងធ្វើទាំងពីរ គឺផ្សព្វផ្សាយពីឥណ្ឌូនេស៊ីនៅកម្ពុជា និងផ្សព្វផ្សាយពីកម្ពុជាទៅកាន់ឥណ្ឌូនេស៊ី។
យើងឃើញថា ប្រទេសកម្ពុជាមានភាពល្បីល្បាញកាលពីឆ្នាំមុន ក្នុងពេលដែលកម្ពុជាធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន ហើយកម្ពុជាបានដឹកនាំកិច្ចប្រជុំនេះបានយ៉ាងល្អ ក្នុងស្ថានភាពមួយដែលលំបាក ដោយទើបតែបានធូរស្រាលពីការរីករាលដាលនៃជំងឺកូវីដ។នេះហើយគឺជាភាពជោគជ័យមួយ ដែលដក់ជាប់ក្នុងចិត្តរបស់ប្រជាជនឥណ្ឌូនេស៊ី»។
ជាមួយគ្នានេះ លោកលើកទឹកដល់ប្រជាជនកម្ពុជាទៅទស្សនានៅឥណ្ឌូនេស៊ី ជាពិសេសកោះស៊ូម៉ាត្រាខាងសិច ព្រោះទីតាំងភូមិសាស្រ្តនៃកោះនេះ មានភាពស្រស់ស្អាត និងមានវប្បធម៌ចម្រុះជាច្រើន។ ចំណែកម្ហូបប្រចាំតំបន់វិញ ក៏មានរសជាតិស័ក្កសមនឹង ប្រជាជនកម្ពុជា ងាយស្រួលក្នុងការទទួលទានបាន។
ជាមួយគ្នានេះ ប្រទេសទាំងពីរសុទ្ធតែគ្រប់គ្រងស្ថានភាពរីករាលដាលជំងឺកូវីដបានល្អ។ជាក់ស្តែងនៅផាដាង ក៏ដូចជានៅកម្ពុជា ប្រជាជនលែងពាក់ម៉ាសទៀត ដូច្នេះហើយ ប្រជាជននៃប្រទេសទាំងពីរអាចធ្វើដំណើរទៅមកបាន។ ទន្ទឹមគ្នានេះ លោកលើកឡើងថា ចាប់ពីឆ្នាំនេះទៅ បន្ទាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរចាប់ផ្តើមបង្ហាញពីនិន្នាការកើនឡើង ប្រជាជនប្រទេសទាំងពីរនឹងមានលទ្ធភាពធ្វើដំណើរទៅប្រទេសផ្សេងទៀត ក្នុងទិសដៅទៅដើរកម្សាន្ត។ ហើយឥណ្ឌូនេស៊ី អាចជាជម្រើសល្អមួយសម្រាប់ការដើរកម្សាន្តរបស់ប្រជាជនកម្ពុជា និងកម្ពុជាអាចក្លាយជាទិសដៅដើរកម្សាន្តរបស់ប្រជាជនឥណ្ឌូនេស៊ីផងដែរ។
ឆ្លើយតបនឹងសំណួរ តើថាឥណ្ឌូនេស៊ីនឹងជំរុញការភ្ជាប់ជើងហោះហើរ ពីទីក្រុងផាដាងនៃខេត្តស៊ូម៉ាត្រាខាងលិចមកទីក្រុងភ្នំពេញ និងសៀមរាបដែរឬទេ? លោក Santo បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលយើងគិតអំពីការភ្ជាប់ទំនាក់ទំនងទេសចរណ៍រវាងប្រទេសទាំងពីរ យើងមិនមែនផ្តោតតែទៅលើថាតើតំបន់ទេសចរណ៍នៃប្រទេសទាំងពីរមានភាពស្រស់ស្អាត និងមានការចាប់អារម្មណ៍ប៉ុណ្ណានោះទេ តែក៏គិតពីហេដ្ឋារចនាសម្ព័ន្ធល្អ ជាពិសេសការតភ្ជាប់ជើងហោះហើរ។ ព្រលានយន្តហោះអន្តរជាតិ គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ដែលជាការវិនិយោគ ដ៏ល្អបំផុតសម្រាប់វិស័យទេសចរណ៍។ វាចូលរួមកាត់បន្ថយការចំណាយ ដូចជាការផ្តល់នូវភាពងាយស្រួលក្នុងការទៅមកនៃភ្ញៀវទេសចរ។ សម្រាប់ព្រលានយន្តសៀមរាបថ្មី ពិតជាមានទំហំធំមែនទែន ដែលអាចអនុញ្ញាតឱ្យយន្តហោះប្រភេទធំៗអាចចុះចត យ៉ាងងាយស្រួល បើធៀបនឹងព្រលានចាស់ដែលមានទំហំតូច។ អីចឹងហើយវាមានភាពអំណោយផលដែលទាក់ទាញមនុស្សជាច្រើនមកកម្សាន្តនៅប្រទេសកម្ពុជា។»
បើតាម អគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជារូបនេះ ចាប់ពីខែមករា ដល់ខែវិច្ឆិកានេះ ឆ្នាំ២០២៣នេះ ប្រជាជនកម្ពុជាប្រមាណ ៩៣០០នាក់ បានទៅលេងប្រទេសនេស៊ី ហើយរំពឹងថា រហូតដំណាច់ឆ្នាំនេះ នឹងមានរហូតជាង១០ ០០០នាក់។ លោកថា ចំនួននេះ តិចតួចនៅឡើយទេ បើធៀបនឹងមុនការរីករាលដាលជំងឺកូវីដ១៩ មានរហូតដល់១៣០០០នាក់ ហើយសង្ឃឹមថា នៅពេលដែលសេដ្ឋកិច្ចកាន់តែប្រសើរ អ្នកទៅទស្សនានៅឥណ្ឌូនេស៊ី និងកើនឡើងដល់ប្រមាណ៣ម៉ឺននាក់។
លោក តុប សុភ័ក រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងទេសចរណ៍កម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា កាលពីឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរឥណ្ឌូនេស៊ី ចំនួន ៧៥ ៥៦៣នាក់ កើនឡើង ៧៩៩.៦%។ ចំណែករយៈពេល១០ខែ ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរឥណ្ឌូនេស៊ីមកកម្សាន្តនៅកម្ពុជាចំនួន ១០៤ ២២៤នាក់ កើនឡើង ៧៦.៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
លោកបន្ថែមថា ភ្ញៀវទេសចរឥណ្ឌូនេស៊ី គឺជាទីផ្សារមួយដ៏សំខាន់សម្រាប់កម្ពុជា ដោយបានចូលរួមចំណែកប្រមាណ៣%សម្រាប់ទីផ្សារទេសចរណ៍នៅកម្ពុជា។
លោកបន្តថា «បើយើងមើលនៅក្នុងទីផ្សារសំខាន់ៗទាំង១០ ដែលធ្វើដំណើរមកដល់កម្ពុជា ឥណ្ឌូនេស៊ីគឺស្ថិតនៅក្នុងលំដាប់ទី៧ គឺបន្ទាប់ពីភ្ញៀវកូរ៉េ។ ពោលទី១. គឺថៃ ទី២.វៀតណាម ទី៣.ចិន ទី៤ ទី៤.ឡាវ ទី៥. អាមេរិកាំង ទី៦.កូរ៉េ និងទី៧.គឺឥណ្ឌូនេស៊ី។ ភ្ញៀវទេសចរឥណ្ឌូនេស៊ីបានរួមចំណែកនៅក្នុងទីផ្សារប្រមាណជិត៣%ដែរ។»
លោកបានឱ្យដឹងបន្ថែមថា ភ្ញៀវទេសចរឥណ្ឌូនេស៊ីមកកម្សាន្តនៅកម្ពុជា ភាគច្រើនមកកម្សាន្ត នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ លោកលើកឡើងថា ប្រសិនបើមានការតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងផាដាង ពីឥណ្ឌូនេស៊ីមកកាន់មកកម្ពុជា មិនថាការភ្ជាប់ជើងហោះហើរមកព្រលានយន្តហោះភ្នំពេញអន្តរជាតិ ឬព្រលានយន្តហោះសៀមរាបអង្គរនោះទេ នោះនឹងជំរុញការទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើនបន្ថែមទៀត៕