(ភ្នំពេញ)៖ ដើម្បីដោះស្រាយការលិចលង់ ដោយជំនន់ទឹកភ្លៀង រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូន ធ្វើផែនការរួចរាល់ ដើម្បីបង្កើតជាគម្រោងធ្វើយ៉ាងណា ដោះស្រាយឲ្យបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀង ដោយគម្រោងនេះ បានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចហើយ ដោយត្រូវអនុវត្តនៅឆ្នាំ២០២៤។

នេះជាការបញ្ជាក់ជូន របស់លោក កើត ឆែ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំសាមញ្ញាលើកទី៥៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅព្រឹកថ្ងៃទី១៥ វិច្ឆិកានេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

លោកប្រធានក្រុមប្រឹក្សា បានថ្លែងថា ដោយកត្តាសុខសន្តិភាព ប្រជាជនគ្រប់ស្រទាប់បានប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅតាមវត្តអារាមប្រកបដោយអំណរសាទរ សុខសុវត្ថិភាព និងសូមគាំទ្រ អរគុណដល់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ដែលបានផ្ដល់ការដឹកជញ្ជូនរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់ដឹកជញ្ជូនកម្មករនិយោជិត និងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ពីរាជធានីភ្នំពេញទៅបណ្តាខេត្ត និងពីបណ្តា ខេត្ត មករាជធានីភ្នំពេញ ដោយមិនបង់ប្រាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នាពេល កន្លងមកនេះ ក្នុងរយៈពេល០៥ថ្ងៃ (ថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣) ដែលមានអ្នកជិះសរុប ៥៨,៤២០នាក់ ដែលជួយសម្រាលដល់ការចំណាយជីវភាពបានមួយកម្រិតដែរ។

ទន្ទឹមនេះ កម្មករក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ ចំពោះកម្មករ ជាក់ស្ដែងប្រាក់ឈ្នួល អប្បបរមាដំឡើងដល់ ២០៤ដុល្លារ សម្រាប់ឆ្នាំ២០២៤។ រាល់សកម្មភាពរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ទាំងនៅវេទិកាក្រៅប្រទេស ក៏ដូចជាក្នុងប្រទេស គឺខិតខំស្វែងរកអ្នកវិនិយោគទុនក្នុងគោលដៅ ស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោក កើត ឆែ ក៏បានលើកឡើងពីការងារចាំបាច់ និងធំៗមួយចំនួន របស់រដ្ឋបាលរាជធានី ដែលត្រូវអនុវត្តបន្ទាន់ៗ ក្នុងនោះ៖

* ទី១៖ សម្រាប់ខែ១១នេះ មានការងាររៀបចំពិធី បុណ្យអុំទូក អកអំបុក សំពះព្រះខែ ដែលនឹងអាចមានមនុស្សចូលរួមប្រមាណ ៣លាននាក់ ក្រោយពីការអាក់ខានច្រើនឆ្នាំ ដោយសារការរាតត្បាត ដោយជំងឺកូវិដ-១៩។

* ទី២៖ ការរៀបចំបុណ្យកឋិនទាន។

* ទី៣៖ ការងារអភិវឌ្ឍន៍ ចំពោះមុខនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី ក្រោមការយកចិត្តទុកដាក់ពីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវធ្វើផែនការឲ្យបានរួចរាល់ក្នុងរយៈពេល៣ខែ ដើម្បីបង្កើតជាគម្រោងធ្វើយ៉ាងណា ដោះស្រាយឲ្យបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀង ដោយគម្រោងនេះ បានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចហើយ ដែលមានទឹកប្រាក់ប្រមាណ ១០០លានដុល្លារ ដោយត្រូវអនុវត្តនៅឆ្នាំ២០២៤។ គម្រោងនេះ គឺក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងធានធានទឹក និងឧត្តុនិយម សហការគ្នាដើម្បីអនុវត្តគម្រោងនេះ ដែលក្នុងនោះ ក្រសួងធានធានទឹកនិងឧត្តុនិយម ត្រូវប្រើប្រាស់ថវិកាប្រមាណ៥០លានដុល្លារ ដើម្បីបង្វែផ្លូវទឹកកុំឲ្យចូលមករាជធានី។

* គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេ ចន្លោះស្ពានព្រះមុនីវង្ស និងស្ពានពីខាងព្រែកប្រា ទៅចំ ផ្សារទំនើបអ៉ីអន៣ ជាមួយនឹងការស្ថាបនាស្ពានកម្ពុជា-កូរ៉េផងដែរ។ គម្រោងទាំងនេះ គឺសុទ្ធតែមានផលប៉ះពាល់ ដែលអាជ្ញាធររាជធានីភ្នំពេញ ត្រូវដោះស្រាយជាមួយប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋរាជធានីភ្នំពេញ បានអបអរសាទរនូវសមិទ្ធផល ការដាក់ឱ្យប្រើប្រាស់ស្ពានបេតុងខ្សែ កាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រដែលធ្វើឱ្យចរាចរណ៍លើផ្លូវជាតិលេខ១ ពិសេសលើស្ពានព្រះមុនីវង្សមានការធូរស្រាលច្រើន មិនមានការកកស្ទះដូចពេលមុនទៀតទេ។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សានេះដែរ លោក ម៉ប់ សារិន ក៏បានថ្លែងកោតសរសើរ ចំពោះគណៈអភិបាលរាជធានីភ្នំពេញ ដែលបានខិតខំយកចិត្តទុកដាក់មិនខ្លាចនឿយហត់ ក្នុងការដឹកនាំអនុវត្តការងារសម្រេចបានល្អគ្រប់វិស័យប្រចាំខែតុលា ឆ្នាំ២០២៣កន្លងមកនេះ។ ពិសេសលោកវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋរាជធានីភ្នំពេញ ដែលបានខិតខំយ៉ាងសកម្មប្រកបដោយស្មារតី សាមគ្គីភាពល្អ ក្នុងការចូលរួមអភិវឌ្ឍរាជធានីភ្នំពេញ សម្រេចបានលទ្ធផលរីកចម្រើន លើគ្រប់វិស័យ រួមចំណែកអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា៕